១ របាក្សត្រ 20
20
អ៊ីស្រាអែលដណ្តើមយកក្រុងរ៉ាបាត
1មួយឆ្នាំក្រោយមក នៅរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះយ៉ូអាប់នាំពលទ័ពចេញទៅបំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡិម យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាត។ 2ព្រះបាទដាវីឌយកមកុដពីព្រះសិរស្តេចរបស់គេ មកថ្លឹងមើល ឃើញមានទម្ងន់ជាមាសមួយហាប ក៏មានដាំត្បូងមានតម្លៃផង ហើយគេយកមកុដនោះមកបំពាក់ថ្វាយព្រះបាទដាវីឌវិញ។ ព្រះបាទដាវីឌក៏បានយកជ័យភណ្ឌពីទីក្រុងនោះមកយ៉ាងសន្ធឹកដែរ។ 3ស្ដេចបាននាំពួកអ្នកដែលនៅក្រុងនោះចេញមក ហើយបង្ខំឲ្យគេអាឈើ ដាប់ថ្ម និងកាប់ឧស។ ព្រះបាទដាវីឌបានប្រព្រឹត្តដូច្នេះចំពោះក្រុងទាំងប៉ុន្មានរបស់ពួកកូនចៅអាំម៉ូនដែរ។ បន្ទាប់មក ស្ដេច និងទ័ពទាំងប៉ុន្មានក៏ត្រឡប់មកក្រុងយេរូសាឡិមវិញ។
ជ័យជម្នះលើពួកភីលីស្ទីន
4ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាសាសន៍ហ៊ូសាយ បានសម្លាប់ស៊ីផាយ ជាកូនម្នាក់ដែលមានមាឌធំនោះ ហើយគេត្រូវចុះចាញ់។ 5បន្ទាប់មក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សម្លាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំតម្បាញ 6ហើយកើតមានចម្បាំងនៅក្រុងកាថទៀត នៅទីនោះ មានមនុស្សម្នាក់មានមាឌធំ ដែលមានម្រាមដៃ ម្រាមជើងម្ខាងប្រាំមួយ ទាំងអស់មានម្ភៃបួន ហើយគាត់ជាកូនចៅរបស់មនុស្សមានមាឌធំ។ 7ប៉ុន្តែ ពេលគាត់បានប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋាព្រះបាទដាវីឌ ក៏សម្លាប់គាត់។ 8អ្នកទាំងនោះសុទ្ធតែជាពូជមនុស្សមានមាឌធំ ដែលនៅក្រុងកាថ ហើយក៏ស្លាប់ដោយព្រះហស្តព្រះបាទដាវីឌ និងដៃនៃពួកទ័ពរបស់ទ្រង់។
Currently Selected:
១ របាក្សត្រ 20: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies