YouVersion Logo
Search Icon

ដានី‌យ៉ែល 11

11
1«រី​ឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាល​ព្រះ​បាទ​ដារី‌យុស ជា​សាសន៍​មេឌី ខ្ញុំ​បាន​ឈរ​ជា‌មួយ​មីកែល ដើម្បី​ជួយ​គាំ​ទ្រ ហើយ​ចម្រើន​កម្លាំង​លោក។
2ឥឡូវ​នេះ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ពិត​ប្រាប់​លោក។ មើល៍ ស្តេច​បី​អង្គ​ទៀត​នឹង​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​ពើស៊ី។ ស្តេច​ទី​បួន​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​ទាំង​អស់ ហើយ​ពេល​ស្ដេច​នោះ​មាន​អំណាច​ខ្លាំង​ដោយ‌សារ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ងើប​ឡើង ទាស់​នឹង​អាណា‌ចក្រ​ក្រិក។ 3ពេល​នោះ នឹង​មាន​ស្តេច​ខ្លាំង​ពូកែ​មួយ​អង្គ​ឡើង​សោយ‌រាជ្យ ជា​ស្តេច​ដែល​នឹង​គ្រប់‌គ្រង​ដោយ​ឫទ្ធិ​អំណាច​ជា​ខ្លាំង ហើយ​ធ្វើ​តាម​តែ​អំពើ​ចិត្ត។ 4កាល​ស្តេច​នោះ​មាន​អំណាច​ថ្កុំ​ថ្កើង​ហើយ នោះ​នគរ​របស់​ស្ដេច​ក៏​ត្រូវ​បែក‌បាក់ ហើយ​បែង‌ចែក​ទៅ​ឲ្យ​ទិស​ទាំង​បួន​នៅ​ក្រោម​មេឃ តែ​មិន​មែន​ចែក​ឲ្យ​ពូជ‌ពង្ស​របស់​ស្តេច​ទេ ក៏​មិន​មាន​អំណាច​ដូច​ស្តេច​មុន​ដែល​ធ្លាប់​គ្រប់​គ្រង​ដែរ ដ្បិត​រាជ្យ​នោះ​នឹង​ត្រូវ​យក​ចេញ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ផ្សេង​វិញ។
5បន្ទាប់​មក ស្តេច​ខាង​ត្បូង​នឹង​មាន​កម្លាំង​ខ្លាំង តែ​មេ‌ទ័ព​ម្នាក់​របស់​ស្ដេច​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​ស្ដេច ហើយ​នឹង​ឡើង​គ្រប់​គ្រង​អា‌ណា‌ចក្រ​មួយ ដែល​ធំជាង​អា‌ណា‌ចក្រ​របស់​ស្ដេច។ 6លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គេ​នឹង​ចង​សម្ពន្ធ‌មិត្ត​ជា‌មួយ​គ្នា ហើយ​បុត្រី​របស់​ស្តេច​ខាង​ត្បូង នឹង​ទៅ​ជួប​ស្តេច​ខាង​ជើង ដើម្បី​អនុម័ត​កិច្ច​ព្រម​ព្រៀង។ ប៉ុន្ដែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​រាជ‌វង្ស​របស់​ស្ដេច​ខាង​ត្បូង​ក៏​មិន​ស្ថិត​ស្ថេរ​ដែរ។ នាង​នឹង​ត្រូវ​គេ​លើក​ចោល គឺ​ទាំង​នាង ទាំង​ពួក​អ្នក​ដែល​ហែ​ហម​នាង ទាំង​បិតា​ដែល​បង្កើត​នាង និង​អ្នក​ដែល​បាន​គាំ‌ទ្រ​នាង​ដែរ។
7នៅ​គ្រា​នោះ នឹង​មាន​លំពង់​មួយ​ពន្លក​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្តេច​នោះ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ពល​ទ័ព ហើយ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ត្បូង ក៏​ត​យុទ្ធ​នឹង​គេ ហើយ​មាន​ជ័យ​ជម្នះ។ 8ស្ដេច​នឹង​កៀរ​យក​អស់​ទាំង​ព្រះ និង​រូប​សិត​របស់​គេ ព្រម​ទាំង​ប្រដាប់​ធ្វើ​ពី​ប្រាក់ និង​មាស​ដ៏​មាន​តម្លៃ នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​ស្ដេច​ខាន​ទៅ​ច្បាំង​នឹង​ស្តេច​ខាង​ជើង​ជា​យូរ​ឆ្នាំ។ 9បន្ទាប់​មក ស្តេច​ខាង​ជើង​នឹង​ទន្ទ្រាន​ចូល​អា‌ណា‌ចក្រ​របស់​ស្តេច​ខាង​ត្បូង តែ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។
