YouVersion Logo
Search Icon

១ ពង្សាវ‌តារ‌ក្សត្រ 7

7
រាជ‌វាំង​របស់ព្រះបាទ​សាឡូម៉ូន និង​សំណង់​ផ្សេងៗទៀត
1ព្រះបាទ​សាឡូម៉ូន​បាន​សង់​ដំណាក់​របស់​ទ្រង់ អស់​រយៈ​ពេល​ដប់​បី​ឆ្នាំ ទើបសង់​រួច​រាល់​ទាំង​អស់។
2ទ្រង់​បាន​សង់​មន្ទីរ​ព្រៃ​ល្បាណូន មាន​បណ្តោយ​មួយរយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កម្ពស់​សាមសិប​ហត្ថ មាន​សសរ​តា‌ត្រៅ​បួន​ជួរ ដាក់​ធ្នឹម​តា‌ត្រៅ​នៅ​លើ​សសរ​ទាំង​នោះ 3ក៏​ប្រក់​ដោយ​ឈើ​តា‌ត្រៅ នៅ​លើ​ធ្នឹម​ទាំង​សែសិបប្រាំ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​មួយ​ជួរ​មាន​ដប់ប្រាំ។ 4ឯ​បង្អួច​មាន​បី​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​បី​ជាន់។ 5ទ្វារ​ទាំង​អស់ និង​ក្រប ក៏​ធ្វើ​ពី​ឈើ​បួន​ជ្រុង ព្រម​ទាំង​បង្អួច​បី​ជាន់ ប្រទល់​គ្នា​នោះ​ដែរ។
6ទ្រង់​ក៏​ធ្វើ​ថែវ​ដោយ​មាន​សសរ ថែវ​នោះ​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​សាមសិប​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរ និង​ធ្នឹម​ពី​លើ​ជុំ‌វិញ។
7ទ្រង់​ក៏​ធ្វើ​មន្ទីរ​ថែវ​សម្រាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តា‌ត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិតាន។
8ដំណាក់​ដែល​ទ្រង់​គង់​នៅ ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី​ធ្លា​មួយ​ទៀត ក៏​នៅ​ខាង​អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​មួយ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សម្រាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។
9ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ​ដោយ​ថ្ម​មាន​តម្លៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម​ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី​ធ្លា​ធំ​ដែរ។ 10ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម​មាន​តម្លៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​ដប់​ហត្ថ ខ្លះ​ប្រាំបី​ហត្ថ 11ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម​ដែល​មាន​តម្លៃ ដាប់​តាម​ទំហំ និង​ឈើ​តា‌ត្រៅ​ផង 12ឯ​ទី​ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់​នៅ​ជុំ‌វិញ ដូច​ជា​ទី‌លាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ដូច​ជា​ថែវ​នៃ​ព្រះ‌វិហារ​ដែរ។
ផលិតផល​របស់​ស្ដេច​ហ៊ីរ៉ាម​ធ្វើ​ពី​លង្ហិន
13ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស​មក។ 14អ្នក​នោះ​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ក្នុង​កុល‌សម្ពន័្ធ​ណែប‌ថា‌លី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី​ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ព្រះបាទ​សាឡូម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់។
