YouVersion Logo
Search Icon

២ ពង្សាវ‌តារ‌ក្សត្រ 10

10
រាជ‌វង្ស​របស់​ព្រះបាទ​អ័ហាប់​ត្រូវ​រលត់
1ព្រះបាទ​អ័ហាប់​មាន​បុត្រា​ចិតសិប​អង្គ ហើយ​ព្រះបាទ​យេហ៊ូវ​ក៏​សរសេរ​សំបុត្រ​ផ្ញើ​ទៅគេ​នៅ​ក្រុង​សាម៉ារី គឺ​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​នៃ​ទី​ក្រុង ទៅ​កាន់​ពួក​ចាស់​ទុំ និង​ពួក​អ្នក​បី‌បាច់​រក្សា​ពួក​បុត្រា ព្រះបាទ​អ័ហាប់​ថា៖ 2«ឥឡូវ​នេះ ដែល​អ្នក​រាល់​គ្នា​មាន​បុត្រា​ទាំង​ប៉ុន្មាន​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​នោះ ក៏​មាន​រទេះ​ចម្បាំង និង​សេះ ហើយ​ទាំង​ទី​ក្រុង​ដែល​មាន​កំផែង និង​គ្រឿង​សស្ត្រា‌វុធ​ផង ដូច្នេះ កាល​ណា​សំបុត្រ​នេះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ 3ចូរ​រើស​យក​អ្នក​ណា​មួយ​ដែល​ល្អ ហើយ​សំណំ​ជាង​គេ​ក្នុង​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា តាំង​ឡើង​ឲ្យ​សោយ‌រាជ្យ​ជំនួស​បិតា​ចុះ រួច​ឲ្យ​តស៊ូ​ការពារ​ដំណាក់​នៃ​ចៅ‌ហ្វាយ​អ្នក​រាល់​គ្នា​ទៅ»។ 4ប៉ុន្តែ អ្នក​ទាំង​នោះ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា៖ «មើល៍ ស្ដេច​ពីរ​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ឈរ​នៅ​បាន?» 5ដូច្នេះ ឧកញ៉ា​វាំង និង​ចៅ‌ហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់​ទុំ និង​ពួក​អ្នក​ដែល​បាន​បី‌បាច់​រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ព្រះបាទ​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បម្រើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្ដេច​ទេ សូម​លោក​ធ្វើ​តាម​សេចក្ដី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ»។ 6រួច​លោក​ក៏​សរសេរ​សំបុត្រ​ទី​ពីរ​ផ្ញើ​ទៅ​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​កាន់​ខាង​ខ្ញុំ ហើយ​ចង់​ស្ដាប់​តាម​បង្គាប់​ខ្ញុំ​មែន នោះ​ចូរ​កាត់​ក្បាល​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា​ចុះ រួច​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​ឯ​ខ្ញុំ​នៅ​ត្រង់​យេស‌រាល» រីឯ​ពួក​បុត្រា​នៃ​ស្ដេច​ទាំង​ចិត​សិប​អង្គ នោះ​សុទ្ធ​តែ​នៅ​ជា‌មួយ​ពួក​អ្នក​ធំ ក្នុង​ទី​ក្រុង​ដែល​បាន​បី‌បាច់​រក្សា។ 7ដូច្នេះ កាល​សំបុត្រ​បាន​ទៅ​ដល់​ហើយ គេ​ក៏​ចាប់​ពួក​បុត្រា​ស្ដេច​ទាំង​ចិត​សិប​អង្គ​សម្លាប់​ទៅ ដាក់​ព្រះ‌សិរ​គ្រប់​អង្គ​ទៅ​ក្នុង​កញ្ឆេ​ផ្ញើ​ទៅ​លោក នៅ​ត្រង់​យេស‌រាល។ 8ពេល​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ជម្រាប​លោក​ថា៖ «គេ​យក​ព្រះ‌សិរ​របស់​ពួក​បុត្រា​ស្ដេច​មក​ហើយ» លោក​បង្គាប់​ថា៖ «ចូរ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​កំផែង​រហូត​ដល់​ព្រឹក​ទៅ»។ 9លុះ​ព្រឹក​ឡើង លោក​ក៏​ចេញ​ទៅ​ឈរ មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​ទាំង‌ឡាយ​ថា៖ «អ្នក​រាល់​គ្នា​សុចរិត​ទេ គឺ​ខ្ញុំ​ទេ​ដែល​បាន​បះ‌បោរ​នឹង​ចៅ‌ហ្វាយ​របស់​ខ្ញុំ ព្រម​ទាំង​សម្លាប់​ផង តែ​អ្នក​ណា​បាន​សម្លាប់​អ្នក​ទាំង​នេះ? 10ដូច្នេះ ចូរ​ដឹង​ថា ក្នុង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​ថ្លែងទំនាយ​ទាស់​នឹង​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ នោះ​នឹង​គ្មាន​ណា​មួយ​ធ្លាក់​ដល់​ដី​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​លោក​អេលីយ៉ា​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ហើយ»។ 11ដូច្នេះ ព្រះបាទ​យេហ៊ូវ​បាន​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​សល់ ក្នុង​ជំនួរ​វង្ស​របស់​ព្រះបាទ​អ័ហាប់​នៅ​ត្រង់​យេស‌រាល ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​មិត្ត​សម្លាញ់​ស្និទ្ធ‌ស្នាល ហើយ​ពួក​សង្ឃ​របស់​ទ្រង់​ផង ឥត​ទុក​ឲ្យ​មាន​អ្នក​ណា​មួយ​សល់​នៅ​ខាង​ទ្រង់​ឡើយ។
