YouVersion Logo
Search Icon

ចោទិយ‌កថា 18

18
ឯក​សិទ្ធិ​របស់​ពួក​សង្ឃ និង​ពួក​លេវី
1«ពួក​លេវី​ដែល​ជា​សង្ឃ គឺ​កុល‌សម្ព័ន្ធ​លេវី​ទាំង​មូល មិន​ត្រូវ​មាន​ចំណែក ឬ​មត៌ក​ជា​មួយ​ពួក​អ៊ីស្រា‌អែល​ឡើយ។ ពួក‌គេ​អាច​បរិ‌ភោគ​អាហារ​ពី​យញ្ញ‌បូជា ដែល​ជា​ចំណែក​របស់​ព្រះ‌យេហូវ៉ា។ 2ពួក‌គេ​មិន​ត្រូវ​មាន​មត៌ក​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​មត៌ក​របស់​គេ ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ​ស្រាប់​ហើយ។
3នេះ​ជា​ចំណែក​ដែល​ប្រជា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា ត្រូវ​ជូនដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាមទាំង​ពីរ និង​ក្រពះ​ផង។ 4ត្រូវ​យក​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ​ជូរ ពី​ប្រេង និង​រោម​ចៀម​របស់​អ្នក ដែល​កាត់​មុន​ដំបូង ជូន​ដល់​លោក។ 5ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​លោក និង​កូន​ចៅ​របស់​លោក ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ្នក ឲ្យ​ឈរ​បំពេញ​មុខ​ងារ ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជារៀង​រហូត។
6ប្រសិន‌បើ​មាន​ពួក​លេវី​ណា​ម្នាក់ ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ជាកន្លែង​ដែល​គាត់​កំពុង​រស់​នៅ ហើយ​មាន​បំណង​ចង់​ទៅ​កន្លែង​មួយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស គាត់​អាច​ទៅ​បាន 7ហើយ​បំពេញ​មុខ​ងារ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គាត់ ដូច​ពួក​លេវីទាំង​ប៉ុន្មាន ជា​បង​ប្អូន​របស់​គាត់ ដែល​ឈរ​បំពេញ​មុខ​ងារ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ាដែរ។ 8គាត់​នឹង​មាន​ចំណែក​អាហារ​បរិ‌ភោគ​ស្មើ​គ្នា ក្រៅ​ពី​តម្លៃ​កេរ‌អាករ​របស់​ឪពុក​ដែល​គាត់​លក់​បាន»។
អំពើ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម
9«កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ នោះ​មិន​ត្រូវ​រៀន​ធ្វើ​ត្រាប់​តាម​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ទាំង​នោះ​ឡើយ។ 10ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​យក​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​ជា​តង្វាយ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ គ្រូ​គន់‌គូរ‌ក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់ 11គ្រូ​ស្នេហ៍ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោចឡើយ 12ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។ 13អ្នក​ត្រូវ​ឲ្យ​បាន​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នកជានិច្ច 14ដ្បិត​សាសន៍​ទាំង​នោះ ដែល​អ្នក​នឹង​បណ្ដេញ​គេ​ចេញ នោះ​សុទ្ធ​តែ​ជា​អ្នក​ស្តាប់​តាម​គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស និង​គ្រូ​ទស្សន៍​ទាយ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ដូច្នេះឡើយ»។
ហោរា​ថ្មី​ម្នាក់​ដូច​លោក​ម៉ូសេ
15«ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​លើក​ឲ្យ​មាន​ហោរាម្នាក់ កើត​ឡើង​សម្រាប់​អ្នក ដូច​ជា​ខ្ញុំ ពី​ចំណោម​បង​ប្អូនរបស់​អ្នក ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ចុះ 16ដូច​អ្នក​បាន​ទូល​សូម​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃជួប​ជុំ​គ្នា​នោះ​ថា "សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់"។ 17ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "សេចក្ដី​ដែល​គេ​និយាយ​នោះ​ត្រឹម​ត្រូវ​ហើយ 18យើង​នឹង​លើក​ឲ្យ​មាន​ហោរា​ម្នាក់ កើត​ឡើង​សម្រាប់​គេ ដូច​ជា​អ្នក​ដែរ ពីចំណោម​ពួក​បង​ប្អូន​របស់​គេ ហើយ​យើង​នឹង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​ហោរា​នោះ រួច​លោក​នឹង​ថ្លែង​ប្រាប់​គេ គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​ដល់​លោក។ 19អ្នក​ណា​មិន​ស្តាប់​ពាក្យ​របស់​យើង ដែល​ហោរានោះ នឹង​ថ្លែង​ប្រាប់​ក្នុង​នាម​យើង​ទេ នោះ​យើង​នឹង​ធ្វើ​ទោស​អ្នក​នោះ។ 20ប៉ុន្តែ ហោរា​ណា​ដែល​ហ៊ាន​ថ្លែង​ពាក្យអ្វី​មួយ​ក្នុង​នាម​យើង ជា​សេចក្ដី​ដែលយើង​មិន​បាន​បង្គាប់​ឲ្យ​ថ្លែង ឬ​គេ​ថ្លែង​ក្នុង​នាម​ព្រះ​ដទៃ ហោរា​នោះ​នឹង​ត្រូវ​ស្លាប់"។ 21ប្រសិន‌បើ​អ្នក​គិត​ក្នុង​ចិត្ត​ថា "ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ដឹង​ជា​ពាក្យ​ណា​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល?" 22គឺ​ពេល​ហោរា​ណា​ម្នាក់​ថ្លែងក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា បើ​ពាក្យ​នោះ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ឬ​មិនពិត​ដូច​ពាក្យ​ប្រកាស​ទេ ពាក្យ​នោះ​ហើយ​ជា​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល គឺ​ហោរា​នោះ​បាន​និយាយ​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន អ្នក​មិន​ត្រូវ​ខ្លាច​គេ​ឡើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in