YouVersion Logo
Search Icon

១ ពង្សាវ‌តារ‌ក្សត្រ 12

12
រាជា‌ណា‌ចក្រ​ខាង​ជើង​នៅ​ដាច់​ពី​គេ
1ស្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​គ្នា​មក​ត្រង់​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច។ 2កាល​យេរ៉ូ‌បោម ជា​កូន​នេបាត បាន​ឮ​ដំណឹង​នេះ​ភ្លាម (ដ្បិត​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ ជា​កន្លែង​ដែល​លោក​បាន​រត់​គេច​ពី​ព្រះ​បាទ​សាឡូម៉ូន) នោះ​យេរ៉ូបោមក៏​វិល​ត្រឡប់ពី ស្រុក​អេស៊ីព្ទ។ 3ហើយ​មាន​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក នោះ​យេរ៉ូ‌បោម និង​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម ទូល​ថា៖ 4«បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់»។ 5ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សូម​ត្រឡប់​មក​វិញ» ប្រជាជន​ក៏​បង្គំ​លា​ទៅ។
6ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​របស់​ទ្រង់ ពី​ពេល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា៖ «តាម​គំនិត​របស់​លោក​រាល់​គ្នា តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?» 7លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា៖ «នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជាជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។ 8ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ 9ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​យោបល់​យ៉ាង​ណា ដែល​យើង​ឆ្លើយ​នឹង​ប្រជា‌រាស្ត្រ ដែល​គេ​បាន​សូម​យើង​ថា "សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង"?» 10រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា៖ «ប្រជា‌រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា "បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង" ទ្រង់​ត្រូវ​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា "កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​បិតា​យើង​ទៅ​ទៀត។ 11ឯ​បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ"»។
12លុះ​ដល់​ថ្ងៃ​ទី​បី យេរ៉ូ‌បោម និង​ប្រជាជន ក៏​ចូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ថា "នៅ​ថ្ងៃ​ទី​បី ត្រូវ​វិល​មក​ជួប​យើង​វិញ" 13ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ 14គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។ 15ស្ដេច​មិន​ព្រម​ស្តាប់​តាម​ប្រជាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។
16កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា៖
«តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ?
យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ
ឱ​ពួក​អ៊ីស្រា‌អែល​អើយ
ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ
ឥឡូវ​នេះ ដាវីឌ
ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។
ដូច្នេះ ពួក​អ៊ីស្រា‌អែល​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ 17ព្រះបាទ​រេហូ‌បោម​គ្រប់​គ្រង​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​ពួក​យូដា។ 18រួច​មក​ស្តេច​រេហូ‌បោម​ចាត់​អ័ដូ‌រ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​យក​ដុំ​ថ្ម​គប់​លោក​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ 19គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ​រហូត​ដល់​សព្វ​ថ្ងៃ។
យេរ៉ូបោមសោយ​រាជ្យ​លើពួក​អ៊ីស្រា‌អែល
20គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជ្យ​របស់​ដាវីឌ​ឡើយ មាន​តែ​កុល‌សម្ពន័្ធ​យូដា​មួយ​ប៉ុណ្ណោះ។
21ពេល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​កុល‌សម្ពន័្ធ​បេនយ៉ាមីន រួម​ទាំង​អស់​បាន​ប្រុសៗ​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​ព្រះបាទ​សាឡូម៉ូន​វិញ 22ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ 23«ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា និង​បេនយ៉ាមីន ហើយ​ប្រជា​ជន​ឯ​ទៀត​ថា 24"ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ផ្ទះ​របស់​អ្នក​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​យើង​បាន​បង្កើត​ឡើង"»។ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
កូន​គោ​មាស​របស់​ព្រះបាទ​យេរ៉ូបោម
25ក្រោយ​មក យេរ៉ូ‌បោម​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត។
26យេរ៉ូ‌បោម​ទ្រង់​ព្រះ‌តម្រិះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ 27ប្រសិន‌បើ​ប្រជាជន​ទាំង​នេះ ចេះ​តែ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នោះ​ចិត្ត​គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​វិញ គឺ​ឯ​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា គេ​នឹង​សម្លាប់​យើង​ចោល ហើយ​ត្រឡប់​ទៅ​គោរព​តាម​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា»។ 28ដូច្នេះ ស្ដេច​ក៏មាន​គំនិត​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន ថា៖ «ឱ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល៍! នេះ​នែ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ 29ស្ដេច​ក៏​តម្កល់​ទុក​មួយ​នៅ​ក្រុង​បេត-អែល ហើយ​មួយ​ទៀត​នៅ​ក្រុង​ដាន់។ 30ដំណើរ​នេះ​ត្រឡប់​ជា​មាន​បាប ដ្បិត​ប្រជា​ជន​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ​រូប​មួយ​នោះ ដែល​នៅ​ក្រុង​ដាន់។ 31ស្ដេច​ក៏​សង់​វិហារ​នៅ​លើ​ទី​ខ្ពស់ៗ ហើយ​បាន​យក​មនុស្ស​ពីចំណោម​ប្រជាជន ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ 32រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សម្រាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល។ 33ដល់​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ជា​វេលា​ដែល​ទ្រង់​បាន​គិត​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ហើយ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាសនា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in