YouVersion Logo
Search Icon

កិច្ចការ 28

28
លោក​ប៉ុល​នៅ​លើកោះ​មេលីត
1កាល​បាន​រួច​ជីវិត​ហើយ នោះ​ទើប​យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ​កោះ​មេលីត។ 2អ្នក​ស្រុក​នោះបាន​ទទួល​យើងដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា ដ្បិត​គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ព្រោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។ 3លោក​ប៉ុលបាន​ប្រមូល​រំកាច់មែក​ឈើ​មួយ​កង យក​មក​ដាក់​លើ​ភ្លើង ហើយ​ដោយ​ត្រូវ​នឹង​កម្ដៅ​ភ្លើង ពស់​វែក​មួយ​បាន​ចេញ​មក​ចឹកដៃ​លោក​ជាប់។ 4កាល​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពីដៃ​លោកដូច្នេះ គេ​ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បើ​បាន​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​ព្រះ‌យុត្តិធម៌ មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ»។ 5ក៏ប៉ុន្ដែ លោក​ប៉ុល​រលាស់​ពស់​នោះទម្លាក់​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ​ចាប់​អ្វី​ឡើយ។ 6គេ​រង់​ចាំ​មើល​លោក​ប៉ុល​ហើម ឬ​ក៏​ត្រូវ​ដួល​ស្លាប់ តែ​កាល​គេ​បាន​រង់​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​មិន​ឃើញ​មាន​ហេតុ​អាក្រក់​កើត​ឡើង​ដល់​លោកសោះ គេ​ក៏​ដូរ​គំនិត ហើយគិត​ថាលោក​ជា​ព្រះ​វិញ។
7នៅ​ជិត​កន្លែង​នោះ មាន​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​មេ​កោះ ឈ្មោះ​ពូ‌ញ្លស គាត់​ទទួល​យើងឲ្យ​ស្នាក់​នៅ​យ៉ាង​រាក់​ទាក់អស់​រយៈ​ពេល​បី​ថ្ងៃ។ 8គាប់​ជួនជា​ឪពុក​របស់​ពូ‌ញ្លស​ដេក​គ្រុន ហើយ​មួល​ផង នោះ​លោក​ប៉ុល​ក៏​ចូល​ទៅ​ផ្ទះ​គាត់ ហើយ​អធិស្ឋានដាក់​ដៃ​លើ ដើម្បីឲ្យ​គាត់​បាន​ជា។ 9បន្ទាប់​ពី​ហេតុ‌ការណ៍​នេះ​បាន​កើត​ឡើង ប្រជា​ជនឯ​ទៀត​នៅ​លើកោះ​នោះដែល​មាន​ជំងឺ ក៏​បាន​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង‌អស់​គ្នា។ 10គេ​គោរព​រាប់​អាន​យើង​យ៉ាង​ខ្លាំង ហើយ​ពេល​យើងបម្រុង​នឹង​ចេញ​ដំណើរ គេ​បាន​ជួយ​ឧបត្ថម្ភ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ។
លោក​ប៉ុល​មក​ដល់​ក្រុង​រ៉ូម
11បី​ខែ​ក្រោយ​មក យើង​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​មាន​រូប​ចម្លាក់​ព្រះ​កូន​ភ្លោះ ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា។ 12កាល​បាន​ចូល​ចត​នៅ​ក្រុង​ស៊ីរ៉ា‌គូស យើងស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ 13បន្ទាប់​មក យើង​ចេញ​ពី​ទី​នោះ វាង​ទៅ​ដល់​ក្រុង​រេ‌គាម។ មួយ​ថ្ងៃ​ក្រោយ​មក មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ថ្ងៃ​ទី​ពីរ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។ 14នៅ​ទី​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន ហើយ​គេ​អញ្ជើញ​យើងឲ្យ​ស្នាក់​នៅ​ជា‌មួយ​គេ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើង​បាន​មក​ដល់​ក្រុង​រ៉ូម គឺ​ដូច្នេះ​ឯង។ 15ពួក​បង‌ប្អូន​ដែល​នៅ​ទីនោះ កាល​គេ​បាន​ឮ​ដំណឹង​អំពី​យើង គេ​ក៏​ចេញ​មក​ជួប​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី។ កាល​លោក​ប៉ុល​ឃើញ​គេ លោក​ក៏​អរ​ព្រះ‌គុណ​ព្រះ ហើយ​មាន​ចិត្ត​ក្លា​ហាន​ឡើង​វិញ។
16ពេល​យើង​មក​ដល់​ក្រុង​រ៉ូម គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ុល​ស្នាក់​នៅ​ម្នាក់​ឯង ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​លោក។
លោក​ប៉ុល និង​អ្នក​ដឹក​នាំ​សាសន៍​យូដា​នៅ​ក្រុង​រ៉ូម
17បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ុល​អញ្ជើញ​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា មក​ជួប​ជុំ​គ្នា។ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​របស់​យើង ឬ​ទាស់​នឹង​ទំនៀម​ទម្លាប់​របស់​បុព្វ‌បុរស​យើង​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​សាសន៍​រ៉ូម។ 18ពេល​គេ​បាន​សួរ​ចម្លើយ​ខ្ញុំ​រួច​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​សម​នឹង​ស្លាប់​ទេ។ 19ប៉ុន្តែ ដោយ​ព្រោះសាសន៍​យូដា​ប្រកែក​មិន​ព្រម ខ្ញុំ​ក៏​សូម​រើ​ក្តី​ឡើង​មក​សេ‌សារ មិន​មែន​ដោយ​ខ្ញុំ​មានបំណង​នឹង​ចោទ​ប្រកាន់​សាសន៍​របស់​ខ្ញុំ​ទេ។ 20ហេតុ​នេះហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​បង‌ប្អូន​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​និយាយ​ជាមួយ​បង‌ប្អូន ដ្បិត​ខ្ញុំ​ជាប់​ច្រវាក់នេះ គឺ​ដោយ​សារ​តែ​សេចក្តី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រា‌អែល»។ 21អ្នក​ទាំង​នោះ​តប​ថា៖ «យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ស្ដី​អំពី​រឿង​លោក​ឡើយ ក៏​គ្មាន​បង‌ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​អ្វី​អាក្រក់​ពី​លោក​ដែរ។ 22ប៉ុន្ដែ យើង​ចង់​ស្ដាប់​គំនិត​របស់​លោក ដ្បិត​យើង​ដឹង​ថា មាន​គេ​និយាយ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។
លោក​ប៉ុល​ប្រកាស​ដំណឹង‌ល្អ​នៅ​ក្រុង​រ៉ូម
23កាល​គេ​បាន​ណាត់​ថ្ងៃ​មួយ​ដើម្បី​ជួបជាមួយ​លោក​រួចហើយ គេ​ក៏នាំ​គ្នា​ច្រើន​ជាង​មុន ចូល​មក​ជួប​នៅ​ផ្ទះ​របស់​លោក។ លោក​វែក​ញែក​ពន្យល់​ប្រាប់​គេ តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ទាំង​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​ព្យាយាម​ពន្យល់​គេ​អំពី​ព្រះ‌យេស៊ូវ​ឲ្យ​គេ​បាន​ជឿ ចេញ​ពីគម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ហោរា។ 24អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែលលោកមាន​ប្រសាសន៍ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។ 25ដូច្នេះ គេ​ក៏​ចាក​ចេញ​ទៅ​ទាំង​ទាស់​ទែង​គ្នា ក្រោយ​ពី​លោក​ប៉ុល​មាន​ប្រាសន៍​មួយ​ឃ្លា​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ​បុរស​របស់​យើង តាម​រយៈ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា 26"ចូរ​ទៅ​រក​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​អ្នក​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​អ្នក​រាល់​គ្នា​ឃើញ នោះ​ឃើញ​មែន តែ​មិន​យល់​សោះ។ 27ដ្បិត​ចិត្ត​របស់​ប្រ‌ជាជន​នេះ​រឹង​ណាស់ គេ​បាន​ឮដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក យល់​បាននៅ​ក្នុង​ចិត្ត រួច​វិល​មកវិញ ហើយ​យើង​ប្រោស​ឲ្យ​គេ​ជា" ។ 28ដូច្នេះ សូម​បង‌ប្អូន​ដឹង​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ព្រោះ​គេ​នឹង​ស្តាប់»។ 29[ពេល​លោក​ប៉ុល​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ​រួច​ហើយ ពួក​សាសន៍​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​ជា​ខ្លាំង]។
30លោក​ប៉ុល​រស់​នៅ​ក្នុង​ផ្ទះ​ដែល​លោក​ជួល​ពេញ​ពីរ​ឆ្នាំ ហើយ​លោក​បាន​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក 31ទាំង​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះ និង​បង្រៀន​អំពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​ដោយ​ក្លាហាន ហើយ​គ្មាន​អ្វី​រាំងរា​ឡើយ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in