15គាត់​សិត​ធ្វើ​សសរ​ពីរ​ដោយ​លង្ហិន ទាំង​ពីរ​មាន​កម្ពស់​ដប់​ប្រាំបី​ហត្ថ​ដូច​គ្នា ហើយ​បើ​វាស់​ជុំ‌វិញ នោះ​ត្រូវ​ជា​ដប់ពីរ​ហត្ថ​ក្នុង​សសរ​មួយៗ។ 16គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​ពីរ​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​ពីរ មួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ​ដូច​គ្នា។ 17មាន​ក្បាច់​តារាង ដូច​ជា​ក្រឡា​អួន ហើយ​មាន​វង់​កម្រង​ច្រវាក់​ប្រាំពីរ​នៅ​ក្បាល​សសរ​មួយៗ ក្នុង​ទាំង​ពីរ​នោះ។ 18គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​ពីរ ហើយ​មាន​ផ្លែ​ទទឹម​ពីរ​ជួរ​ព័ទ្ធ​ជុំ‌វិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សម្រាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​ពីរ។ 19ឯ​ក្បាល​សសរ​នៃ​ថែវ​មាន​កម្ពស់​បួន​ហត្ថ ក៏​មាន​ក្បាច់​ជា​ផ្កា​ច័ន្ធូ 20មាន​ក្បាល​នៅ​លើ​សសរ​ទាំង​ពីរ​នោះ​ដែរ ជាប់​ពី​គែម​ត្រង់​ក្បាច់​ក្រឡា​អួន ហើយ​មាន​ផ្លែ​ទទឹម​ពីររយ រៀប​ជា​ពីរ​ជួរ​នៅ​ព័ទ្ធ​ជុំ‌វិញ​សសរ​ទាំង​ពីរ​នោះ​ដូច​គ្នា។ 21គាត់​ក៏​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ​ឡើង នៅ​ត្រង់​ថែវ​នៃ​ព្រះ‌វិហារ កាល​គាត់​បាន​លើក​សសរ​ខាង​ស្តាំ​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា យ៉ាគិន រួច​កាល​គាត់​លើក​សសរ​ខាង​ឆ្វេង​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា បូអូស។ 22នៅ​ខាង​លើ​សសរ​មាន​ក្បាច់​ផ្កា​ច័ន្ធូ ដូច្នេះ ការ​ធ្វើ​សសរ​នោះ​បាន​រួច​ជា​ស្រេច។
23បន្ទាប់​មក គាត់​ក៏​ធ្វើ​ជា​សមុទ្រ​ពី​លង្ហិន មាន​រាង​មូល​ទំហំ​ដប់​ហត្ថ គឺ​ពី​មាត់​ម្ខាង​ទៅ​ដល់​ម្ខាង ហើយ​កម្ពស់​ប្រាំ​ហត្ថ បើ​យក​ខ្សែ​វាស់​ជុំ‌វិញ នោះ​ត្រូវ​ជា​សាមសិប​ហត្ថ។ 24នៅ​ក្រោម​គែម​ជុំ‌វិញ មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់​ក្នុង​មួយ​ហត្ថ នៅ​ព័ទ្ធ​ជុំ‌វិញ ផ្កា​ក្រពុំ​ទាំង​នោះ​បាន​សិត​ជា​ពីរ​ជួរ ក្នុង​កាល​ដែល​គេ​សិត​សមុទ្រ​នោះ​តែ​ម្តង។ 25ក៏​ដាក់​លើ​រូប​គោ​ដប់ពីរ ដែល​មាន​បី​បែរ​ទៅ​ខាង​ជើង បី​បែរ​ទៅ​ខាង​លិច បី​បែរ​ទៅ​ខាង​ត្បូង ហើយ​បី​បែរ​ទៅ​ខាង​កើត សមុទ្រ​នោះ​បាន​ដាក់​តម្កល់​លើ​ខ្នង​គោ ហើយ​គូថ​របស់​គោ​ទាំង​នោះ បែរ​ទៅ​ខាង​ក្នុង​ទាំង​អស់។ 26តួ​សមុទ្រ​នោះ​មាន​កម្រាស់​មួយ​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​ពីរ​ពាន់​អម្រែក ។
27គាត់​ក៏​ធ្វើ​គ្រោង​លង្ហិន​ដប់ បណ្តោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ ហើយ​កម្ពស់​បី​ហត្ថ 28គ្រោង​ទាំង​នោះ​បាន​ធ្វើ​យ៉ាង​ដូច្នេះ គឺ​មាន​បន្ទះ​ដែល​មាន​ក្រប​ជុំ‌វិញ ហើយ​មាន​ក្រប​ខណ្ឌ​កណ្ដាល​ទៀត។ 29ឯ​បន្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​ក្រប នោះ​មាន​ឆ្លាក់​ជា​រូប​សិង្ហ គោ និង​ចេរូ‌ប៊ីម ឯ​នៅ​ខាង​លើក្រប​នោះ មាន​ជើង​កំណល់ ហើយ​ក្រោម​រូប​សិង្ហ និង​គោ​នោះ មាន​ក្បាច់​រំយោល 30គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​បួន និង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​បួន​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កម្រង​ខាងៗ​ទាំង​អស់។ 31ខាង​ក្នុង​គ្រោង​នោះ មាន​កំណល់​បែប​ដូច​ជា​ជើង​តាំង​កម្ពស់​មួយ​ហត្ថ រាង​មូល​មួយ​ហត្ថ​កន្លះ មាន​ក្បាច់​ចម្លាក់​ផង តែ​បន្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ជា​បួន​ជ្រុង​វិញ មិន​មែន​មូល​ទេ។ 32ឯ​ខាង​ក្រោម​បន្ទះ នោះ​មាន​កង់​បួន ភ្លៅ​កង់​ទាំង​នោះ​នៅ​ជាប់​នឹង​តួ​គ្រោង កង់​មួយ​កម្ពស់​មួយ​ហត្ថ​កន្លះ។ 33ឯ​របៀប​ធ្វើ​កង់​ទាំង​នោះ ក៏​ដូច​ជា​ធ្វើ​កង់​រទេះ​ចម្បាំង គឺ​មាន​ទាំង​ភ្លៅ ទាំង​ខ្នង​កង់ ទាំង​កាំ និង​ដុំ​ផង