YouVersion Logo
Search Icon

១ ពង្សាវ‌តារ‌ក្សត្រ 13

13
អ្នក​សំណព្វ​របស់ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា
1ខណៈ​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ព្រះបាទ​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​នៅ​មុខ​អាស‌នា ដើម្បី​ដុត​កំញាន 2អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាស‌នា​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​អាស‌នា អាសនា​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ "មើល៍ នឹង​មាន​បុត្រា​មួយ​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ"» 3អ្នក​នោះ​ក៏​ប្រាប់​ទី​សម្គាល់​មួយ​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ "មើល៍ អាស‌នា​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ​នឹង​ត្រូវ​ខ្ចាយ​ចេញ"»។ 4ពេល​ស្តេច​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាស‌នា នៅ​ក្រុង​បេត-អែល​ដូច្នោះ ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាស‌នា​ចង្អុល​ទៅ​ថា៖ «ចូរ​ចាប់​វា​ទៅ» ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ កន្ត្រាក់​មក​វិញ​មិន​បាន។ 5អាស‌នា​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់‌ខ្ចាយ​អស់ តាម​ទី​សម្គាល់​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 6ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ»។ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ដូច​កាល​ដើម​វិញ។ 7ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ សម្រាក​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក»។ 8តែ​អ្នក​សំណព្វ​របស់​ព្រះ​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ព្រះករុណា​ប្រទាន​ដំណាក់​ទ្រង់​មួយ​ចំហៀង​មក​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ទៅ​ជា‌មួយ​ទ្រង់​ដែរ ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ 9ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហាម​ទូល‌បង្គំ​ថា "កុំ​ឲ្យ​ឯង​បរិ‌ភោគ​អាហារ ឬ​ទឹក ហើយ​កុំ​វិល​មក​វិញ​តាម​ផ្លូវ​ដែល​ឯង​ទៅ​នោះ​ឡើយ"»។ 10ដូច្នេះ គាត់​ក៏​ចេញ​ទៅ​តាម​ផ្លូវ​មួយ​ទៀត ឥត​វិល​ទៅ​តាម​ផ្លូវ​ដែល​មក​ដល់​ក្រុង​បេត-អែល​នោះ​ទេ។
11នៅ​ក្រុង​បេត-អែល មាន​ហោរា​ចាស់​ម្នាក់ កូន​គាត់​ម្នាក់​មក​ប្រាប់​ឪពុក​ពី​គ្រប់​ការ​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ធ្វើ នៅ​ក្រុង​បេត-អែល នៅ​ថ្ងៃ​នោះ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ទូល​ដល់​ស្តេច​ដែរ។ 12គាត់​សួរ​កូន​ថា៖ «តើ​អ្នក​នោះ​បាន​ចេញ​ទៅ​តាម​ផ្លូវ​ណា?» នោះ​កូន​គាត់​ក៏​បង្ហាញ​ផ្លូវ​ដែល​អ្នក​សំណព្វ​របស់​ព្រះ​មក​ពី​ស្រុក​យូដា​បាន​ទៅ។ 13គាត់​ប្រាប់​កូន​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក» កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ។ 14គាត់​ទៅ​តាម​អ្នក​សំណព្វ​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា៖ «តើ​អ្នក​ជា​អ្នក​សំណព្វ​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ?» អ្នក​នោះ​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ 15រួច​គាត់​និយាយ​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​ជា‌មួយ​ខ្ញុំ​សិន»។ 16តែ​អ្នក​នោះ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា‌មួយ​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​បាន​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក​ជា‌មួយ​អ្នក​នៅ​ស្រុក​នេះ​ដែរ 17ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ហាម​ថា "មិន​ត្រូវ​បរិ‌ភោគ​អាហារ ឬ​ទឹក នៅ​ស្រុក​នោះ​ឡើយ ក៏​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​ដែល​ឯង​បាន​ចូល​មក​នោះ​ដែរ"»។ 18ប៉ុន្តែ ហោរា​វ័យ​ចំណាស់ មាន​ប្រសាស​ទៅ​គាត់​ថា៖ «ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា "ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា‌មួយ​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ភោជន៍"»។ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ 19ដូច្នេះ អ្នកសំណព្វ​របស់​ព្រះ ក៏​ត្រឡប់​ទៅ​ជា‌មួយ ព្រម​ទាំង​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះ​គាត់។
