YouVersion Logo
Search Icon

ម៉ាថាយ 1

1
បញ្ជី‌រាយ​នាម​វង្ស‌ត្រកូល​របស់​ណាពី​អ៊ីសា
1នេះ​ជា​បញ្ជី‌រាយ​នាម​វង្ស‌ត្រកូល​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ណាពី​អ៊ីព្រហ៊ីម។
2អ៊ីព្រហ៊ីម​បង្កើត​អ៊ីសាហាក់​អ៊ីសាហាក់​បង្កើត​យ៉ាកកូប យ៉ាកកូប​បង្កើត​យូដា និង​បង​ប្អូន​របស់​គាត់ 3លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើ‌រ៉ាម 4លោក​អើ‌រ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន 5លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​អ៊ីសាយ 6អ៊ីសាយ​បង្កើត​ទត​ជា​ស្តេច។
ទត និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស៊ូឡៃ‌ម៉ាន​ជា​ស្តេច 7ស៊ូឡៃ‌ម៉ាន​បង្កើត​ស្ដេច​រេហូបោម ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អេសា 8ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសា‌ផាត ស្ដេច​យ៉ូសា‌ផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម​បង្កើត​ស្ដេច​អូសៀស 9ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស 10ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណា‌សេ ស្ដេច​ម៉ាណា‌សេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស 11ស្ដេច​យ៉ូសៀស​បង្កើត​ស្ដេច​យេកូ‌នាស និង​ប្អូន​របស់​គាត់ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។
12ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ស្ដេច​យេកូ‌នាស​បង្កើត​លោក​សាល‌ធាល លោក​សាល‌ធាល​បង្កើត​លោក​សូរ៉ូ‌បាបិល 13លោក​សូរ៉ូ‌បាបិល​បង្កើត​លោក​អប៊ី‌យូដ លោក​អប៊ី‌យូដ​បង្កើត​លោក​អេលា‌គីម លោក​អេលា‌គីម​បង្កើត​លោក​អេសូរ 14លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលី‌យូដ 15លោក​អេលី‌យូដ​បង្កើត​លោក​អេ‌ឡា‌សារ លោក​អេ‌ឡា‌សារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​យ៉ាកកូប 16យ៉ាកកូប​បង្កើត​យូសុះ ជា​ស្វាមី​របស់​សាទី​ម៉ារីយំ ដែល​បង្កើត​ណាពី​អ៊ីសា ហៅ​ថា អាល់ម៉ា‌ហ្សៀស។
17ដូច្នេះ ចាប់​ពី​ណាពី​អ៊ីព្រហ៊ីម​មក​ទល់​ទត មាន​ដប់‌បួន​តំណ ចាប់​ពី​ទត​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន​មក​ទល់​អាល់ម៉ា‌ហ្សៀស ក៏​មាន​ដប់‌បួន​តំណ​ដែរ។
កំណើត​នៃ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស
18នេះ​ជា​ដំណើរ​រឿង អំពី​កំណើត​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ នាង​ម៉ារីយំ ម្តាយ​របស់​អ៊ីសា​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​យូសុះ។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារីយំ​មាន​ផ្ទៃ​ពោះ ដោយ‌សារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​រួច​ទៅ​ហើយ។ 19យូសុះ គូ​ដណ្ដឹង​របស់​នាង​ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​គាត់​សម្រេច​ចិត្ដ​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ 20ពេល​យូសុះ​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ មក​ប្រាប់​គាត់​ក្នុង​សុបិន​និមិត្ដ​ថា៖ «យូសុះ​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា​ឡើយ! កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ។ 21នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។
22ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល តាម​រយៈ​ណាពី​ថា៖
23 «មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ
នាង​នឹង​សំរាល​បាន​បុត្រា​មួយ​ដែល​គេ​នឹង​ដាក់
ឈ្មោះ​ថា “អេម៉ាញូ‌អែល”»
ប្រែ​ថា «អុលឡោះ​នៅ​ជា​មួយ​យើង»។
24លុះ​យូសុះ​ភ្ញាក់​ឡើង គាត់​ក៏​ធ្វើ​តាម​បង្គាប់​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ គឺ​គាត់​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា 25ប៉ុន្ដែ យូសុះ​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​កូន​ដែល​គាត់​ដាក់​ឈ្មោះ​ថា “អ៊ីសា”។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in