YouVersion Logo
Search Icon

១ ពង្សាវ‌តារ‌ក្សត្រ 6

6
ព្រះបាទ​សាឡូម៉ូន​សាងសង់​ព្រះ‌វិហារ
1ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ក្រុង​អេស៊ីព្ទ​មក បាន​បួន​រយ​ប៉ែតសិប​ឆ្នាំ គឺ​នៅ​ឆ្នាំ​ទី​បួន​ដែល​ព្រះបាទ​សាឡូម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ក្នុង​ខែ​ទី​ពីរ ព្រះបាទ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 2ឯ​ព្រះ‌វិហារ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មាន​បណ្តោយ​ហុកសិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​សាមសិប​ហត្ថ 3មាន​ថែវ​ខាង​មុខ​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ បណ្តោយ​ម្ភៃ​ហត្ថ ឲ្យ​ត្រូវ​ទទឹង​ព្រះ‌វិហារ ហើយ​ទទឹង​ដប់​ហត្ថ ចេញ​ពី​មុខ​ព្រះ‌វិហារ​ទៅ 4ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​បង្អួច​ក្នុង​ព្រះ‌វិហារ មាន​ចម្រឹង​ខ្ទាស់​គ្នា 5ឯ​ជាប់​នឹង​ជញ្ជាំង​ព្រះ‌វិហារ និង​ទី​បរិសុទ្ធ​បំផុត នោះ​ក៏​ធ្វើ​បន្ទប់​យ៉​ភ្ជាប់​នឹង​ជញ្ជាំង​ជា​ខណ្ឌៗ​នៅ​ជុំ‌វិញ។ 6ឯ​ជាន់ ក្រោម​បង្អស់​មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំមួយ​ហត្ថ ហើយ​ជាន់​ទី​បី​មាន​ទទឹង​ប្រាំពីរ​ហត្ថ ព្រោះ​ខាង​ក្រៅ​ជញ្ជាំង​នៃ​ព្រះ‌វិហារ ទ្រង់​ធ្វើ​ឲ្យ​រៀវ​ទៅ​ជា​ថ្នាក់ៗ​នៅ​ជុំ‌វិញ ដើម្បី​កុំ​ឲ្យ​រត់​ចូល​ទៅ​ក្នុង​ជញ្ជាំង​នោះ។
7មួយ​ទៀត កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរ ឬ​ពូថៅ ឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ។
8ឯ​ទ្វារ​នៃ​បន្ទប់​ខាងៗ​ថ្នាក់​កណ្ដាល នោះ​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ គេ​ឡើង​ទៅ​ដល់​ថ្នាក់​កណ្ដាល​នោះ ហើយ​ពី​ថ្នាក់​កណ្ដាល​ទៅ​ឯ​ថ្នាក់​ទី​បី​ដោយ‌សារ​ជណ្តើរ​វង់ 9ដូច្នេះ ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​ហើយ​ជា​ស្រេច រួច​ទ្រង់​ធ្វើ​គ្រោង​ដំបូល ហើយ​ប្រក់​ដោយ​ឈើ​តា‌ត្រៅ។ 10ស្ដេច​ក៏សង់​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំ‌វិញ ជាន់​នីមួយៗ មាន​កម្ពស់​ប្រាំ​ហត្ថ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តា‌ត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។
11គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សាឡូម៉ូន​ថា៖ 12«ព្រះ‌វិហារ​ដែល​ឯង​កំពុង​តែ​ស្អាង​នេះ បើ​ឯង​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​យើង ហើយ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រក្សា​សេចក្ដី​បង្គាប់​របស់​យើង​ទាំង​ប៉ុន្មាន ដើម្បី​នឹង​ប្រព្រឹត្ត​តាម នោះ​យើង​នឹង​សម្រេច​ដល់​អ្នក តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​អ្នក 13ហើយ​យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​បោះ‌បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។
14ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច 15ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តា‌ត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ។ 16ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​ម្ភៃ​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តា‌ត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សម្រាប់​ទទួល​ព្រះ‌បន្ទូល។ 17ផ្នែក​ខាង​មុខ​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​សែសិប​ហត្ថ។ 