YouVersion Logo
Search Icon

ចោទិយ‌កថា 19

19
ច្បាប់​ស្តី​អំពី​ក្រុង​ជម្រក
1«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​កាត់​សាសន៍​នានា ដែល​ព្រះ‌អង្គ​ប្រទាន​ស្រុក​របស់​គេ​មក​ឲ្យ​អ្នក ហើយ​អ្នក​បាន​បណ្តេញ​គេ​ចេញ រួច​រស់​នៅ​ក្នុង​ក្រុង និង​ក្នុង​ផ្ទះ​របស់​គេ 2នោះ​ត្រូវ​ញែក​ក្រុង​បី​សម្រាប់​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់។ 3ត្រូវ​រៀបចំ​ផ្លូវ ហើយ​បែង​ចែក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក ជា​បី​តំបន់ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ អាច​រត់​ទៅ​ជ្រក​កោន​នៅ​ទី​នោះ ។
4នេះ​ជា​មធ្យោបាយ​សម្រាប់​ជួយ​អ្នក​ដែល​សម្លាប់​គេ ហើយ​រត់​ទៅ​ជ្រក​កោណ​នៅ​ក្រុង​នោះ ដើម្បី​ឲ្យ​រួច​ជីវិត គឺ​អ្នក​ណា​ម្នាក់​ដែល​សម្លាប់​អ្នក​ជិត​ខាង​ខ្លួនដោយ​អចេតនា និង​គ្មាន​គំនិត​ស្អប់​គ្នា​ពី​មុន 5ឧបមា​ថា មាន​អ្នក​ណា​ម្នាក់​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ជា‌មួយ​អ្នក​ជិត​ខាង ហើយ​ក៏​លើក​ពូថៅ​កាប់​រំលំ​ដើម​ឈើ ស្រាប់​តែ​ផ្លែ​ពូថៅ​របូត​ចេញ​ពី​ដង ទៅ​ប៉ះ​អ្នក​ជិត​ខាង​បណ្ដាល​ឲ្យ​ស្លាប់។ ដូច្នេះ អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន​ក្នុង​ក្រុង​ណា​មួយ ដើម្បី​ឲ្យ​រួច​ជីវិត។ 6ប៉ុន្ដែ បើ​ផ្លូវ​ឆ្ងាយ​ពេក អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម កាល​កំពុង​ដែល​មាន​ចិត្ត​ខឹង​ក្តៅ អាច​នឹង​ដេញ​តាម​ទាន់​អ្នក​ដែល​សម្លាប់​គេ​នោះ រួច​ក៏​វាយ​អ្នក​នោះ​សម្លាប់​ទៅ តែ​អ្នក​នោះ​មិន​គួរ​នឹង​ស្លាប់​ទេ ព្រោះ​មិន​បាន​ស្អប់​គេ​ពីមុន។ 7ហេតុ​នោះ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ថា ត្រូវ​ញែក​ក្រុង​បីដោយ​ឡែក។
8ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ពង្រីកទឹក​ដី​របស់​អ្នក​ឲ្យ​ធំ​ឡើង ដូច​ព្រះ‌អង្គ​បាន​ស្បថ​ជា‌មួយ​បុព្វ‌បុរស​របស់​អ្នក ហើយ​ព្រះ‌អង្គ​ប្រទាន​ស្រុក​ទាំង​អស់​មក​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា‌មួយ​បុព្វ‌បុរស​របស់​អ្នក 9ហើយ​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គជា​ដរាប នោះ​អ្នក​ត្រូវ​បន្ថែម​ក្រុង​បី​ថែម​ទៀត លើក្រុង​បី​នោះ 10ដើម្បី​កុំ​ឲ្យ​ឈាម​របស់​មនុស្ស​ឥត​ទោស ខ្ចាយ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​មក​អ្នក​ទុក​ជា​មត៌ក ហើយ​កុំ​ឲ្យ​ទោស​នៃ​ការ​ខ្ចាយ​ឈាម​នោះ​ធ្លាក់​មក​លើ​អ្នក។
11ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទាក់​វាយ​ប្រហារ​អ្នក​នោះ​ឲ្យ​ស្លាប់ រួច​រត់​ទៅ​ជ្រកក្នុង​ទី​ក្រុង​ណា​មួយ​នោះក៏​ដោយ 12នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម ដើម្បី​ឲ្យជន​នោះ​ត្រូវ​ស្លាប់។ 13ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ដល់​អ្នក​នោះ​ឡើយ គឺ​ត្រូវ​បំបាត់​ការ​ខ្ចាយ​ឈាម​មនុស្ស​ឥត​ទោស ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ​ត​ទៅ»។
ច្បាប់​អំពី​ព្រំ​ខណ្ឌ​ដី
14«មិន​ត្រូវ​បង្ខិត​គោល​ចារឹក​របស់​អ្នក​ជិត​ខាង ដែល​មនុស្ស​ជំនាន់​ដើម​បាន​បោះ នៅ​ដី​ដែល​អ្នក​នឹង​គ្រង​ជា​មត៌ក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​នោះ​ឡើយ»។
ច្បាប់​ស្ដី​អំពី​ស្មរ​បន្ទាល់
15«មិន​ត្រូវ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​អំពើ​ទុច្ចរិត ឬ​បទឧក្រិដ្ឋ​ដែល​មនុស្ស​ណា​ម្នាក់​ប្រព្រឹត្ត​យ៉ាង​ណា​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​ពីរ ឬបី​នាក់​វិញ ទើប​ដំណើរ​នោះអាច​យក​ជា​ការ​បាន។ 16ប្រសិន‌បើ​មាន​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​ម្នាក់ ឈរ​ឡើង​ចោទ​ប្រកាន់​មនុស្ស​ណា​ម្នាក់​ពី​អំពើ​អាក្រក់ 17នោះ​ត្រូវ​ឲ្យភាគី​ទាំងពីរ​ដែល​ទាស់‌ទែង​គ្នា ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​សង្ឃ និង​ចៅ‌ក្រម​ដែល​មានតួនាទី​ក្នុង​គ្រា​នោះ 18ពួក​ចៅ‌ក្រម​ត្រូវ​ពិនិត្យ​សួរ​ដោយ​ហ្មត់‌ចត់ រួច​ប្រសិន‌បើ​ឃើញ​ថា អ្នក​នោះ​ជា​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​មែន ហើយ​បាន​ចោទ​មួលបង្កាច់​បង​ប្អូន​របស់​ខ្លួន 19នោះ​ត្រូវ​ប្រព្រឹត្ត​នឹង​អ្នក​នោះ ដូច​ជា​អ្នក​នោះ​បាន​គ្រោង​នឹង​ធ្វើ​ដល់​បង​ប្អូន​របស់​ខ្លួន។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា 20ហើយ​អ្នក​ឯ​ទៀត​នឹង​ឮ ហើយ​កោត‌ខ្លាច លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នាទៀត។ 21ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ឡើយ គឺ​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in