សំណោក 3
3
ត្រូវតែមានសង្ឃឹមជានិច្ច!
1ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា
នៅគ្រាដែលអុលឡោះខឹង។
2ទ្រង់បណ្ដើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹត
គឺមិនមែនក្នុងពន្លឺឡើយ។
3ជារៀងរាល់ថ្ងៃ ទ្រង់លើកដៃ
វាយខ្ញុំ ហើយវាយទៀត។
4ទ្រង់វាយខ្ញុំដាច់សាច់ដាច់ស្បែក
ទ្រង់វាយបំបាក់ឆ្អឹងរបស់ខ្ញុំ។
5ទ្រង់យកការឈឺចាប់ និងទុក្ខវេទនា
មករុំព័ទ្ធជុំវិញខ្ញុំ។
6ទ្រង់ទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹត
ដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។
7ទ្រង់ចងខ្ញុំជាប់នឹងជញ្ជាំង
ដើម្បីកុំឲ្យខ្ញុំចេញរួច
ទ្រង់យកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
8ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ
តែទ្រង់ឃាត់ឃាំងគេ
មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
9ទ្រង់ដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំ
ទ្រង់បានពង្វាងផ្លូវខ្ញុំ។
10ទ្រង់ប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំ
និងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
11ទ្រង់ដេញខ្ញុំចេញពីផ្លូវ
ទ្រង់ហែកសាច់ខ្ញុំ
ព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។
12ទ្រង់យឹតធ្នូ
ហើយបាញ់ព្រួញតម្រង់មកខ្ញុំ។
13ទ្រង់យកព្រួញទាំងអស់
ពីបំពង់របស់ទ្រង់ បាញ់ទម្លុះរូបកាយខ្ញុំ។
14ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំ
រៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។
15ទ្រង់ឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់
ទ្រង់ឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
16ទ្រង់ឲ្យខ្ញុំខាំថ្មបាក់ធ្មេញ
ទ្រង់ធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។
17ទ្រង់ធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំ
ហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
18ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយ
សូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើអុលឡោះតាអាឡា
ក៏លែងមានទៀតដែរ”។
19ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោល
ដែលខ្ញុំជួបប្រទះ
នោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
20ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដី
ក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។
21តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗ
ដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ
22គឺខ្ញុំនឹកដល់ចិត្តសប្បុរស
របស់អុលឡោះតាអាឡា ដែលមិនចេះរលត់។
ទ្រង់មានចិត្តអាណិតអាសូរ
ចំពោះខ្ញុំ ឥតទីបញ្ចប់។
23ទ្រង់តែងតែសំដែងចិត្តសប្បុរស
និងចិត្តអាណិតអាសូរនេះ
សាជាថ្មីរៀងរាល់ព្រឹក
ចិត្តស្មោះត្រង់របស់ទ្រង់
មានទំហំធំពន់ពេកក្រៃ។
24ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វី
ក្រៅពីអុលឡោះតាអាឡាទេ
ហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើទ្រង់។
25 អុលឡោះតាអាឡាមានចិត្តសប្បុរស
ចំពោះអ្នកដែលពឹងផ្អែកលើទ្រង់
និងចំពោះអ្នកដែលស្វែងរកទ្រង់។
26ការតាំងចិត្តស្ងប់ស្ងៀម
រង់ចាំអុលឡោះតាអាឡាមកសង្គ្រោះ
នោះពិតជាការល្អប្រពៃមែន។
27ជាការប្រពៃណាស់ដែលមនុស្ស
ទទួលការលត់ដំតាំងពីក្មេងទៅ។
28ពេលណាទ្រង់ធ្វើទោស
យើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់
ដាច់ឡែកតែឯង
29ហើយក្រាបចុះ អោនមុខដល់ដី
ធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។
30ត្រូវបែរថ្ពាល់ឲ្យគេទះ
និងទ្រាំឲ្យគេជេរប្រមាថចុះ
31ដ្បិតអុលឡោះតាអាឡាមិនបោះបង់ចោលយើង
រហូតឡើយ។
32ទោះបីទ្រង់ដាក់ទោសក្ដី
ទ្រង់នៅតែអាណិតមេត្តាដដែល
ដ្បិតចិត្តសប្បុរសរបស់ទ្រង់
ធំពន់ពេកក្រៃ។
33ទ្រង់មិនសប្បាយចិត្តនឹង
ដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។
34ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែល
ជាប់ជាឈ្លើយក្នុងស្រុកណាមួយ
35ពេលគេរំលោភលើសិទ្ធិមនុស្ស
ចំពោះទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត
36ពេលគេកាត់ក្ដីមនុស្សដោយអយុត្តិធម៌
អុលឡោះតាអាឡាមើលឃើញទាំងអស់!
