YouVersion Logo
Search Icon

១ របា‌ក្សត្រ 23

23
គ្រួសារ​ពួក​លេវី និង​មុខ‌ងារ​របស់​ពួកគេ
1ពេល​ព្រះបាទ​ដាវីឌ​មាន​វ័យ​កន្លង បាន​ស្កប់​ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ ទ្រង់​តាំង​សាឡូម៉ូន​ជា​បុត្រា ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល។ 2ទ្រង់​បាន​ប្រមូល​ពួក​អ្នក​កំពូល​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក។ 3ឯ​ពួក​លេវី​រាប់​ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ ហើយ​ដែល​រាប់​ម្នាក់ៗ​គ្រប់​គ្នា នោះ​មាន​ចំនួន​បី​ម៉ឺន​ប្រាំបី​ពាន់​នាក់។ 4ក្នុង​ពួក​នោះ មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់ ដែល​ត្រូវ​ត្រួត‌ត្រា​កិច្ច‌ការក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​មាន​ប្រាំមួយ​ពាន់​នាក់ ដែល​ជា​ចៅ‌ក្រម និង​សុភា 5មាន​បួន​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ បួន​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សម្រាប់​ការ​ច្រៀង​សរសើរ។ 6រួច​ព្រះបាទ​ដាវីឌ​ញែក​គេ​ចេញ​ជា​វេន​តាម​ពួក​វង្ស​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។
7កូន​របស់​គើសុន មាន​ឡាអា‌ដាន និង​ស៊ីម៉ាយ។ 8កូន​របស់​ឡាអា‌ដាន គឺ​យេហ៊ី‌អែល ជា​មេ រួច​សេថាម និង​យ៉ូអែល ទាំង​អស់​បី​នាក់។ 9ឯ​កូន​របស់​ស៊ីម៉ាយ គឺ​សឡូមិត ហាស៊ាល និង​ហារ៉ាន ទាំង​អស់​បី​នាក់ នេះ​ហើយ​ជា​មេ​ក្នុង​ពួក​វង្ស​ខាង​ឡាអា‌ដាន។ 10ឯ​កូន​ស៊ីម៉ាយ គឺ​យ៉ាហាត ស៊ីណា យេអ៊ូស និង​បេរា​អ្នក​ទាំង​បួន​នេះ ជា​កូន​ស៊ីម៉ាយ 11ហើយ​យ៉ាហាត ជា​មេស៊ី‌ណា ជា​អ្នក​បន្ទាប់ តែ​យេអ៊ូស និង​បេរា គេ​មិន​សូវ​មាន​កូន​ច្រើន​ទេ បាន​ជា​គេ​រាប់​ទុក​ជា​វង្សា​តែ​មួយ។
12ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ទាំង​អស់​បួន​នាក់។ 13ឯ​កូន​របស់​អាំរ៉ាម គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ ហើយ​លោក​អើរ៉ុន និង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​បំផុត​ជា​រៀង​រហូត ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ត​ទៅ។ 14តែ​កូន​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ នោះ​បាន​រាប់​បញ្ចូល​ក្នុង​កុល‌សម្ព័ន្ធ​លេវី។ 15ឯ​កូន​របស់​លោក​ម៉ូសេ គឺ​គើសុន និង​អេលា‌ស៊ើរ 16ឯកូន​របស់​គើសុន គឺ​សេបួល ជា​មេ 17កូន​របស់​អេលា‌ស៊ើរ គឺ​រេហាប‌យ៉ា ជា​មេ ហើយ​អេលា‌ស៊ើរ​គ្មាន​កូន​ប្រុស​ណា​ទៀត​ទេ តែ​រេហាប‌យ៉ា​មាន​កូន​ច្រើន​ណាស់។ 18ឯ​កូន​របស់​យីតសារ គឺ​សឡូមិត ជា​មេ 19កូន​របស់​ហេប្រុន គឺ​យេរី‌យ៉ា ជា​មេ អ័ម៉ា‌រា​ជា​អ្នក​ទីពីរ យ៉ាហា‌សៀល​ទី​បី និង​យេកា‌មាម​ទីបួន។ 20ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា ជា​មេ និង​យីសយ៉ា​ជា​ទី​ពីរ។
21ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលា‌សារ និង​គីស 22ឯ​អេលា‌សារ​ស្លាប់​ទៅ​ដោយ​ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង‌ប្អូន​គេ ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ។ 23ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត ទាំង​អស់​បី​នាក់។
24ពួក​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​នៃ​ឪពុក​គេ គឺ​ជា​មេ​លើ​វង្ស​នៃ​ឪពុក​គេ ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ឈ្មោះ​គេ​រៀង​រាល់​ខ្លួន ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើងទៅ។ 25ដ្បិត​ព្រះបាទ​ដាវីឌ​បាន​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​ប្រោស‌ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ព្រះ‌អង្គ​នឹង​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ជា​រៀង‌រហូត។ 26ឯ​ពួក​លេវី គេ​មិន​ត្រូវ​ការ​សែង​រោង​ឧបោ‌សថ និង​គ្រឿង​ប្រដាប់ សម្រាប់​ការ‌ងារ​នៃ​រោង​នោះ​ទៀត​ឡើយ»។ 27ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ព្រះបាទ​ដាវីឌ គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ 28ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បម្រើ​ពួក​កូន​ចៅ​លោក​អើរ៉ុន សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សម្អាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ 29ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សម្រាប់​តង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចម្អិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី និង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង។ 30គេ​ត្រូវ​ឈរ​រាល់​ព្រឹក ដើម្បី​អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា និង​ពេល​ល្ងាច​ផង។ 31ត្រូវ​ថ្វាយ​គ្រប់​ទាំង​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច​តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ 32ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ និង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​លោក​អើរ៉ុន ជា​បង‌ប្អូន​គេ ដែល​សម្រាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ១ របា‌ក្សត្រ 23