YouVersion Logo
Search Icon

ណាពី​សាកា‌រីយ៉ា 12

12
ការ​រំដោះ​ក្រុង​យេរូ‌សាឡឹម
1សេចក្ដី​ប្រកាស
នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា
ថ្លែង​អំពី​ស្រុក​អ៊ីស្រ‌អែល។
អុលឡោះ‌តាអាឡា​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ហើយ​ចាក់​គ្រឹះ​ផែនដី
ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក
ទ្រង់​មាន​បន្ទូល​ថា៖
2«យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន‌ជាតិ​យូដា​ទាំង​មូល ក៏​ព្រឺ​ខ្លាច​ដែរ។ 3នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។ 4នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួល‌ច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។ ប៉ុន្តែ យើង​នឹង​តាម​ថែ‌រក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។ 5ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ម្ចាស់​របស់​ពួក​គេ។ 6នៅ​ថ្ងៃ​នោះ យើង​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​បាន​ដូច​ជា​គុក​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ នៅ​កណ្ដាល​ព្រៃ ឬ​ដូច​ភ្លើង​ចន្លុះ​ឆេះ​កណ្ដាប់​ស្រូវ។ ពួក​គេ​នឹង​កំទេច​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង។ រីឯ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​រស់​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដដែល»។
7 អុលឡោះ‌តាអាឡា​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន‌ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​របស់​ស្តេច​ទត និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មើល‌ងាយ​ជន‌ជាតិ​យូដា​ឯ​ទៀតៗ។ 8នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ការពារ​ប្រជា‌ជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ស្តេច​ទត ហើយ​ពូជ‌ពង្ស​របស់​ស្តេច​ទត​នឹង​គ្រប់​គ្រង​ដោយ​យុត្តិធម៌​ប្រៀប​ដូច​អុលឡោះ​ឬ​ប្រៀប​ដូច​ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា នៅ​មុខ​ពួក​គេ។
ពួក​គេ​កាន់​ទុក្ខ​អម្ចាស់​ដែល​គេ​បាន​ចាក់​ទម្លុះ
9នៅ​ថ្ងៃ​នោះ យើង​នឹង​កំទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។ 10យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។ 11នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​នៅ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។ 12អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្ញាតិ​វង្ស​របស់​ស្តេច​ទត ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ 13អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ 14រីឯ​អំបូរ​ឯ​ទៀតៗ​ក៏​ដូច្នោះ​ដែរ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ណាពី​សាកា‌រីយ៉ា 12