YouVersion Logo
Search Icon

២ របា‌ក្សត្រ 13

13
អ័ប៊ីយ៉ា​សោយ‌រាជ្យ​នៅ​ស្រុក​យូដា
1នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី ក្នុង​រាជ្យ​ស្តេច​យេរ៉ូ‌បោម ព្រះបាទ​អ័ប៊ីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា។ 2ទ្រង់​សោយ‌រាជ្យ​បាន​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម មាតា​របស់​ទ្រង់ ព្រះ‌នាម​ថា​មីកា‌យ៉ា ជា​បុត្រី​អ៊ូរាល អ្នក​ក្រុង​គី‌បៀរ។
ព្រះបាទ​អ័ប៊ីយ៉ា និង​យេរ៉ូ‌បោម​តែង​តែ​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក។ 3ព្រះបាទ​អ័ប៊ីយ៉ា​បាន​ចេញ​ទៅ​ច្បាំង មាន​ពល‌ទ័ព​សុទ្ធ​តែ​មនុស្ស​ថ្នឹក​ចម្បាំង ហើយ​ជ្រើស‌រើស មាន​ចិត្ត​ក្លាហាន​ចំនួន​បួន​សែន​នាក់។ រីឯ​ព្រះបាទ​យេរ៉ូ‌បោម​ក៏​តម្រៀប​ទ័ព​ច្បាំង​នឹង​ទ្រង់​វិញ​ដែរ ដោយ​មាន​មនុស្ស​ជ្រើស‌រើស ហើយ​ក្លាហាន​ប្រាំបី​សែន​នាក់។ 4បន្ទាប់​មក ព្រះបាទ​អ័ប៊ីយ៉ា​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​ភ្នំ​សេម៉ា‌រែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រាអិម មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ស្តាប់​យើង! ឱ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​អើយ 5តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រទាន​អំណាច​មក​លើ​សាសន៍​អ៊ីស្រា‌អែល គឺ​ដល់​ដាវីឌ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ឲ្យ​សោយ‌រាជ្យ​ជា​ដរាប​ត​ទៅ តាម​សេចក្ដី​សញ្ញា​ដែល​តាំង​ដោយ​អំបិល? 6ប៉ុន្តែ យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​ជា​អ្នក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន បុត្រា​ព្រះបាទ​ដាវីឌ បាន​ក្រោក​ឡើង​បះ‌បោរ​នឹង​ចៅ‌ហ្វាយ​របស់​ខ្លួន 7ហើយ​មាន​មនុស្ស​ឥត​បាន​ការ និង​មនុស្ស​ចោល‌ម្សៀត បាន​ចូល​ដៃ​ជា‌មួយ ហើយ​បាន​ឈ្នះ​ព្រះបាទ​រេហូ‌បោម ជា​បុត្រា​ព្រះបាទ​សាឡូម៉ូន ក្នុង​កាល​ដែល​ព្រះបាទ​រេហូ‌បោម​នៅ​ក្មេង​ខ្ចី និង​ចិត្ត​ទន់ មិន​អាច​ទប់​នឹង​គេ​បាន​ឡើយ។
8ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​ត​តាំង​នឹង​នគរ​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​អំណាច​កូន​ចៅ​ដាវីឌ​ទៀត អ្នក​រាល់​គ្នា​មាន​គ្នា​សន្ធឹក​ណាស់ ហើយ​កូន​គោ​មាស ដែល​យេរ៉ូ‌បោម​បាន​ធ្វើ​ទុក​ជា​ព្រះ​របស់​ឯង ក៏​នៅ​ជា‌មួយ​ឯង​ដែរ។ 9តើ​អ្នក​រាល់​គ្នា​មិន​បាន​បណ្តេញ​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​កូន​ចៅ​លោក​អើរ៉ុន និង​ពួក​លេវី​ចេញ ហើយ​បាន​តាំង​ពួក​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ តាម​របៀប​អស់​ទាំង​សាសន៍​ដទៃ​ទេ​ឬ ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ក៏​ដោយ ដែល​យក​គោ​ស្ទាវ និង​ចៀម​ឈ្មោល​ប្រាំពីរ​មក​ចង់​បំបួស​ខ្លួន នោះ​នឹង​បាន​ធ្វើ​ជា​សង្ឃ​ដល់​ព្រះ​ទាំង​នោះ ដែល​មិន​មែន​ជា​ព្រះ​ទេ​ក៏​បាន 10រី​ឯ​ពួក​យើង​វិញ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​មិន​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ​ទេ យើង​មាន​ពួក​សង្ឃ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 11រាល់​ព្រឹក​ល្ងាច គេ​តែង​ដុត​តង្វាយ​ដុត និង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស និង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​ពួក​យើង​គោរព​ប្រតិបត្តិ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង តែ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ។ 12មើល៍ ព្រះ​គង់​ជា‌មួយ​យើង ហើយ​ក៏​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ព្រះ‌អង្គ​ក៏​កាន់​ត្រែ សម្រាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចម្រើន​ទេ»។
13ព្រះ​បាទ​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​បង្កប់​មួយ​ក្រុម ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ ពល​ទ័ព​របស់​ស្ដេច​ស្ថិត​នៅ​ពី​មុខទ័ព​យូដា ហើយ​ទ័ព​បង្កប់​ក៏​នៅ​ពី​ខាង​ក្រោយ​ទ័ព​យូដាដែរ។ 14កាល​ពួក​យូដា​បាន​ក្រឡេក​បែរ​មើល​ទៅ​ក្រោយ នោះ​ក៏​ឃើញ​មាន​ចម្បាំង​ពី​មុខ​ពី​ក្រោយ​ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង 15ពួក​ទ័ព​យូដា គេ​ស្រែក​ឡើង ហើយ​កំពុង​ដែល​ពួក​យូដា​ស្រែក​ឡើង​ដូច្នោះ នោះ​ព្រះ​ក៏​វាយ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មុខ​អ័ប៊ីយ៉ា និង​ពួក​យូដា 16ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​យូដា 17អ័ប៊ីយ៉ា និង​ពួក​ទ័ព​ទ្រង់ ក៏​ប្រហារ​សម្លាប់​គេ​យ៉ាង​សម្បើម មាន​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស បាន​ដួល​ស្លាប់​អស់​ប្រាំ​សែន​នាក់ 18នៅ​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យ‌ជម្នះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ 19ព្រះ‌បាទ​អ័ប៊ីយ៉ា​ដេញ​តាម​ព្រះ‌បាទ​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល និង​ភូមិនានា​នៅ​ជុំ‌វិញ ក្រុង​យេសា‌ណា និង​ភូមិ​នានា​នៅ​ជុំ‌វិញ និង​ក្រុង​អេប្រុន ព្រម​ទាំង​ភូមិ​នានា​នៅ​ជុំ‌វិញ​ដែរ 20ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​ព្រះ‌បាទ​យេរ៉ូ‌បោម​មិន​បាន​ពង្រឹង​អំណាច​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ។ 21ឯ​អ័ប៊ីយ៉ា​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​ដប់​បួន ហើយ​បង្កើត​បាន​បុត្រា​ម្ភៃពីរ​អង្គ និង​បុត្រី​ដប់​ប្រាំមួយ​អង្គ។ 22កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័ប៊ីយ៉ា​បាន​ធ្វើ និងរាជ‌ឱង្ការ​ដែល​ទ្រង់ថ្លែង បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ២ របា‌ក្សត្រ 13