YouVersion Logo
Search Icon

១ របា‌ក្សត្រ 22

22
1ព្រះបាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​គឺ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ហើយ​នេះ​ជា​អាស‌នា​នៃ​តង្វាយ​ដុត​សម្រាប់​ពួក​អ៊ីស្រា‌អែល​ហើយ»។
ព្រះបាទ​ដាវីឌ​រៀបចំ​សង់​ព្រះ‌វិហារ
2គ្រា​នោះ ទ្រង់​បង្គាប់​ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាល‌ម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សម្រាប់​ស្អាង​ព្រះ‌ដំណាក់​នៃ​ព្រះ 3ទ្រង់​ក៏​រៀបចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល សម្រាប់​សន្លឹក​ទ្វារ ហើយ​សម្រាប់​ត្រចៀក​ទ្វារ​ផង និង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន 4ព្រម​ទាំង​ឈើ​តា‌ត្រៅ​ឥត​គណនា ដ្បិត​ពួក​សាសន៍​ស៊ីដូន និង​ពួក​អ្នក​ក្រុង​ទីរ៉ុស​គេ​នាំ​ឈើ​តា‌ត្រៅ​យ៉ាង​សន្ធឹក មក​ថ្វាយ​ដាវីឌ។ 5ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លម្អ និង​ល្បី​ឮ​ទួទៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យបាន​គ្រប់​គ្រាន់»។ ព្រះបាទ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ប្រដា​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។
បន្ទុក​របស់​ព្រះបាទ​ដាវីឌ​ធ្លាក់​ទៅ​លើ​ព្រះបាទ​សាឡូម៉ូន និងអ្នក​ដឹក​នាំ
6បន្ទាប់​មក ព្រះបាទ​ដាវីឌ​ហៅ​សាឡូម៉ូន ជា​បុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ 7ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​សាឡូម៉ូន​ថា៖ «កូន​អើយ ក្នុង​ចិត្ត​យើង​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ហើយ 8តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យើង​ថា "អ្នក​បាន​កម្ចាយ​ឈាម​ជា​ច្រើន ហើយ​មាន​ចម្បាំងច្រើន ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​ទេ ព្រោះ​បាន​កម្ចាយ​ឈាម​ជា​ច្រើន​នៅ​លើ​ផែនដី នៅ​ចំពោះ​យើង។ 9មើល៍ នឹង​មាន​កូន​ប្រុស​មួយ​កើត​ដល់​អ្នក កូន​នោះ​នឹង​បាន​ជា​មនុស្ស​សន្ដិភាព។ យើង​នឹង​ឲ្យ​កូន​នោះ​មាន​សន្ដិភាព ពី​អស់​ទាំង​ខ្មាំង​សត្រូវដែល​នៅ​ជុំ‌វិញ ដ្បិត​កូន​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ហើយ​នៅ​គ្រា​របស់​គេ យើង​នឹង​ប្រទានឲ្យ​អ៊ីស្រា‌អែលមាន​សន្ដិភាព និង​សុខ​សាន្ត​ត្រាណ។ 10កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​វិញ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង យើង​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​នឹង​តាំង​រាជ្យ​គេ​លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ"។ 11ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចម្រើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ។ 12សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ប្រាជ្ញា និង​យោបល់​ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។ 13យ៉ាង​នោះ ឯង​នឹង​បាន​ចម្រើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល ចូរ​ឲ្យ​ឯង​មាន​កម្លាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ។ 14ឥឡូវ​នេះ ក្នុង​ទុក្ខ​លំបាក​របស់​យើង យើង​បាន​ចាត់​ចែង​ទុក ជា​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប ព្រម​ទាំង​លង្ហិន ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន។ 15មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា‌មួយ​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម ជាង​អារ​ឈើ ហើយ​មនុស្ស​ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ។ 16ខាង​ឯ​មាស ប្រាក់ លង្ហិន និង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀបចំ ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ឯង»។
17ព្រះបាទ​ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក​កំពូល​ៗ​របស់​សាសន៍​អ៊ីស្រា‌អែល គេ​ត្រូវ​ជួយ​សាឡូម៉ូន ជា​‌បុត្រា​ទ្រង់ 18ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មិន​គង់​នៅ​ជា‌មួយ​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក នៅ​គ្រប់​ទិស​ដែរ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​បាន​ប្រគល់​ពួក​អ្នក​ស្រុក​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ ស្រុក​នេះ​បាន​ចុះ​ចូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​ពួក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ 19ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ស្អាង​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ព្រះ‌អង្គ​មក​ក្នុង​ព្រះ‌វិហារ ដែល​នឹង​ត្រូវ​ស្អាង​សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ១ របា‌ក្សត្រ 22