ណាពីមីកា 6
6
អុលឡោះចោទប្រកាន់ប្រជារាស្ត្ររបស់ទ្រង់
1ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
អុលឡោះតាអាឡាមានបន្ទូល!
ចូរក្រោកឡើង! នាំពាក្យបណ្ដឹងទៅប្រាប់
ឲ្យភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង!
2ភ្នំធំទាំងឡាយអើយ
ចូរស្ដាប់ពាក្យបណ្ដឹងរបស់អុលឡោះតាអាឡា!
គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ!
ចូរស្ដាប់ពាក្យបណ្ដឹងដែលអុលឡោះតាអាឡា
ចោទប្រកាន់អ៊ីស្រអែល
ជាប្រជារាស្ត្ររបស់ទ្រង់៖
3«ប្រជារាស្ត្រយើងអើយ!
តើយើងបានធ្វើអ្វីខ្លះដល់អ្នក?
តើយើងបានធ្វើអ្វីឲ្យអ្នកធុញទ្រាន់?
ចូរឆ្លើយមកយើងមើល៍!
4តើមកពីយើងបាននាំអ្នកចេញពី
ស្រុកអេស៊ីបឬ?
តើមកពីយើងបានលោះអ្នក
ឲ្យរួចពីទាសភាពឬ?
តើមកពីយើងចាត់ម៉ូសា ហារូន និងម៉ារាម
ឲ្យនាំមុខអ្នកឬ?
5ប្រជារាស្ត្រយើងអើយ
ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់
ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក!
ចូរនឹកចាំពីស្ដេចដែលបាឡាម
ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ!
បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម
រហូតដល់គីលកាល់។
អ្នកនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា
យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។
ជំនូនដែលអុលឡោះពេញចិត្ត
6ពេលខ្ញុំចូលទៅជួបអុលឡោះតាអាឡា
តើខ្ញុំត្រូវយកអ្វីទៅជាមួយ?
ពេលខ្ញុំទៅក្រាបថ្វាយបង្គំម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត
តើខ្ញុំត្រូវយកកូនគោអាយុមួយខួប
មកធ្វើជាគូរបានដុតឬ?
7តើអុលឡោះតាអាឡាពេញចិត្តនឹងទទួល
ចៀមឈ្មោលរាប់ពាន់ក្បាល
ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ?
តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ
ដើម្បីសុំទ្រង់លើកលែងទោស
ឬបូជាកូនចៅរបស់ខ្ញុំជូនទ្រង់
ដើម្បីសុំរំដោះបាបឬ?
8ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក
ឲ្យស្គាល់ការណាដែលល្អ
និងការណាដែលអុលឡោះតាអាឡា
ពេញចិត្តឲ្យអ្នកធ្វើ
គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌
ស្រឡាញ់ភាពស្មោះត្រង់
ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា
របស់អុលឡោះជាម្ចាស់របស់អ្នក
ដោយចិត្តសុភាព»។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងការកេងប្រវ័ញ្ច និងអំពើឃោរឃៅ
9 អុលឡោះតាអាឡាបន្លឺសំឡេងទៅកាន់អ្នកក្រុង
ទ្រង់នឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច
នាមរបស់ទ្រង់។
ទ្រង់មានបន្ទូលថា៖
«អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ
ចូរនាំគ្នាស្ដាប់!
10បើក្នុងផ្ទះរបស់មនុស្សអាក្រក់
នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិត
និងមានថាំងរង្វាល់តូចជ្រុល
ដែលគួរឲ្យស្អប់ខ្ពើមដូច្នេះ
តើឲ្យយើងទ្រាំបានឬ?
11តើអ្នកស្មានថាយើងអត់អោនឲ្យ
អ្នកប្រើជញ្ជីងមិនត្រឹមត្រូវ
និងអ្នកបំបាត់ភ្នែកជញ្ជីងឬ?
12អ្នកមាននៅក្រុងនេះប្រព្រឹត្តអំពើឃោរឃៅ
អ្នកក្រុងនេះគិតតែនិយាយកុហក
និងបោកបញ្ឆោតគ្នា។
13ហេតុនេះហើយបានជាយើងប្រហារទីក្រុង
រហូតដល់ធ្វើឲ្យអ្នកឈឺចុកចាប់។
ព្រោះតែអំពើបាបរបស់អ្នក
យើងនឹងបំផ្លាញក្រុងនេះឲ្យវិនាស។
14អ្នកបរិភោគតែពុំចេះឆ្អែតទេ
អ្នកនឹងជួបទុរ្ភិក្ស
អ្នកប្រមូលស្បៀងអាហារទុក
តែទុកមិនចេះគង់។
អ្វីៗដែលអ្នកប្រមូលទុក
យើងនឹងធ្វើឲ្យវិនាសដោយសារសង្គ្រាម។
15សាបព្រោះ តែពុំអាចច្រូតយកផលបានទេ
អ្នកកិនផ្លែអូលីវ តែមិនបានប្រើប្រេងនេះ
អ្នកជាន់ផ្លែទំពាំងបាយជូរ
តែមិនបានផឹកស្រានេះទេ។
16អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី
និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន
ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត
អ្នករស់នៅតាមទម្លាប់របស់ពួកគេ។
ហេតុនេះហើយបានជាយើងធ្វើឲ្យ
អ្នកត្រូវតក់ស្លុត
ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។
អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន
របស់យើង»។
Currently Selected:
ណាពីមីកា 6: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.