12ក្រោយ​មក ព្រះបាទ​យេហ៊ូវ​ក៏​ចេញ​ទៅ​ឯ​ក្រុង​សាម៉ារី។ កាល​បាន​ទៅ​ដល់​សាលា ដែល​នៅ​តាម​ផ្លូវ​នោះ ជា​ទី​ដែល​ពួក​គង្វាល​ចៀម​ធ្លាប់​ប្រជុំ​គ្នា 13ក៏​ជួប​នឹង​ពួក​បង‌ប្អូន​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្ដេច​យូដា ហើយ​ព្រះបាទ​យេហ៊ូវ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​អ្នក​ណា?» គេ​ឆ្លើយ​តប​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​ជា​បង‌ប្អូន​នៃ​ព្រះបាទ​អ័ហា‌ស៊ីយ៉ា យើង​ចុះ​ទៅ​ជម្រាប​សួរ​ដល់​ពួក​បុត្រ​នៃ​ក្សត្រា‌ក្សត្រី»។ 14ព្រះបាទ​យេហ៊ូវ​ក៏​បង្គាប់​ថា៖ «ចូរ​ចាប់​គេ​ទាំង​រស់​ទៅ!» ពួក​គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​ទៅ​សម្លាប់​ទាំង​សែសិប​ពីរ​នាក់ នៅ​ត្រង់​អណ្ដូង​របស់​សាលា​នោះ ឥត​ទុក​ឲ្យ​រស់​ម្នាក់​ឡើយ។
15ពេល​ព្រះបាទ​យេហ៊ូវ​ចេញ​ពី​ទី​នោះ​ទៅ ក៏​ជួប​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ ទ្រង់​ក៏​គំនាប់​គាត់​សួរ​ថា៖ «តើ​ចិត្តរបស់​អ្នក​ស្មោះ‌ត្រង់​ចំពោះខ្ញុំ ដូច​ចិត្ត​របស់​ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ?» យ៉ូណា‌ដាប​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ‌ត្រង់​មែន»។ ព្រះបាទ​យេហ៊ូវ​ឆ្លើយ​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ ណាដាប​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើរទេះ​ជា‌មួយ​គ្នា។ 16រួចព្រះបាទ​យេហ៊ូវ​ប្រាប់​ថា៖ «សូម​អ្នក​ទៅ​ជា‌មួយ​ខ្ញុំ ដើម្បី​មើល​សេចក្ដី​ឧស្សាហ៍​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា»។ ដូច្នេះ លោក ក៏​ឲ្យ​គាត់​ឡើង​ជិះ​ក្នុង​រទេះ​ជា‌មួយ​លោក។ 17កាល​បាន​ទៅ​ដល់​ក្រុង​សាម៉ារី​ហើយ លោក​ក៏​វាយ​សម្លាប់​អស់​អ្នក​ដែល​សល់​នៅ​ក្នុង​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ ក្នុង​ក្រុង​សាម៉ារី ដរាប​ដល់​បាន​បំផ្លាញ​ជំនួរ​វង្ស​របស់​ទ្រង់​អស់​រលីង តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក​អេលីយ៉ា។
យេហ៊ូវ​លុប​បំបាត់​ការ​ថ្វាយ​បង្គំ​ព្រះ‌បាល
18នៅ​គ្រា​នោះ ព្រះបាទ​យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្ដា​ជន​ទាំង​អស់​មក​ប្រាប់​ថា៖ «ព្រះបាទ​អ័ហាប់​បាន​គោរព​ដល់​ព្រះ‌បាល​តែ​បន្តិច​ទេ តែ​ព្រះបាទ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន។ 19ដូច្នេះ ចូរ​ហៅ​ពួក​ហោរា​របស់​ព្រះ‌បាល​ទាំង​អស់​មក​ជួប​យើង​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ និង​អស់​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​ផង កុំ​ឲ្យ​មាន​ខ្វះ​អ្នក​ណា​មួយ​ឡើយ ដ្បិត​យើង​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ធំ​ដល់​ព្រះ‌បាល បើ​អ្នក​ណា​ខាន​មក នោះ​នឹង​ត្រូវ​ស្លាប់» ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​ប្រព្រឹត្ត​ដោយ​ឧបាយ​ទេ ប្រយោជន៍​ដើម្បី​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់។ 20ព្រះបាទ​យេហ៊ូវ​បង្គាប់​ឲ្យ​គេ​ញែក​ថ្ងៃ​មួយ ទុក​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ឱឡារិក​ថ្វាយ​ព្រះ‌បាល គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ 21ព្រះបាទ​យេហ៊ូវ​ចាត់​គេ​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដូច្នេះ ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ‌បាល​ក៏​មក​ទាំង​អស់​គ្នា ឥត​មាន​សល់​ដល់​ម្នាក់​ឡើយ គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌បាល ទាល់​តែ​វិហារ​នោះ​បាន​ពេញ​ណែន តាំង​តែ​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង។ 22ពេល​នោះ លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សម្រាប់​ពាក់​ថ្វាយ​បង្គំ​ថា៖ «ចូរ​យក​អាវ​មក ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ»។ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា 23រួច​ព្រះបាទ​យេហ៊ូវ និង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ថា៖ «ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ជា‌មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ​បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ»។ 24ពេល​នោះ ពួក​គេ​ក៏​បាន​ចូល​ទៅ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត។
ព្រះបាទ​យេហ៊ូវ​បាន​តម្រូវ​ឲ្យ​មាន​មនុស្ស​ប៉ែតសិប​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា៖ «បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ»។ 25ភ្លាម​នោះ ក្រោយ​ពី​លោក​បាន​ថ្វាយ​តង្វាយ​ដុត​រួច​ហើយ នោះ​ក៏​បង្គាប់​ដល់​ពួក​ចាំ​យាម និង​ពួក​មេ‌ទ័ព​ថា៖ «ចូរ​ចូល​ទៅ​សម្លាប់​គេ​ចុះ កុំ​ឲ្យ​អ្នក​ណា​មួយ​ចេញ​រួច​ឡើយ»។ ដូច្នេះ គេ​ក៏​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​ដោយ​មុខ​ដាវ ឯ​ពួក​ចាំ​យាម និង​ពួក​មេ‌ទ័ព ក៏​បោះ​ខ្មោច​ចេញ​ទៅ​ក្រៅ រួច​គេ​ទៅ​ក្នុង​ទី​ក្រុង​នៃ​វិហារ​ព្រះ‌បាល​នោះ 26ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល 27ហើយ​វាយ​បំបាក់​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​វិហារ​ព្រះ‌បាល ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​បន្ទោ​បង់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។
28របៀបនេះ​ដែល​ព្រះបាទ​យេហ៊ូវ​បាន​បំបាត់​ព្រះ‌បាល​ពី​ពួក​អ៊ីស្រា‌អែល។ 29ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​មិន​បានបំបាត់​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះទេ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​ព្រះបាទ​យេហ៊ូវ​មិន​បាន​ឈប់​ប្រព្រឹត្ត​តាម​ទេ។ 30ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​យេហ៊ូវ​ថា៖ «ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​ល្អ ដោយ​សម្រេច​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​យើង ហើយ​បាន​ធ្វើ​ដល់​ជំនួរ​វង្ស​របស់​ព្រះបាទ​អ័ហាប់ តាម​គ្រប់​ទាំង​គំនិត​ដែល​នៅ​ក្នុង​ចិត្តយើង នោះ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​បួន​តំណ»។ 31ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​មិនឈប់​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។
ព្រះបាទ​យេហ៊ូវ​សុគត
32នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ចាប់​ផ្ដើម​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល។ ព្រះបាទ​ហាសែល​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​តាម​ព្រំ‌ដែន​ស្រុក​របស់​គេ 33ចាប់​ពី​ទន្លេ​យ័រដាន់​ទៅ​ខាង​កើត គឺ​ស្រុក​កាឡាត​ទាំង​អស់ ជា​ស្រុក​របស់​ពួក​កាដ ពួក​រូបេន និង​ពួក​ម៉ាណា‌សេ ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ស្រុក​កាឡាត និង​ស្រុក​បាសាន​ទាំង​មូល។ 34រីឯកិច្ច‌ការផ្សេង​ពី​ព្រះបាទ​យេហ៊ូវ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ហើយ​ពី​អំណាច​ទាំង​អស់ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្ដេច​អ៊ីស្រា‌អែល​ហើយ។ 35ព្រះបាទ​យេហ៊ូវ​ក៏​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​សាម៉ារី រួច​យ៉ូអា‌ហាស ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស 36ព្រះបាទ​យេហ៊ូវ​បាន​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​ក្រុង​សាម៉ារី​បាន​ម្ភៃប្រាំបី​ឆ្នាំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in