10ពួក​កូន​របស់​ស្តេច​នោះ​នឹង​នាំ​គ្នា​ធ្វើ​សង្គ្រាម ដោយ​ប្រមូល​កម្លាំង​ទ័ព​យ៉ាង​ច្រើន​ឥត​ឧបមា។ កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​ដូច​ទឹក​ជំនន់ ហើយ​ក៏​ចេះ​តែ​ច្បាំង​តាម​ផ្លូវ រហូត​ដល់​បន្ទាយ​របស់​សត្រូវ។ 11គ្រា​នោះ ស្តេច​ខាង​ត្បូង​មាន​ចិត្ត​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា‌មួយ​ស្តេច​ខាង​ជើង ដែល​ស្ដេច​ខាង​ជើង​ក៏​នឹង​លើក​ទ័ព​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ តែ​ទ័ព​នោះ​នឹង​ត្រូវ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​ខាង​ត្បូង។ 12កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ ស្ដេច​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ឡើង ហើយ​សម្លាប់​ពួក‌គេ​រាប់​ម៉ឺន​រាប់​សែន តែ​ស្ដេច​ឈ្នះ​មិន​បាន​យូរ​ឡើយ 13ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​យ៉ាង​ច្រើន​សន្ធឹក លើស​ជាង​មុន​ទៅ​ទៀត ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​នឹង​លើក​ទ័ព​យ៉ាង​ធំ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​យ៉ាង​ច្រើន​មក​ជា‌មួយ។
14នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ងើប​ឡើង ទាស់​ប្រឆាំង​នឹង​ស្តេច​ខាង​ត្បូង ក៏​នឹង​មាន​មនុស្ស​ឃោរ​ឃៅ​ខ្លះ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​លើក​ខ្លួន​ឡើង​ដែរ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​និមិត្ត​នោះ តែ​គេ​នឹង​ត្រូវ​ដួល​ចុះ។ 15ពេល​នោះ ស្តេច​ខាង​ជើង​នឹង​ចូល​មក លើក​ដី​ព័ទ្ធ​ជុំ​វិញ ហើយ​ចាប់​យក​ទី​ក្រុង​ដែល​មាន​កំផែង​យ៉ាង​រឹង​មាំ ឯ​កង​ទ័ព​របស់ស្ដេច​ខាង​ត្បូង​មិន​អាច​ទប់​ទល់​បាន​ទេ សូម្បី​តែ​ទ័ព​ពិសេស​របស់​ស្តេច ក៏​មិន​អាច​ទប់​បាន​ដែរ ដ្បិតនឹង​គ្មាន​កម្លាំង​ទប់‌ទល់​ឡើយ។ 16គឺ​ស្តេច​ដែល​វាយ​លុក​ចូល​មក​ច្បាំង នឹង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត គ្មាន​អ្នក​ណា​ឈរ​តទល់​បាន​ទាល់​តែ​សោះ ហើយ​ស្ដេច​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្ដាប់​ដៃ។ 17ស្ដេច​មាន​បំណង​ចូល​មក ដោយ​ឫទ្ធិ​អំណាច​នៃ​អា‌ណា‌ចក្រ​ទាំង​មូល​របស់​ខ្លួន ហើយ​ចង​សម្ព័ន្ធ​ភាព ជា‌មួយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​នឹង​លើក​បុត្រី​របស់​ខ្លួន​ឲ្យធ្វើ​ជា​មហេសី ក្នុង​គោល​បំណង​បំផ្លាញ​អា‌ណា‌ចក្រ​នោះ តែ​ពុំ​បាន​សម្រេច​តាម​បំណង​ឡើយ។ 18ពេល​នោះ ស្ដេច​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​រក​កោះ​នានា ហើយ​ចាប់​យក​បាន​ជា​ច្រើន តែ​នឹង​មាន​មេ​ទ័ព​ម្នាក់​មក​បញ្ចប់​សេចក្ដី​ព្រហើន​របស់​ស្ដេច អើ លោក​នឹង​ធ្វើ​ឲ្យ​ស្ដេច​អាម៉ាស់ ដោយ​សារ​សេចក្ដី​ព្រហើន​របស់​ខ្លួន។ 19បន្ទាប់​មក ស្ដេច​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​នឹង​ជំពប់​ដួល គ្មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។
20បន្ទាប់​មក នឹង​មាន​ស្តេច​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​ជំនួស ទ្រង់​នឹង​ចាត់​អ្នក​ជំរិត​ទារ​ពន្ធ​ម្នាក់ ដើម្បី​ទ្រទ្រង់​ភាព​ថ្កុំ​ថ្កើង​ក្នុង​អា‌ណា‌ចក្រ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស មិន​មែន​ដោយ​កំហឹង ឬ​ដោយ​សង្គ្រាម​ទេ។ 21រួច​មាន​ម្នាក់​ដែល​គួរឲ្យ​ស្អប់ ឡើង​សោយ​រាជ្យ​ជំនួស​ស្ដេច ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ឲ្យ​ឡើយ។ ស្ដេច​ថ្មី​នេះ​នឹង​ចូល​មក​ក្នុង​គ្រា​សុខ‌សាន្ត ហើយ​ដណ្ដើម​យក​រាជ្យ​ដោយ​ប្រើ​កល‌ល្បិច។ 22កង​ទ័ព​ដ៏​ខ្លាំង​ពូ​កែ​នឹង​ត្រូវ​ចុះ​ចាញ់ ហើយ​បាក់​បែក​អស់​រលីង​នៅ​ចំពោះ​ស្ដេច​នោះ សូម្បី​សម្ដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង។ 