YouVersion Logo
Search Icon

១ យ៉ូហាន 1

1
ព្រះ‌បន្ទូល​នៃ​ជីវិត
1សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​ដំបូង ជា​អ្វី​ដែល​យើង​បាន​ឮ និងបាន​ឃើញ​ផ្ទាល់​ភ្នែក ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់ គឺ​អំពី​ព្រះ‌បន្ទូល​នៃ​ជីវិត 2(ដ្បិត​ជីវិត​នេះ​បាន​លេច​មក​ហើយ យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ពី​ដើម​ស្ថិត​នៅ​ជាមួយ​ព្រះ‌វរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ឃើញ)។ 3ដូច្នេះ សេចក្ដី​ដែល​យើង​បាន​ឃើញ ហើយ​ឮ​នោះ យើង​ក៏​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​ជា​មួយ​យើង​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង នោះ​គឺ​ប្រកប​ជាមួយ​ព្រះ‌វរ‌បិតា និងជាមួយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ 4យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ឡើង។
ព្រះ‌ទ្រង់​ជា​ពន្លឺ
5នេះ​ជា​ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌អង្គ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា គឺ​ថា ព្រះ‌ទ្រង់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​ណានៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។ 6ប្រសិន‌បើ​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌អង្គ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ 7តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ 8ប្រសិន‌បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។ 9ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។ 10ប្រសិន‌បើ​យើង​ពោល​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​យើង​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​អ្នក​កុហក ហើយ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in