YouVersion Logo
Search Icon

ម៉ាថាយ 6

6
ការ​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ
1«កុំ​ធ្វើ​បុណ្យ​ទាននៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​សូរ៉កា​ទេ។ 2ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ 3រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ 4ដើម្បី​ឲ្យ​ទាន​របស់​អ្នក​នៅ​ស្ងាត់​កំបាំង ហើយ​អុលឡោះ​ជា​បិតា​របស់​អ្នក​ឃើញ​អំពើ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​វិញ»។
អំពី​ការ​ទូរអា
5«កាល​ណា​អ្នក​រាល់​គ្នា​ទូរអា កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ដ​ឈរ​ទូរអា នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បាន ទទួល​រង្វាន់​របស់​គេ​ហើយ។ 6រីឯ​អ្នក​វិញ កាល​ណា​អ្នក​ទូរអា ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូរអា​ទៅ​កាន់​អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។ 7ពេល​សុំ​ទៅ​អុលឡោះ​ជា​បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។ 8កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​សូម​ទ្រង់​ទៅ​ទៀត។ 9អ្នក​រាល់​គ្នា​ត្រូវ​សុំ​ទ្រង់​ដូច​ត​ទៅៈ
ឱ​អុលឡោះ​ជា​បិតា​នៃ​យើង​ខ្ញុំ
ដែល​នៅ​សូរ៉កា​អើយ!
10សូម​សំដែង​នាម​ដ៏​វិសុទ្ធ​របស់​ទ្រង់
ឲ្យ​មនុស្ស​លោក​ស្គាល
សូម​ឲ្យ​នគរ​ទ្រង់​បាន​មក​ដល់
សូម​ឲ្យ​ផែនការ​របស់​ទ្រង់
បាន​សម្រេច​នៅ​លើ​ផែនដី
ដូច​នៅ​សូរ៉កា​ដែរ។
11សូម​ប្រទាន​អាហារ
ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។
12សូម​អត់​ទោស​ឲ្យ​យើង​ខ្ញុំ
ដូច​យើង​ខ្ញុំ​អត់​ទោស​ឲ្យ
អស់​អ្នក​ដែល​បាន​ប្រព្រឹត្ដ​ខុស​នឹង​យើង​ខ្ញុំ។
13សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ
តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច
[ដ្បិត​ទ្រង់​គ្រង​រាជ្យ
ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]
14បើ​អ្នក​រាល់​គ្នា​អត់​ទោស​ឲ្យ​មនុស្ស​លោក អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​នៅ​សូរ៉កា ក៏​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ 15ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ក៏​មិន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។
ការ​តម​អាហារ
16«កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ 17រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង 18កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​អុលឡោះ​ជា​បិតា​របស់​អ្នក ដែល​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ឃើញ​ប៉ុណ្ណោះ ពេល​នោះ អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។
អំពី​សម្បត្តិ​សូរ៉កា
19«កុំ​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ផែនដី​ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឲ្យ​សោះ។ 20ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​សូរ៉កា​វិញ ជា​កន្លែង​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ 21ដ្បិត​ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ដ​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ»។
ពាក្យ​ប្រស្នា​អំពី​ចង្កៀង
22«ភ្នែក​ប្រៀប​បាន​នឹង​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ 23តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ប្រសិន​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ប៉ុណ្ណឹង​ទៅ​ហើយ នោះ​មិន​ដឹង​ជា​សេចក្ដី​ងងឹត នឹង​ទៅ​ជា​សូន្យ​សុង ដល់​កំរិត​ណា​ទៀត​ទេ»។
ត្រូវ​ពឹង​ផ្អែក​លើ​អុលឡោះ
24«គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​អុលឡោះ​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ ទុក​ជា​ម្ចាស់​ផង​បាន​ឡើយ»។
25«ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​កាយ​ឡើយ។ ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ 26ចូរ​រំពៃ​មើល​បក្សា‌បក្សី​នៅ​លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្ដែ អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​សូរ៉កា ទ្រង់​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សា‌បក្សី​ទាំង​នោះ​ទៅ​ទៀត។ 27ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​បាន​ដែរ សូម្បី​តែ​បន្ដិច​ក៏​មិន​បាន​ផង។
28ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀក‌បំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយ‌ហត់ ឬ​ត្បាញ​រវៃ​ឡើយ 29ប៉ុន្ដែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ស្តេច​ស៊ូឡៃ‌ម៉ាន កាល​ពី​ជំនាន់​ដែល​គាត់​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​គាត់​គ្មាន​ខោ​អាវ​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ 30មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​អុលឡោះ​ផ្ដល់​សម្រស់​ឲ្យ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ តែ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ទ្រង់​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត?។ 31ហេតុ​នេះ កុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ថា “យើង​នឹង​មាន​អ្វី​បរិភោគ មាន​អ្វី​ស្លៀក​ពាក់” នោះ​ឡើយ 32ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ​ស្វែង​រក​របស់​ទាំង នោះ។ រីឯ​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉កា ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ 33ចូរ​ស្វែង​រក​នគរ​របស់​អុលឡោះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​ទ្រង់​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។ 34កុំ​ខ្វល់​ខ្វាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! បើ​មាន​ការ​លំបាក​កើត​ឡើង​នៅ​ថ្ងៃ​ណា ត្រូវ​ដោះ​ស្រាយ​សម្រាប់​តែ​ថ្ងៃ​នោះ​បាន​ហើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in