YouVersion Logo
Search Icon

ម៉ាថាយ 2

2
ពួក​ហោរា‌ចារ្យ​មក​ជួប​ទារក​អ៊ីសា
1អ៊ីសា​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ស្តេច​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​យេរូ‌សាឡឹម 2សួរ​ថា៖ «ស្តេច​របស់​ជន‌ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​គាត់​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំ​គាត់»។ 3កាល​ស្តេច​ហេរ៉ូដ​ឮ​ដំណឹង​នេះ គាត់​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ដ​ជា​មួយ​គាត់​ដែរ។ 4ស្តេច​ហៅ​ពួក​អ៊ីមុាំ និង​ពួក​តួន​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​ត្រូវ​ប្រសូត។ 5គេ​ប្រាប់​ស្ដេច​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ណាពី​ថា៖
6 «ភូមិ​បេថ្លេហិម​ជា​ដែន​ដី​យូដា​អើយ!
ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា
អ្នក​មិន​មែន​តូច​ជាង​គេ​ទេ
ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​នាក់​កើត​ចេញ​ពី​អ្នក
គាត់​នឹង​ថែ​រក្សា​ជន‌ជាតិ​អ៊ីស្រ‌អែល
ជា​ប្រជា‌រាស្ដ្រ​របស់​យើង»
7ពេល​នោះ ស្តេច​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។ 8បន្ទាប់​មក ស្តេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​និយាយ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ដំណឹង​អំពី​ទារក​នោះ​ឲ្យ​ច្បាស់​លាស់។ កាល​បើ​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​ទៅ​ថ្វាយ‌បង្គំ​គាត់​ដែរ»។ 9ក្រោយ​ពី​បាន​ទទួល​បញ្ជា​ហើយ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ទារក​នៅ​ទើប​ឈប់។ 10កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ដ​ពន់​ប្រមាណ 11គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ទារក​នៅ​ជា​មួយ​នាង​ម៉ារីយំ​ជា​ម្តាយ គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទារក​នោះ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង​ទេស​មក​ជូន​ទារក​នោះ។ 12បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​អុលឡោះ​មាន​បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ដ​មិន​ឲ្យ​វិល​ទៅ​ជួប​ស្តេច​ហេរ៉ូដ​វិញ​ឡើយ។
ការ​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីប
13កាល​ពួក​ហោរា‌ចារ្យ​ចាក​ចេញ​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ ក្នុង​សុបិន​និមិត្ដ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ទារក និង​ម្តាយ​រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​សម្លាប់​ទារក»។ 14យូសុះ​ក្រោក​ឡើង នាំ​ទារក និង​ម្តាយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។ 15គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ស្តេច​ហេរ៉ូដ​ស្លាប់ ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី ដែល​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​តាម​រយៈ​ណាពី​ថា៖ «យើង​បាន​ហៅ​បុត្រា​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក»
ស្ដេច​ហេរ៉ូដ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេងៗ
16ស្តេច​ហេរ៉ូដ​យល់​ថា​ពួក​ហោរា‌ចារ្យ​បាន​បំបាក់​មុខ​គាត់ គាត់​ខឹង​ក្រៃ‌លែង ហើយ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ​មក នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​គាត់​បាន​សួរ​បញ្ជាក់​ពួក​ហោរា‌ចារ្យ។ 17ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​យេរេ‌មា​ថា៖
18«មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក
ជា​ទំនួញ​សោក‌សៅ
គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន
នាង​មិន​ព្រម​ឲ្យ​នរណា​សំរាល​ទុក្ខ​ឡើយ
ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»
ការ​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ
19កាល​ស្តេច​ហេរ៉ូដ​ស្លាប់​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ដ​ថា៖ 20«ចូរ​ក្រោក​ឡើង នាំ​កុមារ និង​ម្តាយ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រ‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​សម្លាប់​កូន​ស្លាប់​បាត់​អស់​ទៅ​ហើយ»។
21យូសុះ​ក្រោក​ឡើង នាំ​កុមារ និង​ម្តាយ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រ‌អែល​វិញ។ 22ប៉ុន្ដែ កាល​យូសុះ​ដឹង​ថា ស្តេច​អើខេ‌ឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ស្តេច​ហេរ៉ូដ​ជា​ឪពុក​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ គាត់​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ដោយ​អុលឡោះ​មាន​បន្ទូល​ឲ្យ​ដឹង ក្នុង​សុបិន​និមិត្ដ។ 23យូសុះ​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ណាពី​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​អ៊ីសា​ថា ជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in