37ពេលអុលឡោះតាអាឡាបង្គាប់អ្វីមួយ
ការនោះត្រូវតែកើតឡើង
ក្រៅពីទ្រង់ គ្មាននរណាធ្វើដូច្នេះបានទេ។
38សុខ ឬទុក្ខសុទ្ធតែចេញមកពីមាត់របស់
ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត។
39ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដី
ក៏ទ្រង់ទុកឲ្យគេនៅរស់ដដែល
ដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
40តោងយើងពិនិត្យពិច័យ និងស្ទង់មើល
កិរិយាមារយាទរបស់ខ្លួន
ហើយបែរចិត្តគំនិតមករកអុលឡោះតាអាឡាវិញ។
41ពេលយើងលើកដៃទូរអារកអុលឡោះ
ដែលនៅសូរ៉កា
តោងយើងផ្ចង់ចិត្តទៅរកទ្រង់ដែរ។
42អុលឡោះអើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាប
ហើយបះបោរប្រឆាំងនឹងទ្រង់
ទ្រង់មិនអត់ទោសឲ្យយើងខ្ញុំទេ។
43ទ្រង់តាមប្រហារជីវិតយើងខ្ញុំ
កំហឹងបានបាំងទ្រង់មិនឲ្យ
ត្រាប្រណីយើងខ្ញុំ។
44ទ្រង់ពួននៅក្នុងពពក
ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូរអាអង្វរ
ឮទៅដល់ទ្រង់ឡើយ។
45ទ្រង់បានធ្វើឲ្យយើងខ្ញុំក្លាយទៅជា
សំរាម ដែលគ្មាននរណារាប់រក
ក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
46ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ
នាំគ្នាជេរប្រមាថយើងខ្ញុំ។
47យើងខ្ញុំជួបប្រទះតែគ្រោះកាច
ការភ័យខ្លាច និងការវិនាសអន្តរាយ។
48ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹង
ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
49ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរ
និងឥតស្រាកស្រាន្ត
50រហូតទាល់តែអុលឡោះតាអាឡាមើលឃើញ
ពីសូរ៉កា។
51ចិត្តខ្ញុំសោកសៅអាណិតស្រីក្រមុំទាំងប៉ុន្មាន
នៅក្នុងក្រុងរបស់ខ្ញុំ។
52អស់អ្នកដែលតាំងខ្លួនជាសត្រូវរបស់ខ្ញុំ
ដោយឥតហេតុផល
ដេញតាមប្រហារខ្ញុំ ដូចតាមបាញ់សត្វស្លាប។
53ពួកគេបោះខ្ញុំក្នុងអណ្ដូង
រួចយកថ្មគ្របពីលើ ដើម្បីឲ្យខ្ញុំថប់ដង្ហើម។
54ពេលនោះ ទឹកលិចក្បាលខ្ញុំ
ខ្ញុំពោលថា ខ្ញុំស្លាប់ហើយ!
55ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកនាម
របស់ទ្រង់ពីបាតអណ្ដូងនោះមក។
56ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំ
ស្រែកអង្វរថា:
“សូមកុំបែរចេញពីខ្ញុំឡើយ
សូមស្ដាប់សំរែកអង្វររបស់ខ្ញុំ
សូមជួយខ្ញុំផង!”។
57នៅថ្ងៃដែលខ្ញុំអង្វររកទ្រង់
ទ្រង់ចូលមកជិតខ្ញុំ
ទ្រង់មានបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
58អុលឡោះអើយ ទ្រង់រកយុត្តិធម៌
ឲ្យខ្ញុំ
ទ្រង់បានលោះជីវិតខ្ញុំមកវិញ។
59 អុលឡោះតាអាឡាអើយ ទ្រង់បានមើលឃើញពួកគេ
សង្កត់សង្កិនខ្ញុំ
សូមរកយុត្តិធម៌ឲ្យខ្ញុំផង!
60ទ្រង់បានមើលឃើញការសងសឹករបស់ពួកគេ
ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន
ប្រឆាំងនឹងខ្ញុំ។
61 អុលឡោះតាអាឡាអើយ ទ្រង់បានឮពាក្យដែល
ពួកគេជេរប្រមាថ
ព្រមទាំងការឃុបឃិតទាំងប៉ុន្មាន
ប្រឆាំងនឹងខ្ញុំ។
62ទ្រង់បានឮពួកគេនិយាយ
ហើយក៏ឮពួកគេគិតគូរគម្រោងការ
ប្រឆាំងនឹងខ្ញុំដែរ។
63សូមមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្តី
ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ខ្ញុំ។
64ឱអុលឡោះតាអាឡាអើយ សូមតបស្នងទៅពួកគេវិញ
ស្របតាមអំពើដែលពួកគេប្រព្រឹត្ត។
65សូមធ្វើឲ្យពួកគេមានចិត្តរឹងរូស
ហើយដាក់បណ្ដាសាពួកគេទៅ។
66ទ្រង់ដេញតាមពួកគេ ទាំងខឹង
ហើយប្រល័យជីវិតពួកគេឲ្យបាត់សូន្យ
ពីផែនដីនេះ។
Currently Selected:
សំណោក 3: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.