20កាល​អ្នក​ទាំង​ពីរ​កំពុង​តែ​អង្គុយ​នៅ​តុ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ហោរា​ដែល​បាន​នាំ​គាត់​ត្រឡប់​មក​វិញ 21ហើយ​អ្នក​នោះ​បន្លឺ​វាចា​ឡើង​ដល់​អ្នក​សំណព្វ​របស់​ព្រះ​ដែល​មក​ពី​ស្រុក​យូដា​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្តិ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ហាម‌ប្រាម 22គឺ​បាន​វិល​មក​វិញ ព្រម​ទាំង​បរិ‌ភោគ​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ហាម​ឯង​ថា "កុំ​ឲ្យ​បរិ‌ភោគ​ភោជន៍​ឡើយ" នោះ​ខ្មោច​របស់​ឯង នឹង​មិន​បាន​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​បុព្វ‌បុរស​ឯង​ឡើយ»។ 23ក្រោយ​ពី​អ្នក​សំណព្វ​របស់​ព្រះ បាន​បរិ‌ភោគ និង​ផឹក​រួច​ហើយ គាត់​ក៏​ចង​កែប​លា​ឲ្យ​ហោរា​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​នោះ។ 24ពេល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​មួយ​តាម​ផ្លូវ សិង្ហ​ក៏​សម្លាប់​គាត់ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្ដាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ។ 25មើល៍! មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្ដាល​ផ្លូវ និង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។
26កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​ហោរា​ដែល​នាំ​គាត់​ពី​ផ្លូវ​មក​វិញ គាត់​ក៏​និយាយ​ថា៖ «នេះ​គឺ​ជា​អ្នក​សំណព្វ​របស់​ព្រះ ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទៅ​ឲ្យ​សត្វ​សិង្ហ​ហែក​សម្លាប់ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ»។ 27បន្ទាប់​មក គាត់​បង្គាប់​ទៅ​កូន​ថា៖ «ចូរ​ចង​កែប​លា​ឲ្យ​ពុក» កូន​ក៏​ចង​ឲ្យ។ 28នោះ​គាត់​ក៏​ចេញ​ទៅ ឃើញ​សព​ដេក​នៅ​កណ្ដាល​ផ្លូវ និង​សត្វ​លា ហើយ​សិង្ហ​កំពុង​តែ​ឈរ​នៅ​ជិត សិង្ហ​នោះ​មិន​បាន​ស៊ី​សព ឬ​ហែក​លា​ឡើយ។ 29ដូច្នេះ ហោរា​នោះ​ក៏​លើក​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​ខ្លួន ដើម្បី​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​អ្នក​សំណព្វ​របស់​ព្រះ។ 30គាត់​ក៏​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ខ្លួន ហើយ​នាំ​គ្នា​កាន់​ទុក្ខ ដោយ​ពាក្យ​ថា៖ «ស្តាយ​ណាស់​ប្អូន​អើយ»។ 31ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ គាត់​ផ្តាំ​កូន​ថា៖ «កាល​ណា​យើង​ស្លាប់​ទៅ ត្រូវ​បញ្ចុះ​សព​យើង​នៅ​ក្នុង​ផ្នូរ ដែល​បាន​បញ្ចុះ​អ្នក​សំណព្វ​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​យើង​នៅ​ទន្ទឹម​គ្នា 32ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាស‌នា​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន​នោះ នឹង​កើត​ឡើង​ពិត​មែន»។
33បន្ទាប់​ពី​ហេតុ​ការណ៍​នោះ​មក យេរ៉ូ‌បោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​ចំណោម​ប្រជាជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​តាម​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ ទ្រង់​ក៏​ប្រោស​តាំង​ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៅ​តាម​ទី​ខ្ពស់​ទៅ។ 34អំពើ​នោះ​ធ្វើ​ឲ្យ​ព្រះ‌វង្សា​យេរ៉ូ‌បោម​ទាំង​អស់​មាន​បាប ត្រូវ​កាត់‌ចេញ ហើយ​រ​លាយ​បាត់​ពី​ផែនដី។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in