២ ធីម៉ូថេ 2
2
ទាហានដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ
1ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើងដោយសារព្រះគុណដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ 2ហើយអ្វីដែលអ្នកបានឮពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ ដែលមានសមត្ថភាពអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។ 3ដូច្នេះ ចូររួមទុក្ខលំបាក ដូចទាហានដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ។ 4ធម្មតាអ្នកដែលធ្វើទាហាន មិនជាប់ទាក់ទិននឹងកិច្ចការក្នុងជីវិតនេះទេ ព្រោះគាត់ខំឲ្យបានគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួន។ 5ឯកីឡាករវិញ មិនបានទទួលពាក់ភួងជ័យឡើយ លុះត្រាតែគេប្រកួតតាមច្បាប់។ 6កសិករដែលធ្វើការនឿយហត់ ជាអ្នកដែលត្រូវទទួលផលមុនគេ។ 7ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានយោបល់ក្នុងគ្រប់ការទាំងអស់។
8ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជារាជវង្សព្រះបាទដាវីឌ ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំបានប្រកាស 9ដ្បិតខ្ញុំរងទុក្ខលំបាក ទាំងជាប់ចំណងដូចមនុស្សអាក្រក់ ព្រោះតែដំណឹងល្អនេះ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។ 10ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំក្នុងគ្រប់ការទាំងអស់ ដោយយល់ដល់ពួករើសតាំង ដើម្បីឲ្យគេបានការសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ទាំងមានសិរីល្អនៅអស់កល្បជានិច្ច។ 11ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើយើងបានស្លាប់ជាមួយព្រះអង្គ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។ 12ប្រសិនបើយើងស៊ូទ្រាំ យើងនឹងសោយរាជ្យជាមួយព្រះអង្គ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។ 13ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គទ្រង់បានឡើយ។
អ្នកបម្រើដែលមានចិត្ដស្មោះត្រង់
14ចូររំឭកគេពីសេចក្ដីទាំងនេះ ហើយហាមគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ កុំឲ្យឈ្លោះប្រកែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ឡើយ គឺមានតែនាំឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។ 15ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។ 16ប៉ុន្ដែ ត្រូវចៀសវាងពាក្យសម្ដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នាំឲ្យមនុស្សកើតមានសេចក្ដីទមិឡល្មើស កាន់តែច្រើនឡើងៗ 17ហើយសម្ដីរបស់គេស៊ីរូងដូចជាដំបៅក្លាយ។ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេនាស និងភីលេត 18ជាអ្នកដែលបានឃ្លាតចេញពីសេចក្ដីពិត ដោយពោលថា ការរស់ឡើងវិញបានកើតឡើងរួចទៅហើយ ហើយគេកំពុងតែបង្វែរអ្នកខ្លះចេញពីជំនឿ។ 19ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។
20នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់ធ្វើពីមាស និងពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេសៗ ខ្លះសម្រាប់ប្រើប្រាស់ធម្មតា។ 21ដូច្នេះ ប្រសិនបើអ្នកណាបានសម្អាតខ្លួនពីអំពើអាក្រក់ អ្នកនោះនឹងត្រឡប់ជាគ្រឿងប្រដាប់ដ៏វិសេស ដោយបានញែកជាបរិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ ជាគ្រឿងប្រដាប់ដែលបានរៀបចំជាស្រេច សម្រាប់ការល្អគ្រប់ជំពូក។ 22ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។ 23កុំស្តាប់ការជជែកដេញដោលដ៏ល្ងង់ខ្លៅ ហើយផ្ដេសផ្ដាសនោះឡើយ ដោយដឹងថា សេចក្ដីទាំងនោះបង្កឲ្យមានតែការឈ្លោះប្រកែកប៉ុណ្ណោះ។ 24អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ 25ត្រូវប្រដៅតម្រង់ពួកអ្នកប្រឆាំងដោយចិត្តស្លូតបូត ក្រែងព្រះប្រោសប្រទានឲ្យគេប្រែចិត្ត និងឲ្យគេស្គាល់សេចក្ដីពិត 26ហើយឲ្យគេភ្ញាក់ដឹងខ្លួន ចេញពីអន្ទាក់របស់អារក្ស ដែលបានចាប់គេឲ្យធ្វើតាមបំណងរបស់វា។
Currently Selected:
២ ធីម៉ូថេ 2: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies