ម៉ាថាយ 5
5
សុភមង្គលដ៏ពិតប្រាកដ
1អ៊ីសាឃើញមហាជនទាំងនេះ គាត់ឡើងទៅលើភ្នំ រួចគាត់នៅទីនោះ។ សិស្សនាំគ្នាចូលមកជួបគាត់ 2អ៊ីសាក៏បានបង្រៀនគេថា៖
3«អ្នកណាដាក់ចិត្ដជាអ្នកក្រខ្សត់
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេបានទទួលនគរ
នៃសូរ៉កា!
4អ្នកណាសោកសៅ
អ្នកនោះមានសុភមង្គលហើយ
ដ្បិតអុលឡោះនឹងសំរាលទុក្ខពួកគេ!
5អ្នកណាមានចិត្ដស្លូតបូត
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!
6អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត
អ្នកនោះមានសុភមង្គលហើយ
ដ្បិតអុលឡោះនឹងប្រទានឲ្យ
ពួកគេបានឆ្អែត!
7អ្នកណាមានចិត្ដមេត្ដាករុណា
អ្នកនោះមានសុភមង្គលហើយ
ដ្បិតអុលឡោះនឹងសំដែងចិត្ត
មេត្ដាករុណាដល់ពួកគេវិញ!
8អ្នកណាមានចិត្ដបរិសុទ្ធ
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងឃើញអុលឡោះ!
9អ្នកណាកសាងសន្ដិភាព
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេ នឹងមាន ឈ្មោះជាកូន
របស់អុលឡោះ!
10អ្នកណាត្រូវគេបៀតបៀន
ព្រោះតែបានធ្វើតាមសេចក្ដីសុចរិ
អ្នកនោះមានសុភមង្គលហើយ
ដ្បិតគេបានទទួលក្នុងនគរនៃអុលឡោះ!
11ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! 12ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅសូរ៉កា ដ្បិតពួកណាពីដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
អំបិល និងពន្លឺ
13«អ្នករាល់គ្នាជាអំបិល សម្រាប់មនុស្សលោក ប៉ុន្ដែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឲ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ 14អ្នករាល់គ្នាជាពន្លឺ សម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ 15គេមិន ដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ 16ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ដ ហើយលើកតម្កើងសិរីរុងរឿងអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កា»។
អំពីគីតាបហ៊ូកុំ
17«សុំកុំនឹកស្មានថាខ្ញុំមកលុបបំបាត់គីតាបហ៊ូកុំ ឬគីតាបណាពីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឲ្យគីតាបមានអត្ថន័យពេញលក្ខណៈទៅវិញ។ 18ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរដរាបនោះគ្មានក្បៀស ឬបន្ដក់ណាមួយក្នុងគីតាបហ៊ូកុំត្រូវរលុបបាត់ឡើយ គឺគីតាបទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ 19អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងនគរនៃអុលឡោះ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្ដតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្ដតាម អ្នកនោះនឹងមានឋានៈធំក្នុងនគរនៃអុលឡោះ។ 20ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកតួន និងពួកផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងនគរនៃអុលឡោះបានឡើយ»។
អំពីកំហឹង
21«អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស” អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។ 22រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្ដាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរ៉ការហូត។ 23ដូច្នេះ កាលណាអ្នកយកជំនូនទៅជូនអុលឡោះ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក 24ចូរទុកជំនូនរបស់អ្នក នៅកន្លែងជូនជំនូន ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកជូនជំនូនរបស់អ្នកវិញ។ 25កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ 26ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
អំពីការផិតក្បត់
27«អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្ដអំពើផិតក្បត់”។ 28រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ដ្រីម្នាក់ ហើយមានចិត្ដស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្ដរបស់ខ្លួន រួចស្រេចទៅហើយ។ 29ប្រសិនបើភ្នែកស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរ៉កា។ 30ប្រសិនបើដៃស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរ៉កា»។
អំពីការលែងលះប្ដីប្រពន្ធ
31«មានសេចក្ដីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឲ្យនាង” 32រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែភរិយានោះរួមរស់ជាមួយបុរសផ្សេងក្រៅពីប្ដី) បុរសនោះធ្វើឲ្យនាងទៅជាស្ដ្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ដ្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
អំពីសម្បថ
33«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរសថាៈ “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងអុលឡោះជាអម្ចាស់”។ 34រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់អុលឡោះ 35ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រជើងរបស់ទ្រង់។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ស្តេចដ៏ឧត្ដម។ 36កុំស្បថដោយយក ក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឲ្យសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ 37ត្រូវនិយាយឲ្យទៀងទាត់ បើ “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ”ឲ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីអ៊ីព្លេសកំណាចទាំងអស់»។
អំពីគំនុំសងសឹក
38«អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែងទុកមកថា “ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេឲ្យបាក់ធ្មេញតែមួយដែរ”។ 39រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឲ្យសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ។ 40បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរឲ្យគេយកអាវធំថែមទៀតទៅ។ 41បើមានគេបង្ខំអ្នកឲ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។ 42អ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។
ត្រូវស្រឡាញ់ខ្មាំងសត្រូវ
43«អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា“ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។ 44រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូរអាអុលឡោះ សូមទ្រង់ប្រទានពរឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ 45ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្ររបស់អុលឡោះជាបិតាដែលនៅសូរ៉កា ដ្បិតទ្រង់ប្រទានឲ្យព្រះអាទិត្យរបស់ទ្រង់រះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឲ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ 46ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។ 47បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។ 48អុលឡោះជាបិតារបស់អ្នករាល់គ្នាដែលនៅសូរ៉កាទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។
Currently Selected:
ម៉ាថាយ 5: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.