23ក្រោយ​ពី​គេ​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា‌មួយ​ហើយ ស្ដេច​នោះ​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង ដោយ​សារ​មនុស្ស​មួយ​ចំនួន​តូច។ 24ក្នុង​គ្រា​សុខ‌សាន្ត ស្ដេច​នោះ​នឹង​ជ្រៀត​ចូល​តំបន់​នានា​ដែល​ល្អ​បំផុត​ក្នុង​អាណា​ខេត្ត ហើយ​ទ្រង់​នឹង​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​មិន​ដែល​បាន​ប្រព្រឹត្ត គឺ​ទ្រង់​នឹង​រឹប​អូស​យក​របស់​របរ​ដែល​ប្លន់​បាន និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ មក​ចែក​ឲ្យ​បក្ស​ពួក​ខ្លួន។ ស្ដេច​នឹង​ប្រើ​ល្បិច​កិច្ច‌កល​ដើម្បី​ទាស់​នឹង​ទី​មាំ‌មួន តែ​បាន​មួយ​រយៈ​ប៉ុណ្ណោះ។ 25ស្ដេច​នឹង​ដាស់​កម្លាំង និង​សេចក្ដី​អង់‌អាច​របស់​ខ្លួន​ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​លើក​ទ័ព​យ៉ាង​ច្រើន ហើយ​ស្តេច​ខាង​ត្បូង​នឹង​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ហើយ​ខ្លាំង​ពូកែ​មក​តទល់ តែ​មិន​អាច​ទប់‌ទល់​បាន​ឡើយ ដ្បិត​ទ្រង់​ចាញ់​ល្បិច​កិច្ច‌កល​របស់​ស្ដេច​ខាង​ជើង។ 26អស់​អ្នក​ដែល​បរិភោគ​អាហារ​របស់​ស្ដេច​នឹង​បំផ្លាញ​ស្ដេច កង‌ទ័ព​របស់​ស្ដេច​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​ទាហាន​ជា​ច្រើន​នឹង​ត្រូវ​ដួល​ស្លាប់។ 27ស្តេច​ទាំង​ពីរ​អង្គ​នេះ គេ​មាន​ចិត្ត​ទោរ​ទៅ​រក​តែ​អំពើ​អាក្រក់ គេ​កុហក​គ្នា​ក្នុង​ពេល​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​គ្នា តែ​មិន​បាន​ផល​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​ចុង​បញ្ចប់​ដែល​បាន​កំណត់​ទុក។ 28បន្ទាប់​មក ស្ដេច​ខាង​ជើង​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ទាំង​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា‌មួយ តែ​ស្ដេច​កើត​មាន​ចិត្ត​ទាស់​ប្រឆាំង​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ក៏​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត រួច​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
29លុះ​ដល់​ពេល​កំណត់ ស្ដេច​នឹង​ត្រឡប់​ចូល​មក​អា‌ណា‌ចក្រ​ខាង​ត្បូង​ទៀត តែ​លើក​នេះមិន​ដូច​ពី​មុន​ទេ 30ដ្បិត​នឹង​មាន​នាវា​ពី​ស្រុក​គីទីម​មក​ទាស់​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​ធ្លាក់​ចិត្ត ហើយ​ដក​ថយ ស្ដេច​នឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង រួច​សម្ដែង​កំហឹង​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ ស្ដេច​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​ជា‌មួយ​អស់​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ 31ពួក​ទាហាន​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​ទៅ នឹង​នាំ​គ្នា​បង្អាប់​ទី​បរិសុទ្ធ​ដែល​មាន​កំផែង​ការពារ បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយដុត​ប្រចាំ​ថ្ងៃ ហើយ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​ចង្រៃ​មក​តាំង​ជំនួស​វិញ។ 32អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​សេចក្ដី​សញ្ញា ស្ដេចនោះ​នឹង​បញ្ចើច​បញ្ចើ​គេ តែ​ប្រជា‌ជន​ដែល​ស្គាល់​ព្រះ​របស់​ខ្លួន នឹង​ឈរ​យ៉ាង​មាំ ហើយ​តស៊ូ​នឹង​ស្ដេច។ 33ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជា‌ជន នឹង​អប់‌រំ​មនុស្ស​ជា​ច្រើន ប៉ុន្តែ គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ និង​ភ្លើង ត្រូវគេ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ អស់​មួយ​រយៈ។ 34ក្នុង​ពេល​គេ​ជំពប់​ដួល គេ​នឹង​ទទួល​ជំនួយ​បន្តិច​បន្តួច ក៏​នឹង​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​ជា‌មួយ​ពួក​គេ តែ​មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ។ 35ក្នុង​ចំណោម​អ្នក​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល ដើម្បី​ឲ្យ​គេ​បាន​បន្សុទ្ធ ឲ្យ​បាន​ស្អាត​បរិសុទ្ធ ហើយ​ឲ្យ​បាន​ស‌ស្គុស រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ ត្រូវ​តែ​មក​ដល់​តាម​ពេល​កំណត់។
36ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។ 37ស្ដេច​នោះ​នឹង​មិន​យោគ​យល់​ដល់​ពួក​ព្រះ​នៃ​អយ្យកោ​របស់​ខ្លួន​ឡើយ ក៏​មិន​យោគ​យល់​ដល់ព្រះ​ដែល​ពួក​ស្ដ្រី​ស្រឡាញ់​ដែរ។ ស្ដេច​មិន​យោគ​យល់​ដល់​ព្រះ​ណា​ឡើយ ដ្បិត​ទ្រង់​នឹង​តម្កើង​ខ្លួន​ឯង​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។ 38ក៏​ប៉ុន្ដែ ស្ដេច​នោះ​នឹង​គោរព​ព្រះដែល​ការ​ពារ​បន្ទាយ ជា​ព្រះ​មួយ​ដែល​អយ្យកោ​របស់​ស្ដេច​មិន​បាន​ស្គាល់ ហើយ​ស្ដេច​យក​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទៅ​ថ្វាយ។ 39ស្ដេច​នឹង​វាយ​ទី​តាំង​ដ៏​រឹង​មាំ‌របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​ព្រះ​បរទេស ឯ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ខ្លួន ស្ដេច​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ ហើយ​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ដី​ឲ្យ​ជា​រង្វាន់​ទៀត​ផង»។
គ្រា​ចុង​ក្រោយ
40នៅ​គ្រា​ចុង​ក្រោយ ស្តេច​ខាង​ត្បូង​នឹង​ប្រ​យុទ្ធ​នឹង​ស្ដេច​ខាង​ជើង តែ​ស្តេច​ខាង​ជើង​នឹង​វាយ​សម្រុក​មក​លើ​ស្ដេច​ខាង​ត្បូង​ដូច​ខ្យល់​កួច មាន​ទាំង​រទេះ​ចម្បាំង ពល​សេះ និង​នាវា​ជា​ច្រើន។ ស្ដេច​នោះ​នឹង​វាយ​លុក​ចូល​ទៅ​ក្នុង​ស្រុក​នានា ហើយ​វាយ​ឆ្លង​កាត់​ដូច​ទឹក​ជន់។ 41ស្ដេច​នោះ​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ហើយ​សាសន៍​ជា​ច្រើន​នឹង​ត្រូវ​ដួល​ចុះ តែ​សាសន៍​ទាំង​នេះ​នឹង​បាន​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច គឺ​សាសន៍​អេដុម ម៉ូអាប់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​សំខាន់​ៗ​ក្នុង​កូន​ចៅ​អាំម៉ូន។ 42ស្ដេច​នោះ​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​នានា ហើយ​ស្រុក​អេស៊ីព្ទ​ក៏​នឹង​គេច​មិន​ផុត​ដែរ។ 43ស្ដេច​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធី‌យ៉ូ​ពី នឹង​ចំណុះ​ស្ដេច​នោះ។ 44ប៉ុន្ដែ ដំណឹង​ដែល​ចេញ​ពី​ស្រុក​ខាង​កើត និង​ពីស្រុក​ខាង​ជើង នឹង​នាំ​ឲ្យ​ស្ដេច​ព្រួយ​បារម្ភ ដូច្នេះ ស្ដេច​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​កម្ទេច ហើយ​បំផ្លាញ​មនុស្ស​ជា​ច្រើន​បង់។ 45ស្ដេច​នឹង​ដំឡើង​ពន្លា​ជា​‌រាជ​ដំណាក់​នៅ​កណ្ដាល​សមុទ្រ ហើយ​នៅ​ជិត​ភ្នំ​បរិសុទ្ធ​ដ៏​រុង​រឿង ប៉ុន្តែ ជីវិត​ស្ដេច​នោះ​ចូល​ដល់​ចុង​បញ្ចប់ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in