១ សាំយូអែល 20
20
មិត្តភាពរវាងដាវីឌនឹងយ៉ូណាថាន
1ដាវីឌបានរត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា៖ «តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសម្លាប់ខ្ញុំដូច្នេះ?» 2យ៉ូណាថានឆ្លើយថា៖ «សូមកុំឲ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល៍ បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឲ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ»។ 3ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។ 4នោះយ៉ូណាថាននិយាយនឹងដាវីឌថា៖ «ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសម្រេចឲ្យ» 5ដាវីឌឆ្លើយថា៖ «មើល៍ ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទីបីវិញ 6បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុងមួយឆ្នាំម្តង 7ប្រសិនបើស្ដេចមានរាជឱង្ការយ៉ាងនេះថា "អើ" ដូច្នេះ ខ្ញុំជាអ្នកបម្រើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើស្ដេចខ្ញាល់វិញ នោះត្រូវដឹងថា ស្ដេចមានបំណងនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ។ 8ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបម្រើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសេចក្ដីសញ្ញានៅចំពោះព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានអំពើទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសម្លាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ»។ 9យ៉ូណាថានឆ្លើយថា៖ «សូមឲ្យសេចក្ដីនេះថយឆ្ងាយពីអ្នកទៅ ប្រសិនបើខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសម្រេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬ?»។ 10រួចដាវីឌនិយាយនឹងយ៉ូណាថានថា៖ «បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ?» 11យ៉ូណាថានឆ្លើយតបថា៖ «ចូរយើងចេញទៅឯវាលសិន» នោះក៏នាំគ្នាចេញទៅទាំងពីរនាក់។
12ដល់ហើយ យ៉ូណាថានមានវាចាថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសម្រេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក 13តែប្រសិនបើបិតាខ្ញុំសព្វព្រះហឫទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយអ្នក ដូចជាទ្រង់បានគង់ជាមួយបិតាខ្ញុំដែរ 14ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសម្ដែងសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ាដល់ខ្ញុំ ដើម្បីកុំឲ្យខ្ញុំស្លាប់ 15ហើយកុំផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីក្រុមគ្រួសារខ្ញុំ ជារៀងរហូតតទៅ នៅពេលព្រះយេហូវ៉ាដកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីផែនដី »។ 16គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ានឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។ 17រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក។
18យ៉ូណាថានក៏និយាយថា៖ «ថ្ងៃស្អែកជាថ្ងៃចូលខែហើយមុខជាគេនឹងយល់ឃើញថាខ្វះអ្នកដែរ ដោយកៅអីរបស់អ្នកនៅទំនេរ 19លុះបានផ្អាកនៅអស់បីថ្ងៃហើយ នោះអ្នកត្រូវចុះទៅឯកន្លែងដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវនៅក្បែរថ្មដាអេសែល 20ខ្ញុំនឹងបាញ់ព្រួញបីឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ 21រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ឲ្យទៅដោយថា "ចូរទៅរកព្រួញមក" ហើយបើខ្ញុំនិយាយទៅក្មេងនោះថា "មើល៍ ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក" នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្ដីមេត្រីដល់អ្នកប៉ុណ្ណោះ 22តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល៍ ព្រួញនៅខាងនាយឯងឯណោះ នោះអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាបានឲ្យអ្នកទៅហើយ 23ឯដំណើរដែលយើងបានសម្រេចគ្នា នោះមានព្រះយេហូវ៉ាគង់នៅជាកណ្ដាលអ្នក និងខ្ញុំ រហូតតទៅស្រាប់ហើយ»។
24ដូច្នេះ ដាវីឌក៏ទៅពួននៅឯទីវាល លុះដល់ថ្ងៃចូលខែហើយ នោះស្ដេចក៏គង់សោយព្រះស្ងោយ 25ទ្រង់ក៏គង់នៅលើអាសនាត្រង់ជិតជញ្ជាំង ដូចជាសព្វមួយដង ឯយ៉ូណាថានលោកឈរនៅ ហើយអ័ប៊ីនើរអង្គុយនៅក្បែរសូល តែឯកន្លែងរបស់ដាវីឌនៅជាទំនេរវិញ។
26នៅថ្ងៃនោះ ស្ដេចសូលមិនបានមានរាជឱង្ការអ្វីសោះ ដោយស្មានថា មានការអ្វីកើតឡើងហើយ ប្រាកដជាវាមិនស្អាតទេ ។ 27លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទីពីរ កន្លែងដាវីឌនៅក៏តែទំនេរទៀត នោះសូលមានរាជឱង្ការសួរយ៉ូណាថានជាបុត្រាទ្រង់ថា៖ «ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង?» 28យ៉ូណាថានទូលឆ្លើយថា ដាវីឌបានអង្វរ សូមឲ្យទូលបង្គំបើកឲ្យគាត់ទៅឯបេថ្លេហិមហើយ។ 29ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតគ្រួសាររបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយបិតាទេ។
30ខណៈនោះ ស្ដេចសូលក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា៖ «នែ៎ អាកូនរឹងទទឹង មិនស្ដាប់បង្គាប់ តើយើងមិនដឹងថាឯងបានយកកូនអ៊ីសាយនេះធ្វើជាមិត្តសម្លាញ់ ដែលនាំឲ្យឯងត្រូវខ្មាសគេ ហើយម្តាយឯងក៏ត្រូវខ្មាសគេដែរទេឬ? 31ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ»។ 32តែយ៉ូណាថានទូលទាស់ថា៖ «ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើគាត់បានធ្វើអ្វីខ្លះ?» 33ស្ដេចសូលពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសម្រេចព្រះហឫទ័យនឹងសម្លាប់ដាវីឌហើយ។ 34ដូច្នេះ យ៉ូណាថានក៏ក្រោកចេញពីតុ ដោយមានកំហឹងជាខ្លាំង ហើយនៅថ្ងៃទីពីរនោះ លោកមិនបានបរិភោគអ្វីសោះ ដោយមានការឈឺឆ្អាលចំពោះដាវីឌ ហើយព្រោះបិតាបានធ្វើឲ្យមានសេចក្ដីខ្មាសផង។
35ដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង 36លោកក៏ប្រាប់ដល់ក្មេងនោះថា៖ «ចូរឯងរត់ទៅយកព្រួញ ដែលយើងនឹងបាញ់ឥឡូវនេះមក» កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញមួយទៅខាងនាយវា 37តែកាលក្មេងបានរត់ទៅដល់កន្លែងដែលព្រួញធ្លាក់ នោះយ៉ូណាថានស្រែកទៅតាមថា៖ «នៅខាងនាយឯងឯណោះ» 38រួចយ៉ូណាថានក៏ស្រែកទៅតាមវាម្តងទៀតថា៖ «ឲ្យឆាប់ៗ ប្រញាប់ឡើង កុំឲ្យឈប់ឡើយ!»។ ដូច្នេះ ក្មេងនោះក៏រើសព្រួញ រួចត្រឡប់មកឯចៅហ្វាយវិញ 39តែឥតបានដឹងការអ្វីឡើយ មានតែយ៉ូណាថាន និងដាវីឌប៉ុណ្ណោះ ដែលដឹងការនោះ 40រួចយ៉ូណាថានលោកប្រគល់គ្រឿងបាញ់ទៅក្មេង ដោយប្រាប់ថា៖ «ចូរយកទៅក្នុងទីក្រុងចុះ»។ 41កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់បីដង រួចក៏ឱបគ្នាថើបដោយយំទាំងពីរនាក់ ឯដាវីឌយំខ្លាំងជាង 42ពេលនោះ យ៉ូណាថានមានប្រសាសន៍ទៅកាន់ដាវីឌថា៖ «សូមទៅដោយសុខសាន្តចុះ ដ្បិតយើងទាំងពីរនាក់បានស្បថជាមួយគ្នា ក្នុងព្រះនាមព្រះយេហូវ៉ាហើយថា ព្រះយេហូវ៉ានឹងគង់កណ្ដាលខ្ញុំ និងអ្នក ហើយកណ្ដាលពូជពង្សរបស់ខ្ញុំ និងពូជពង្សរបស់អ្នករហូតតទៅ»។ ដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានត្រឡប់ចូលទៅក្នុងទីក្រុងវិញ។
Currently Selected:
១ សាំយូអែល 20: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies