YouVersion Logo
Search Icon

ណាពី​សាកា‌រីយ៉ា 1

1
អុលឡោះ​ត្រាស់​ហៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​វិល​មក​រក​ទ្រង់​វិញ
1នៅ​ខែ​ទី​ប្រាំ​បី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​សាកា‌រីយ៉ា ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ ដូច​ត​ទៅ:
2 អុលឡោះ‌តាអាឡា​ខឹង​នឹង​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង។ 3ចូរ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ 4កុំ​ធ្វើ​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ណាពី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!” ប៉ុន្តែ ដូនតា​របស់​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា5ដូនតា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ណាពី​ក៏​មិន​នៅ​រស់​រហូត​ដែរ។ 6ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ហ៊ូកុំ​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ទ្រង់​បាន​សម្រេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​សេះ
7នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​សាកា‌រីយ៉ា ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ ដូច​ត​ទៅ:
8នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​គាត់ មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។ 9ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់ អ្នក​ទាំង​នោះ​ជា​នរណា?»។ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។ 10បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែលអុលឡោះ‌តាអាឡា​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។ 11អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។
12ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ឡើង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! តើ​ដល់​ពេល​ណា​ទើប​ទ្រង់​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ទ្រង់​ខឹង​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។ 13អុលឡោះ‌តាអាឡា​មាន​បន្ទូល​លើក​ទឹក​ចិត្ត និង​សំរាល​ទុក្ខ​ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ។ 14ពេល​នោះ ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ:
អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់ 15តែ​យើង​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ខឹង​នឹង​អ៊ីស្រ‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​សែន​វេទនា»។ 16ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​ចិត្ត​អាណិត‌អាសូរ។ ដំណាក់​របស់​យើង​នឹង​ត្រូវ​សង់​ឡើង​វិញ ហើយ​គេ​នឹង​យក​ខ្សែ​រង្វាស់​មក​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួស‌ជុល​ឡើង​វិញ​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។ 17ចូរ​ប្រកាស​ទៀត​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ​នេះ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរ‌ហៀរ​ឡើង​វិញ។ យើង​នឹង​សំរាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន»។
និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ស្នែង​បួន និង​ជាង​ដែក​បួន​នាក់
18ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។ 19ខ្ញុំ​ក៏​សួរ​ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ម៉ាឡា‌អ៊ីកាត់​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រ‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។
20បន្ទាប់​មក អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។ 21ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ទ្រង់​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក ដើម្បី​បំភ័យ និង​កំទេច​ស្នែង​នៃ​ប្រជា‌ជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កំចាត់‌កំចាយ​ប្រជា‌ជន»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ណាពី​សាកា‌រីយ៉ា 1