គ្រឿង​ទាំង​នោះ​បាន​សិត​ដោយ​លង្ហិន​ទាំង​អស់។ 34នៅ​ត្រង់​ជ្រុង​ទាំង​បួន​របស់​គ្រោង​ទាំង​នោះ មាន​កំណល់​ដែល​សិត​ជាប់​ជា‌មួយ​តួ​គ្រោង​នោះ​ឯង។ 35ហើយ​ពី​ខាង​លើ​ជញ្ជាំង​គ្រោង​នោះ មាន​បន្ទះ​ចេញ​ជា​រាង​មូល កម្ពស់​កន្លះ​ហត្ថ ឯ​ខាង​លើ​បន្ទះ​នោះ និង​ជើង​កំណល់ បាន​ភ្ជាប់​ជា‌មួយ​គ្នា 36គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម សិង្ហ និង​ដើម​លម៉ើ នៅ​នឹង​បន្ទះ​ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ​ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំ‌វិញ​ដែរ។ 37គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​គ្រោង​ទាំង​ដប់​នោះ ទាំង​អស់​សិត​ពី​ពុម្ព​តែ​មួយ មាន​ទំហំ​មាន​រាង​ដូច​គ្នា។
38គាត់​ក៏​ធ្វើ​បាន​ក្លាំ​លង្ហិន​ដប់ ចាន​នីមួយៗ​ចំណុះ​ទឹក​សែសិប​អម្រែក មាន​ទំហំ​បួន​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​ដប់ នោះ​មាន​ចាន​ក្លាំ​មួយៗ 39រួច​គាត់​ដាក់​គ្រោង​ប្រាំ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​ប្រាំ​នៅ​ខាង​ឆ្វេង រួច​ក៏​ដាក់​សមុទ្រ​នោះ ត្រង់​ខាង​ស្តាំ​ព្រះ‌វិហារ ទិស​ខាង​កើត ឆៀង​ខាង​ត្បូង។
40ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា 41គឺ​សសរ​ទាំង​ពីរ តួ​ក្បាល​សសរ​ទាំង​ពីរ ដែល​នៅ​លើ​កំពូល​សសរ និង​ក្បាច់​ក្រឡា​អួន សម្រាប់​បិទ​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​សសរ​នោះ​ជុំ‌វិញ 42ហើយ​ផ្លែ​ទទឹម​ទាំង​បួនរយ សម្រាប់​ក្បាច់​ក្រឡា​អួន​នោះ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សម្រាប់​ក្បាច់​ក្រឡា​អួន​មួយៗ ដើម្បី​នឹង​បាំង​ទី​ភ្ជាប់​តួ​ក្បាល​សសរ​ទាំង​ពីរ​នោះ 43ព្រម​ទាំង​គ្រោង​ដប់ និង​ចាន​ក្លាំ​ដប់ ដែល​នៅ​លើ​គ្រោង​ទាំង​នោះ 44និង​សមុទ្រ​មួយ ហើយ​គោ​ទាំង​ដប់ពីរ ដែល​ទ្រ​ពី​ខាង​ក្រោ​ម។
45ហើយ​ទាំង​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង។ 46ស្តេច​បាន​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្ដាល​ភូមិ​ស៊ូកូថ និង​សារ‌ថាន។ 47ព្រះបាទ​សាឡូម៉ូន​មិន​បាន​ថ្លឹង​របស់​ទាំង​នោះ​ទេ ព្រោះ​មាន​ច្រើន​ក្រៃ‌លែង ហើយ​ដែល​លង្ហិន​ទាំង​នោះ​ទម្ងន់​ប៉ុណ្ណា នោះ​ក៏​គ្មាន​អ្នក​ណា​រក​ដឹង​បាន​ឡើយ។
48ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រប់​អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​អាស‌នា​មាស តុ​មាស​សម្រាប់​ដាក់​នំបុ័ង​តាំង​ទុក 49ជើង​ចង្កៀង​មាស​សុទ្ធ​ទាំង​ប៉ុន្មាន ប្រាំ​ខាង​ស្តាំ ប្រាំ​ខាង​ឆ្វេង នៅ​មុខ​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ​ធ្វើ​ពី​មាស 50ហើយ​ទាំង​ឆ្នាំង ដង្កៀង ចាន​គោម កូន​ចាន និង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សម្រាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សម្រាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។
51ដូច្នេះ អស់​ទាំង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​រួច​ជា​ស្រេច​ហើយ ទ្រង់​ក៏​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​បិតា​របស់​ទ្រង់ បាន​ថ្វាយ ចូល​មក​ដែរ គឺ​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ក៏​ដាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in