២ ពង្សាវតារក្សត្រ 4
4
ហោរាអេលីសេ និងប្រេងរបស់ស្ត្រីមេម៉ាយ
1មានស្ត្រីម្នាក់ជាប្រពន្ធរបស់ម្នាក់ក្នុងពួកហោរា នាងបានស្រែកអង្វរទៅអេលីសេថា៖ «ប្តីរបស់ខ្ញុំ ជាអ្នកបម្រើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបម្រើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនរបស់ខ្ញុំទាំងពីរនាក់ទៅធ្វើជាអ្នកបម្រើរបស់គេ»។ 2អេលីសេសួរគាត់ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់នាង? សូមប្រាប់ខ្ញុំចុះ តើនាងមានអ្វីនៅផ្ទះ?» គាត់ឆ្លើយតបថា៖ «នាងខ្ញុំគ្មានអ្វីនៅផ្ទះទេ មានតែដបប្រេងមួយប៉ុណ្ណោះ»។ 3លោកប្រាប់ថា៖ «ចូរអ្នកចេញទៅខ្ចីភាជនៈ ពីអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ។ 4រួចនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមានមួយណាពេញ ចូរទុកទៅម្ខាង»។ 5ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំងពីរបានហុចភាជនៈមកឲ្យម្តាយ ហើយម្តាយចាក់ប្រេងដាក់។ 6លុះភាជនៈទាំងនោះបានពេញហើយ នាងបង្គាប់កូនថា៖ «ចូរហុចមួយទៀតមក!» តែកូនឆ្លើយថា៖ «មានតែប៉ុណ្ណឹងទេ» នោះប្រេងក៏ឈប់ហូរទៅ។ 7នាងក៏ទៅជម្រាបដល់អ្នកសំណព្វរបស់ព្រះ ហើយលោកប្រាប់ថា៖ «ចូរយកប្រេងនោះទៅលក់ សងបំណុលគេទៅ ចំណែកដែលនៅសល់ ចូរទុកចិញ្ចឹមខ្លួន និងកូនចុះ»។
ហោរាអេលីសេនៅភូមិស៊ូណែម
8មានថ្ងៃមួយ អេលីសេបានដើរទៅក្រុងស៊ូណែម នៅទីនោះ មានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះរបស់នាង។ 9នាងនិយាយទៅប្តីថា៖ «មើល៍ ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើងជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ 10សូមឲ្យយើងធ្វើបន្ទប់មួយតូចនៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សម្រាប់លោកផង។ ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ»។ 11ថ្ងៃមួយ ពេលលោកមកដល់ លោកចូលទៅសម្រាន្តក្នុងបន្ទប់នោះ។ 12លោកប្រាប់កេហាស៊ីជាអ្នកបម្រើលោកថា៖ «ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមមក!»។ ពេលគាត់ហៅនាងមកដល់ហើយ នាងឈរនៅមុខលោក។ 13លោកប្រាប់អ្នកបម្រើថា៖ «ចូរនិយាយទៅនាងថា នាងបានចាត់ចែងគោរពដល់យើងជាខ្លាំងណាស់ ឥឡូវនេះ តើយើងត្រូវសងគុណដល់នាងយ៉ាងណាខ្លះ? តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជម្រាបមេទ័ពធំជំនួសនាងឬទេ?» តែនាងឆ្លើយតបថា៖ «នាងខ្ញុំចូលចិត្តនៅតែកណ្ដាលពួកសាសន៍នាងខ្ញុំនេះទេ»។ 14លោកសួរទៀតថា៖ «បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា?» កេហាស៊ីឆ្លើយឡើងថា៖ «នាងគ្មានកូនទេ ហើយប្តីក៏ចាស់ផង»។ 15លោកប្រាប់ថា៖ «ចូរហៅនាងមកនេះ» ពេលគាត់ហៅនាងមកដល់ នាងឈរនៅត្រង់មាត់ទ្វារ។ 16លោកបានប្រាប់ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងបានបីកូនប្រុសមួយ» តែនាងឆ្លើយថា៖ «ទេ លោកម្ចាស់ ជាអ្នកសំណព្វរបស់ព្រះអើយ សូមកុំកុហកនាងខ្ញុំ»។
17ស្ត្រីនោះក៏មានទម្ងន់ ហើយនាងសម្រាលបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ដូចពាក្យដែលអេលីសេបានប្រាប់។
18ពេលកូននោះធំឡើង ថ្ងៃមួយ វាបានចេញទៅរកឪពុក ដែលនៅជាមួយពួកអ្នកច្រូត។ 19វាត្អូញប្រាប់ឪពុកថា៖ «ខ្ញុំឈឺក្បាល! ខ្ញុំឈឺក្បាលណាស់!» ឪពុកបង្គាប់ទៅអ្នកបម្រើថា៖ «ចូរបីវាយកទៅឲ្យម្តាយវាទៅ»។ 20អ្នកនោះបានបីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ ហើយក៏ស្លាប់ទៅ។ 21នាងបានឡើងទៅ ដាក់វាផ្តេកនៅលើគ្រែអ្នកសំណព្វរបស់ព្រះ បិទទ្វារជិត ហើយក៏ចេញទៅ។ 22បន្ទាប់មក នាងស្រែកហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមចាត់បម្រើម្នាក់ និងលាមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំរត់ទៅរកអ្នកសំណព្វរបស់ព្រះ ហើយវិលមកវិញ»។ 23ប្តីសួរថា៖ «ហេតុអ្វីឯងចង់ទៅរកលោកនៅថ្ងៃនេះ? នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃសប្ប័ទទេ» នាងឆ្លើយថា៖ «មិនអីទេ»។ 24ពេលនោះ នាងបានចងកែបលា ហើយបង្គាប់អ្នកបម្រើថា៖ «ចូរប្រញាប់ទៅ កុំបង្អង់ឡើយ លុះត្រាតែខ្ញុំប្រាប់អ្នកឲ្យឈប់»។ 25ដូច្នេះ នាងបានចេញទៅ ហើយជួបអ្នកសំណព្វរបស់ព្រះនៅភ្នំកើមែល។
