កិច្ចការ 10
10
លោកពេត្រុស និងលោកកូនេលាស
1នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជាមេទ័ពកងវរសេនាតូច ដែលហៅថា កងទ័ពអ៊ីតាលី 2លោកជាអ្នកគោរពកោតខ្លាចព្រះ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងមូល។ លោកបានធ្វើទានដោយសទ្ធាដល់ប្រជាជន ហើយអធិស្ឋានដល់ព្រះជានិច្ច។ 3ថ្ងៃមួយ ពេលរសៀលប្រហែលជាម៉ោងបី លោកបានឃើញនិមិត្តមួយយ៉ាងច្បាស់ គឺបានឃើញទេវតារបស់ព្រះចូលមក ហើយពោលមកកាន់លោកថា៖ «កូនេលាសអើយ!» 4លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា៖ «ការអធិស្ឋាន និងការធ្វើទានរបស់លោក បានឡើងទុកជាការរំឭកនៅចំពោះព្រះហើយ។ 5ដូច្នេះ ចូរអ្នកចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយនាំមនុស្សម្នាក់ឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុសមក 6គាត់ស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន ក្បែរមាត់សមុទ្រ»។ 7កាលទេវតាដែលនិយាយមកកាន់លោកបានចេញទៅផុត លោកក៏ហៅបាវបម្រើរបស់លោកពីរនាក់ និងទាហានម្នាក់ ដែលគោរពកោតខ្លាចព្រះ ពីក្នុងចំណោមអស់អ្នកដែលនៅក្រោមបញ្ជាលោកឲ្យចូលមក 8ហើយក្រោយពីបានរៀបរាប់ហេតុការណ៍ប្រាប់ពួកគេរួចហើយ លោកក៏ចាត់គេឲ្យទៅក្រុងយ៉ុបប៉េ។
9នៅថ្ងៃបន្ទាប់ កាលអ្នកទាំងនោះធ្វើដំណើរទៅជិតដល់ទីក្រុងនោះ លោកពេត្រុសឡើងទៅអធិស្ឋាននៅលើដំបូលផ្ទះ ប្រហែលជាពេលថ្ងៃត្រង់។ 10លោកក៏ឃ្លាន ហើយចង់បានអ្វីមួយមកបរិភោគ តែកាលគេកំពុងរៀបចំជូន លោកក៏លង់ស្មារតី។ 11លោកឃើញផ្ទៃមេឃបើកចំហ ហើយមានអ្វីម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមកដល់ដី។ 12នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ 13មានព្រះសូរសៀងមួយបន្លឺមកកាន់លោកថា៖ «ពេត្រុសអើយ ក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!»។ 14ប៉ុន្ដែ លោកពេត្រុសទូលថា៖ «ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត ឬមិនបរិសុទ្ធនោះឡើយ»។ 15ព្រះសូរសៀងនោះបន្លឺមកកាន់លោកម្តងទៀតថា៖ «អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!»។ 16ហេតុការណ៍នេះបានកើតឡើងបីដង រួចវត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។
17កាលលោកពេត្រុសកំពុងនឹកឆ្ងល់ក្នុងចិត្ត ពីនិមិត្តដែលលោកបានឃើញនោះមានន័យដូចម្ដេច ស្រាប់តែមានបុរសបីនាក់ ដែលលោកកូនេលាសចាត់ឲ្យមក ឈរនៅមាត់ទ្វារ ហើយបានសួររកផ្ទះរបស់ស៊ីម៉ូន។ 18គេស្រែកសួរ ក្រែងមានឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុស កំពុងនៅស្នាក់នៅផ្ទះនោះ។ 19កាលលោកពេត្រុសកំពុងរិះគិតអំពីនិមិត្តនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកថា៖ «មានបុរសបីនាក់កំពុងស្វែងរកអ្នក។ 20ចូរក្រោកឡើង ហើយទៅជាមួយគេចុះ កុំរារែកឡើយ ដ្បិតយើងបានចាត់ឲ្យគេមក»។ 21លោកពេត្រុសក៏ចុះទៅជួបបុរសទាំងនោះ ហើយមានប្រសាសន៍ថា៖ «ខ្ញុំនេះហើយ ដែលអ្នករាល់គ្នាកំពុងរក។ តើអ្នកមកមានការអ្វី?» 22គេឆ្លើយថា៖ «លោកមេទ័ពកូនេលាស ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះ ហើយសាសន៍យូដាកោតសរសើរលោកគ្រប់ៗគ្នា បានទទួលបង្គាប់ពីទេវតាបរិសុទ្ធមួយ ឲ្យចាត់គេមកអញ្ជើញលោកគ្រូទៅផ្ទះលោក ដើម្បីស្តាប់សេចក្ដីដែលលោកមានប្រសាសន៍»។ 23ដូច្នេះ លោកពេត្រុសក៏អញ្ជើញអ្នកទាំងនោះចូលទៅសម្រាកក្នុងផ្ទះសិន។
ស្អែកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ហើយមានពួកបងប្អូនខ្លះមកពីក្រុងយ៉ុបប៉េ ក៏រួមដំណើរជាមួយលោកដែរ។ 24នៅថ្ងៃបន្ទាប់ គេបានចូលមកដល់ក្រុងសេសារា ឯលោកកូនេលាសកំពុងទន្ទឹងមើលផ្លូវពួកគេ ហើយបានហៅញាតិសន្តាន និងមិត្តជិតស្និទ្ធរបស់លោកមកជួបជុំគ្នាជាស្រេច។
25ពេលលោកពេត្រុសចូលទៅ លោកកូនេលាសក៏ចេញមកទទួល ហើយក្រាបចុះនៅទៀបជើងរបស់លោក។ 26ប៉ុន្ដែ លោកពេត្រុសលើកលោកឡើង ទាំងពោលថា៖ «សូមក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរ»។ 27លោកក៏ដើរចូលទៅទាំងជជែកគ្នាបណ្តើរ ហើយឃើញមានមនុស្សជាច្រើនជួបជុំគ្នាជាស្រេច។ 28លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបហើយថា សាសន៍យូដាគ្មានច្បាប់នឹងសេពគប់ជាមួយសាសន៍ដទៃ ឬចូលទៅជិតគេឡើយ តែព្រះបានបង្ហាញឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ។ 29ហេតុនេះហើយ បានជាពេលលោកចាត់គេទៅហៅខ្ញុំ ខ្ញុំក៏មកភ្លាម ឥតជំទាស់អ្វីឡើយ។ ដូច្នេះ ខ្ញុំសុំសួរថា តើហៅខ្ញុំមកមានការអ្វី?»
30លោកកូនេលាសឆ្លើយថា៖ «បួនថ្ងៃមុន ពេលថ្មើនេះ កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងផ្ទះរបស់ខ្ញុំ នៅវេលាម៉ោងបីរសៀល ឃើញមានបុរសម្នាក់ឈរនៅមុខខ្ញុំ ទាំងមានសម្លៀកបំពាក់ភ្លឺចិញ្ចាច 31ហើយពោលថា៖ "កូនេលាសអើយ ព្រះទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់លោកហើយ ឯការធ្វើទានរបស់លោក ក៏បានជាសេចក្ដីរំឭកនៅចំពោះព្រះដែរ។ 32ឥឡូវនេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថាពេត្រុសមក គាត់កំពុងស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ"។ 33ដូច្នេះ ខ្ញុំក៏បានចាត់គេឲ្យទៅរកលោកភ្លាម ហើយលោកក៏អញ្ជើញមកយ៉ាងប្រពៃ។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នានៅទីនេះនៅចំពោះព្រះ រង់ចាំស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។
ពួកសាសន៍ដទៃបានឮដំណឹងល្អ
34ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ 35គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។ 36ព្រះបន្ទូល ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជនអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្ត តាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គជាព្រះអម្ចាស់លើទាំងអស់) 37អ្នករាល់គ្នាជ្រាបពីអ្វីដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ដោយចាប់ផ្ដើមពីស្រុកកាលីឡេ ក្រោយពីពិធីជ្រមុជទឹកដែលលោកយ៉ូហានបានប្រកាស 38ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។ 39យើងជាបន្ទាល់អំពីការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ទាំងនៅស្រុករបស់ពួកសាសន៍យូដា និងនៅក្រុងយេរូសាឡិម។ ពួកគេបានធ្វើគុតព្រះអង្គ ដោយព្យួរព្រះអង្គនៅលើឈើ 40តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយប្រោសប្រទានឲ្យព្រះអង្គបង្ហាញខ្លួន 41មិនមែនដល់មនុស្សទាំងអស់ទេ តែឲ្យយើងរាល់គ្នាដែលព្រះបានជ្រើសរើសធ្វើជាបន្ទាល់បានឃើញ គឺជាអ្នកដែលបានបរិភាគ និងបានផឹកជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ 42ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់ប្រជាជន ហើយឲ្យធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ដែលព្រះបានចាក់ប្រេងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់។ 43ពួកហោរាសុទ្ធតែបានធ្វើបន្ទាល់ពីព្រះអង្គថា អស់អ្នកដែលជឿដល់ព្រះអង្គ នឹងបានទទួលការអត់ទោសឲ្យរួចពីបាប តាមរយៈព្រះនាមរបស់ព្រះអង្គ»។
ពួកសាសន៍ដទៃទទួលព្រះវិញ្ញាណបរិសុទ្ធ
44កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើអស់អ្នកដែលកំពុងស្តាប់ព្រះបន្ទូល។ 45អ្នកជឿពីចំណោមពួកអ្នកកាត់ស្បែក ដែលមកជាមួយលោកពេត្រុស មានសេចក្ដីអស្ចារ្យជាខ្លាំង ដោយឃើញព្រះចាក់បង្ហូរអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមកលើពួកសាសន៍ដទៃដែរ 46ដ្បិតគេបានឮអ្នកទាំងនោះនិយាយភាសាដទៃ ហើយលើកតម្កើងព្រះ។ ពេលនោះ លោកពេត្រុសប្រកាសថា៖ 47«តើអ្នកណាអាចឃាត់មិនឲ្យមនុស្សទាំងនេះទទួលពិធីជ្រមុជទឹកបាន? គេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ»។ 48ដូច្នេះ លោកក៏បង្គាប់ឲ្យគេទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក គេសុំឲ្យលោកស្នាក់នៅជាមួយគេជាច្រើនថ្ងៃ។
Currently Selected:
កិច្ចការ 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies