YouVersion Logo
Search Icon

២ ពង្សាវ‌តារ‌ក្សត្រ 13

13
ព្រះបាទ​យ៉ូអា‌ហាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
1នៅ​ឆ្នាំ​ទី​ម្ភៃបី ក្នុង​រាជ្យព្រះបាទ​យ៉ូអាស ជា​បុត្រ​អ័ហា‌ស៊ីយ៉ា ស្ដេច​យូដា នោះ​យ៉ូអា‌ហាស ជា​បុត្រ​ព្រះបាទ​យេហ៊ូវ​ក៏​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​បាន​សោយ‌រាជ្យ​អស់​ដប់​ប្រាំពីរ​ឆ្នាំ។ 2ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ ទ្រង់​មិន​បាន​ងាក​ចេញ​ឡើយ។ 3នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ហាសែល ជា​ស្ដេច​ស៊ីរី និង​ក្នុង​កណ្ដាប់​ដៃ​បេន-ហាដាដ ជា​បុត្រ​ហាសែល​ត​ទៅ។ 4ប៉ុន្តែ យ៉ូអា‌ហាស​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ក៏​ស្ដាប់​តាម ដ្បិត​ទ្រង់​បាន​ទត​ឃើញ​ការ​ដែល​ស្ដេច​ស៊ីរី​សង្កត់‌សង្កិន​ដល់​ពួក​អ៊ីស្រា‌អែល។ 5(ដ្បិត​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី។ រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ។ 6ប៉ុន្តែ គេ​មិន​លែង​ធ្វើ​តាម​អំពើ​បាប​របស់​ជំនួរ​វង្ស​យេរ៉ូ‌បោម ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ទេ គឺ​គេចេះ​តែ​ប្រព្រឹត្ត តាម​អំពើ​ទាំង​នោះ ហើយ​នៅ​ក្នុង​ក្រុង​សាម៉ារី​ក៏​មាន​អស់​ទាំង​បង្គោល​សក្ការៈ នៅ​ឡើយ​ដែរ។) 7ដូច្នេះ ស្ដេច​យ៉ូអា‌ហាស​នៅ​សល់​ពល‌ទ័ព​សេះ​តែ​ហាសិប​នាក់ រទេះ​ចម្បាំង​ដប់ និង​ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់ ព្រោះ​ស្ដេច​ស៊ីរី​បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លម្អង​ធូលី ដែល​នៅ​ទី‌លាន​បញ្ជាន់​ស្រូវ។ 8ឯ​កិច្ច‌ការ​ឯ​ទៀត​ដែល​ព្រះបាទ​យ៉ូអា‌ហាស​បាន​ធ្វើ និង​អំណាច​របស់​ទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្ដេច​អ៊ីស្រា‌អែល​ហើយ។ 9ចំណែក​យ៉ូអា‌ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​ព្រះបាទ​យ៉ូអាស​ជា​‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
ព្រះបាទ​យ៉ូអាហាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
10នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ក្នុង​រាជ្យ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​យូដា នោះ​ព្រះបាទ​យ៉ូអាស​ជា​បុត្រ​យ៉ូអា‌ហាស ក៏​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ដប់ប្រាំមួយ​ឆ្នាំ 11ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​បោះ​បង់​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​នៅ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ។ 12ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ព្រះបាទ​យ៉ូអាស​បាន​ធ្វើ និង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ស្ដេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្ដេច​អ៊ីស្រា‌អែល។ 13ព្រះបាទ​យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ រួច​យេរ៉ូ‌បោម​បាន​ឡើង​សោយ‌រាជ្យ​ជំនួស​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ព្រះបាទ​យ៉ូអាស​នៅ​ក្រុង​សាម៉ារី​ជា‌មួយ​ពួក​ស្ដេច​អ៊ីស្រា‌អែល។
មរណភាព​របស់​លោក​អេលី‌សេ
14នៅ​គ្រា​នោះ លោក​អេលី‌សេ​មាន​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​យំ​សោក​នឹង​លោក ដោយ​មាន​រាជ​ឱង្ការ​ថា៖ «ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ លោក​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ»។ 15អេលី‌សេ​ទូល​តប​ថា៖ «សូម​យក​ធ្នូ និង​ព្រួញ​មក» ទ្រង់​ក៏​យក​ធ្នូ និង​ព្រួញ​មក​ឲ្យ​លោក 16រួច​ទូល​ថា៖ «សូម​ទ្រង់​ដំ​ឡើង​ធ្នូ​ទៅ» ទ្រង់​ក៏​ដំឡើង ហើយ​អេលី‌សេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ត​ស្ដេច 17រួច​លោក​ទូល​ថា៖ «សូម​បើក​បង្អួច​ខាង​កើត​ទៅ» ទ្រង់​ក៏​បើក អេលី‌សេ​ទូល​ថា៖ «សូម​បាញ់​ទៅ» ហើយ​ទ្រង់​ក៏​បាញ់ លោក​ទូល​ថា៖ «នេះ​ហើយ​ជា​ព្រួញ​ជ័យ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រួញ​ជ័យ‌ជម្នះ​ដែល​ឈ្នះ​ពួក​សាសន៍​ស៊ីរី ដ្បិត​ទ្រង់​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ត្រង់​អាផែក ទាល់​តែ​គេ​វិនាស​សាប‌សូន្យ​ទៅ»។ 18រួច​លោក​ទូល​ទៀត​ថា៖ «សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ» ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា៖ «សូម​បាញ់​ទៅ​ដី​ទៅ» ទ្រង់​ក៏​បាញ់​បី​ដង​ទើប​ឈប់។ 19ពេល​នោះ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ខឹង​នឹង​ស្ដេច ហើយ​ទូល​ថា៖ «គួរ​តែ​ទ្រង់​បាញ់​ដល់​ទៅ​ប្រាំ ឬ​ប្រាំមួយ​ដង ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ​ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះ ទ្រង់​នឹង​វាយ​គេ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។
20លោក​អេលី‌សេ​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក រួច​ដល់​ចូល​ឆ្នាំ​ថ្មី ពួក​កង​នៃ​សាសន៍​ម៉ូអាប់​ក៏​ទន្រ្ទាន​ចូល​មក​ក្នុង​ស្រុក 21ហើយ​កាល​មនុស្ស​កំពុង​តែ​បញ្ចុះ​សព​របស់​មនុស្ស​ម្នាក់ នោះ​ក៏​ឃើញ​ពួក​កង​មួយ រួច​គេ​បោះ​ខ្មោច​នោះ​ទៅ​ក្នុង​ផ្នូរ​របស់​អេលី‌សេ កាល​ខ្មោច​នោះ​បាន​ប៉ះ​នឹង​ឆ្អឹង​អេលី‌សេ ស្រាប់​តែ​រស់​ឡើង​វិញ រួច​ក្រោក​ឈរ​ឡើង។
ពួក​អ៊ីស្រា‌អែល​វាយ​យក​ទី​ក្រុងទាំង​ប៉ុន្មាន​ពី​អារ៉ាម​វិញ
22ឯ​ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី ចេះ​តែ​សង្កត់‌សង្កិន​ពួក​អ៊ីស្រា‌អែល ដរាប​ដល់​អស់​ព្រះ‌ជន្ម​យ៉ូអា‌ហាស។ 23ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​បំផ្លាញ​គេ​ទេ។ លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ 24រួច​មក​ហាសែល​ជា​ស្តេច​ស៊ីរី​ក៏​សុគត​ទៅ នោះ​បេន-ហាដាដ ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ 25ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​យ៉ូអា‌ហាស ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង ដែល​ហាសែល​បាន​ច្បាំង​ចាប់​យក​ពី​កណ្ដាប់​ព្រះ‌ហស្ត​បិតា​ចេញ​ពី​កណ្ដាប់​ដៃ​បេន-ហាដាដ ជា​បុត្រ​ហាសែល​មក​វិញ ព្រះបាទ​យ៉ូអាស​វាយ​គេ​ចំនួន​បី​ដង ហើយ​ក៏​បាន​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រា‌អែល​មក​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in