18ឈើ​តា‌ត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះ‌វិហារ ឆ្លាក់​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ​ដោយ​ឈើ​តា‌ត្រៅ ឥត​ឃើញ​ថ្ម​ឡើយ។ 19ទ្រង់​រៀបចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សម្រាប់​ដាក់​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ 20ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត មាន​បណ្តោយ​ម្ភៃ​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ម្ភៃ​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាស‌នា​ដែល​ធ្វើ​ពី​ឈើ​តា‌ត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ។ 21ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ។ 22ដូច្នេះ ព្រះ‌វិហារ​ទាំង​មូល​សុទ្ធ​តែ​ស្រោប​ដោយ​មាស ទាល់​តែ​បាន​រួច​ជា​ស្រេច​ទាំង​អស់ ទោះ​ទាំង​អាស‌នា​ទាំង​មូល​របស់​ទី​បរិសុទ្ធ​បំផុត ក៏​ស្រោប​ដោយ​មាស​ដែរ។
គ្រឿង​សង្ហារិម​ក្នុង​ព្រះវិហារ
23នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត ទ្រង់​បាន​ធ្វើ​រូប​ចេរូ‌ប៊ីម​ពីរ ដោយ​ឈើ​អូលីវ មាន​កម្ពស់​ដប់​ហត្ថ​ទាំង​គូ។ 24ស្លាប​ម្ខាងៗ​របស់​ចេរូ‌ប៊ីម​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ដល់​ចុង​ស្លាប​ម្ខាង ត្រូវ​ជា​ដប់​ហត្ថ 25ឯ​ចេរូ‌ប៊ីម​មួយ​ទៀត​នោះ ក៏​មាន​ដប់​ហត្ថ​ដែរ ចេរូ‌ប៊ីម​ទាំង​ពីរ​មាន​រាង​មាន​ទំហំ​ប៉ុន​គ្នា។ 26ចេរូ‌ប៊ីម​មួយ​មាន​កម្ពស់​ដប់​ហត្ថ ហើយ​មួយ​ទៀត​ក៏​យ៉ាង​នោះ​ដែរ 27ទ្រង់​ដាក់​ចេរូ‌ប៊ីម​ទាំង​ពីរ​នៅ​កណ្ដាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូ‌ប៊ីម​ទាំង​ពីរ​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូ‌ប៊ីម​មួយ ទល់​នឹង​ជញ្ជាំង​ម្ខាង និង​ចុង​ស្លាប​ចេរូ‌ប៊ីម​មួយ​ទៀត​ក៏​ទល់​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូ‌ប៊ីម​ទាំង​ពីរ​នៅ​ប្រទល់​គ្នា​ត្រង់​កណ្ដាល​ព្រះ‌វិហារ។ 28ទ្រង់​ក៏​ស្រោប​ចេរូ‌ប៊ីម​ទាំង​ពីរ​ដោយ​មាស​ដែរ។
29ទ្រង់​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំ‌វិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ 30ហើយ​ក្តារ​ក្រាល​ព្រះ‌វិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ។
31ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​ក្នុង​ប្រាំ​នៃ​ជញ្ជាំង។ 32ទ្វារ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូ‌ប៊ីម និង​ដើម​លម៉ើ​ផង។
33ដូច្នេះ នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ទ្រង់​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​បែប​ដូច្នោះ​ដែរ ឯ​ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​ក្នុង​ប្រាំ​នៃ​ជញ្ជាំង 34ហើយ​ផ្ទាំង​ទ្វារ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង។ 35ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចម្លាក់​ផង។ 36ទ្រង់​ធ្វើ​ទី‌លាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់។
37នៅ​ឆ្នាំ​ទី​បួន ខែ​ទីពីរ​នោះ គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 38ដល់​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​ប្រាំបី គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់​តាមគម្រោង។ ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in