ពេលលោកបានឃើញនាងមកពីចម្ងាយ លោកបង្គាប់ទៅកេហាស៊ីជាអ្នកបម្រើថា៖ «នុ៎ះន៏ ស្ត្រីនៅស្រុកស៊ូណែម 26ចូររត់ទៅទទួលនាង ហើយសួរថា តើអ្នកសុខសប្បាយជាឬទេ? តើប្តីរបស់អ្នកជាឬទេ? ហើយកូនរបស់អ្នកជាឬទេ?» នាងឆ្លើយថា៖ «ជាទេ»។ 27ពេលនាងបានមកដល់អ្នកសំណព្វរបស់ព្រះ នៅលើភ្នំហើយ នាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណព្វរបស់ព្រះឃាត់ថា៖ «បណ្តោយតាមនាងចុះ ព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាបានលាក់នឹងខ្ញុំ ឥតសម្ដែងឲ្យខ្ញុំដឹងសោះ»។ 28ពេលនោះ នាងពោលថា៖ «តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់មែនទេ? តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំឬទេ?» 29លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។ 30បន្ទាប់មក ម្តាយរបស់កូននោះនិយាយថា៖ «នាងខ្ញុំសូមស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងដោយនូវព្រលឹងលោកដែលនៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកឡើយ!»។ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាង។ 31កេហាស៊ីបានទៅមុន ហើយដាក់ដំបងនៅលើមុខកូននោះ តែគ្មានឮសំឡេង ឬមានចលនាអ្វីសោះ។ គាត់បានត្រឡប់មកជួបអេលីសេវិញ ជម្រាបថា៖ «ក្មេងនោះមិនភ្ញាក់ទេ»។
32ពេលអេលីសេបានចូលទៅក្នុងផ្ទះ គាត់បានឃើញកូននោះស្លាប់នៅលើគ្រែរបស់លោក។ 33ដូច្នេះ លោកបានចូលទៅក្នុង ហើយបិទទ្វារ មានតែគ្នាពីរនាក់ ក៏អធិស្ឋានទូលដល់ព្រះយេហូវ៉ា។ 34ពេលនោះ លោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏មានកម្ដៅឡើង។ 35លោកបានចុះមកវិញ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់ប្រាំពីរដង រួចបើកភ្នែក។ 36ដូច្នេះ លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមមកនេះ» គាត់ក៏ហៅនាងមក។ ពេលនាងចូលមកដល់ លោកប្រាប់ថា៖ «ចូរលើកបីកូននាងឡើង»។ 37នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។
អេលីសេសម្អាតឆ្នាំងសម្ល
38ពេលអេលីសេត្រឡប់ទៅក្រុងគីលកាលវិញ នៅពេលនោះ មានអំណត់ក្នុងស្រុក។ ឯពួកហោរាបានអង្គុយនៅមុខលោក ហើយលោកបង្គាប់អ្នកបម្រើថា៖ «ចូរដាក់ឆ្នាំងដាំបបរឲ្យពួកហោរាទាំងនេះទៅ»។ 39មានម្នាក់ចេញទៅរកបន្លែនៅទីវាល បានឃើញវល្លិព្រៃ ហើយបេះផ្លែបានពេញមួយថ្នក់អាវ រួចបានវិលមកវិញ ហើយកាប់ជាកង់ៗ ដាក់ក្នុងឆ្នាំង គ្មាននរណាស្គាល់ផ្លែនោះសោះ។ 40ពួកគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែពេលគេកំពុងបរិភោគបបរនោះ ពួកគេស្រែកឡើងថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ បបរនេះមានជាតិពុល!» ពួកគេមិនអាចបរិភោគបានទេ។ 41លោកប្រាប់ថា៖ «ដូច្នេះ ចូរយកម្សៅមក» រួចលោកបានចាក់ម្សៅនោះក្នុងឆ្នាំង ហើយប្រាប់ថា៖ «ចូរដួសចែកឲ្យគេបរិភោគទៅ» គ្មានជាតិពុលនៅក្នុងបបរទៀតទេ។
ហោរាអេលីសេចែកអាហារដល់មនុស្សមួយរយនាក់
42នៅគ្រានោះ មានមនុស្សម្នាក់មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱកម្ភៃដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណព្វរបស់ព្រះ នោះលោកប្រាប់ថា៖ «ចូរចែកឲ្យបណ្ដាជនបរិភោគទៅ»។ 43ប៉ុន្តែ អ្នកបម្រើរបស់លោកសួរថា៖ «តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ នៅមុខមនុស្សមួយរយនាក់បរិភោគបាន?» លោកបង្គាប់ថា៖ «ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "គេនឹងបរិភោគឆ្អែត ហើយនៅមានសល់ផង"»។ 44ដូច្នេះ គាត់ក៏ដាក់ឲ្យគេបរិភោគ ពួកគេបានបរិភោគឆ្អែត ហើយនៅមានសល់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល។
Currently Selected:
២ ពង្សាវតារក្សត្រ 4: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies