YouVersion Logo
Search Icon

១ សាំ‌យូ‌អែល 2

2
សេចក្តី​អធិស្ឋាន​របស់​នាងហា‌ណា
1នាង​ហា‌ណា​អធិស្ឋាន​ថា៖
«ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​នឹង​ព្រះ‌យេហូវ៉ា
កម្លាំង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ក្នុង​ព្រះ​របស់​ខ្ញុំ
មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ
ព្រោះ​ខ្ញុំ​ម្ចាស់​មាន​អំណរ​នឹង​សេចក្ដី​សង្គ្រោះ
របស់​ព្រះ‌អង្គ។
2គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះ‌យេហូវ៉ា​ឡើយ
ដ្បិត​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​សោះ
ក៏​គ្មាន​ថ្ម‌ដា​ដែល​រឹង​មាំ
ដូច​ជា​ព្រះ​របស់​យើង​ខ្ញុំ​ដែរ។
3កុំ​ពោល​ពាក្យ​អំនួត​លើស​លុប​ដូច្នេះ​ទៀត
កុំ​ឲ្យ​មាន​សេចក្ដី​ឃ្នើស​ចេញ​ពី​មាត់​ឯង​ឡើយ
ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ជ្រាប​ទាំង​អស់
គឺ​ព្រះ‌អង្គ​ហើយ​ដែល​ថ្លឹង​អស់​ទាំង​អំពើ។
4ធ្នូ​របស់​ពួក​ខ្លាំង​ពូកែ​បាន​បាក់​ហើយ
តែ​ពួក​អ្នក​ដែល​ល្វើយ
បាន​ក្រវាត់​ឡើង​ដោយ​កម្លាំង។
5ពួក​អ្នក​ដែល​ពី​ដើម​ឆ្អែត
គេ​នឹង​ទៅ​ជា​ស៊ី​ឈ្នួល​ចិញ្ចឹម​ជីវិត
ដល់​ពួក​អ្នក​ដែល​ធ្លាប់​អត់‌ឃ្លាន
ឲ្យ​គេ​បាន​ឆ្អែត​វិញ
បាន​ជា​ស្ត្រី​អារ​អាច​បង្កើត​កូន
បាន​ដល់​ទៅ​ប្រាំពីរ​នាក់
តែ​ស្ត្រី​ដែល​ធ្លាប់​មាន​កូន​ច្រើន
ទៅ​ជា​គ្មាន​កូន​ទៅ​វិញ។
6សេចក្ដី​ស្លាប់ និង​ជីវិត គឺ​ស្រេច​លើ​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គ​នាំ​ចុះ​ទៅ​ដល់
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ហើយ​ក៏​នាំ​ឡើង​មក​វិញ​បាន​ដែរ។
7ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ក្រ ហើយ​ធ្វើ​ឲ្យ​មាន​ក៏​បាន
ព្រះ‌អង្គ​ជា​អ្នក​បន្ទាប
ហើយ​ព្រះ‌អង្គ​ក៏​ជា​អ្នក​លើក​ឡើង​ដែរ។
8ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី
ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត
ពី​គំនរ​លាមក​ឡើង
ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់
ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម
ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី
ជា​របស់​ព្រះ‌យេហូវ៉ា
ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក
នៅ​លើ​សសរ​ទាំង​នោះ។
9ព្រះ‌អង្គ​នឹង​គាំ‌ពារ​ជើង
ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ
តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់
នៅ​ក្នុង​ទី​ងងឹត​វិញ
ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​កម្លាំង​បាន​ទេ។
10ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា
នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ
ព្រះ‌អង្គ​នឹង​បញ្ចេញ​ផ្គរ‌លាន់
ពី​លើ​មេឃ​មក​ទាស់​នឹង​គេ
ព្រះ‌យេហូវ៉ា​នឹង​ជំនុំ‌ជម្រះ
រហូត​ដល់​អស់​ទាំង​ចុង​ផែនដី
ហើយ​នឹង​ប្រទាន​អំណាច​ដល់​ស្តេច
ដែល​ព្រះ‌អង្គ​តែង​តាំង
ព្រម​ទាំង​ប្រទាន​កម្លាំង​ដល់​អ្នក
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង»។
11បន្ទាប់​មក លោកអែល‌កា‌ណា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ទុក​កូន​តូច​ឲ្យ​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌មួយ​សង្ឃ​អេលី។
កូន​ប្រុស​កំណាច​របស់​លោក​អេលី
12កូន​ប្រុស​របស់​លោកអេលី​ជា​មនុស្ស​អាក្រក់ ឥត​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ 13គេ​ជា​សង្ឃ​ដែល​ទម្លាប់​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​យ៉ាង​ដូច្នេះ គឺ​បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បម្រើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​បី​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់ 14ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​កំសៀវ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ។ គេ​ធ្វើ​ដូច្នោះ​ដាក់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ស៊ីឡូរ។ 15មួយ​ទៀត មុន​ដែល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​ទៅ​កាន់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ឲ្យ​សាច់​ដែល​ត្រូវ​អាំង​ដល់​ពួក​សង្ឃ​មក ព្រោះ​លោក​មិន​យក​សាច់​ស្ងោរ​ពី​អ្នក​ទេ លោក​យក​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ 16ប្រសិន‌បើ​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា៖ «ចាំ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ» គេ​ឆ្លើយ​ឡើង​ថា៖ «ទេ! ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ ខ្ញុំ​នឹង​យក​ទាំង​បង្ខំ»។ 17ដូច្នេះ យុវជន​ទាំង​នោះ​ធ្វើ​បាប​ធ្ងន់​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គេ​បាន​មើល​ងាយ​តង្វាយ​របស់​ព្រះ‌យេហូវ៉ា។
កុមារ​សាំយូ‌អែល​នៅ​ស៊ីឡូរ
18កុមារ​សាំយូ‌អែល​តែង​តែ​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស។ 19រាល់​ឆ្នាំ ម្តាយ​របស់​គាត់​ធ្លាប់​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា‌មួយ​ប្តី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ឆ្នាំ។ 20លោក​អេលី​បាន​ឲ្យ​ពរ​ដល់​លោក​អែល‌កា‌ណា និង​ប្រពន្ធ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​ស្រ្តី​នេះ ជំនួស​កូន​ដែល​នាង​បានទូល​សូម​ពី​ព្រះ‌យេហូវ៉ា» ហើយ​គេ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។
21ក្រោយ​មក ព្រះ‌យេហូវ៉ា​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហា‌ណា​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​បី កូន​ស្រី​ពីរ​ទៀត ហើយ​កុមារ​សាំយូ‌អែល​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
ទំនាយ​ទាស់​នឹង​គ្រួសារ​របស់​លោក​អេលី
22ឥឡូវ​នេះ លោកអេលី​ចាស់​ណាស់​ហើយ គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​កូន​របស់​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​អំពើ​ដែល​គេ​តែង​ដេក​ជា‌មួយ​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង។ 23លោក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​អំពើ​យ៉ាង​នេះ? ពុក​បាន​ឮ​ប្រជាជន​គ្រប់​គ្នា​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន។ 24កុំ​អី កូន​អើយ ជា​ការ​មិន​ល្អ​ទេ​ដែល​ពុក​ឮ​ប្រជាជន​និយាយ​យ៉ាង​នេះ គឺ​អាក្រក់​ហួស​ហេតុ​ណាស់។ 25ប្រសិន‌បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ម្នាក់​ទៀត ព្រះ​នឹង​សម្រុះ​សម្រួលឲ្យ​អ្នក​នោះ តែ​ប្រសិន‌បើ​មនុស្ស​ប្រព្រឹត្តអំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន?» ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រហារ​ជីវិត​ពួក​គេ​ចោល។
26កុមារ​សាំយូ‌អែល​ក៏​ចេះ​តែ​មាន​វ័យ​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង។
27គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ "តើ​យើង​មិន​បាន​លេច​មក ឲ្យ​បុព្វ‌បុរស​របស់​អ្នក​ឃើញ​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ទេ​ឬ? 28តើ​យើង​មិន​បាន​រើស​យក​គេ ពី​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​របស់​យើង ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​អាសនា​របស់​យើង ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​យើង ព្រម​ទាំង​ចែក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ទេ​ឬ? 29ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ​របស់​យើង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​របស់​យើង ដោយ​រាប់​អាន​កូន​របស់​អ្នក​ជា​ជាង​យើង​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ខ្លួន​ធំ​ធាត់ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​តង្វាយ​របស់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដូច្នេះ?" 30ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​សន្យា​ដល់​គ្រួសារ​របស់​អ្នក និង​ពូជ​ពង្ស​បុព្វ‌បុរស​របស់​អ្នក ថា​ឲ្យ​ដើរ​នៅ​មុខ​យើង​ជា​រៀង​រហូត" តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា "យើង​បាន​បោះ​បង់​គំនិត​នោះ​ចោល​ឆ្ងាយ​ពី​យើង​ទៅ​ហើយ ព្រោះ​អស់​អ្នក​ណា​ដែល​លើក​តម្កើង​យើង នោះ​យើង​នឹង​តម្កើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ដល់​យើង នោះ​យើង​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ។ 31មើល៍! នឹង​មាន​គ្រា​មក​ដល់ យើង​នឹង​កាត់​អំណាច​របស់​អ្នក​ចេញ ព្រម​ទាំង​អំណាច​របស់​បុព្វ‌បុរស​របស់​អ្នក​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ឡើយ។ 32ពេល​នោះ អ្នក​នឹង​មានចិត្ត​ច្រណែន ទាំង​ឈឺ​ចាប់ ដោយ​ឃើញ​ការ​ចម្រុង​ចម្រើន ដែល​ព្រះ​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ជា​រៀង​រហូត។ 33ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​យើង​មិន​កាត់​ចេញ​ពី​អាសនា​របស់​យើង អ្នក​ដែល​យើង​មិន​កាត់​ចេញ​នោះ គឺ​ទុក​សម្រាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​របស់​អ្នក និង​បញ្ឈឺ​ចិត្ត​អ្នក​វិញ ហើយ​កូន​ចៅ​ក្នុង​ពូជ​ពង្ស​របស់​អ្នក នឹង​ស្លាប់​ដោយ​មុខ​ដាវ ។ 34នេះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី និង​ភីនេ‌ហាស កូន​ទាំង​ពីរ​នាក់​របស់​អ្នក គឺ​គេ​នឹង​ស្លាប់​ទាំង​ពីរ​នាក់​នៅ​ថ្ងៃ​តែ​មួយ។ 35យើង​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​មួយ​ដែល​ស្មោះ​ត្រង់​សម្រាប់​យើង ជា​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​តាម​គំនិត​យើង​វិញ ហើយ​យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​គ្រួសារ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​យើង​ចាក់​ប្រេង‌តាំង​ឲ្យ​ជា​រៀង​រហូត​ទៅ។ 36ពួក​អ្នក​ដែល​នៅ​សល់​ពី​គ្រួសារ​របស់​អ្នក គេ​នឹង​មក​លុត​ក្រាប​ចំពោះ​អ្នក​នោះ ដើម្បី​ឲ្យ​បាន​ប្រាក់ និង​នំបុ័ង ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ណា​មួយ ដើម្បី​ឲ្យ​បាន​អាហារ​បរិ‌ភោគ​ផង"»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in