YouVersion Logo
Search Icon

ណាពី​យេរេមា 38

38
ណាពី​យេរេមា​ត្រូវ​គេ​ឃុំ​នៅ​ក្នុង​អណ្ដូង
1លោក​សេផា‌ធា​ជា​កូន​របស់​លោក​ម៉ាត់‌ថាន លោក​កេដា‌លា​ជា​កូន​របស់​លោក​ផាស‌ហ៊ើរ លោក​យេហ៊ូ‌កាល​ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ផាស‌ហ៊ើរ​ជា​កូន​របស់​លោក​ម៉ាល់គា បាន​ឮ​ពាក្យ​ដែល​យេរេមា​ធ្លាប់​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖ 2«អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ រីឯ​អ្នក​ដែល​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន‌ជាតិ​ខាល់ដេ​នឹង​បាន​រួច​ជីវិត 3ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ក្រុង​នេះ​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​នឹង​ដណ្ដើម​យក​បាន​មិន​ខាន»។
4មន្ត្រី​ទាំង​នោះ​ជម្រាប​ស្ដេច​ថា៖ «សូម​ប្រហារ​ជីវិត​ជន​នោះ​ចោល​ទៅ! ដ្បិត​គាត់​និយាយ​ឲ្យ​ពល​ទាហាន​ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នេះ និង​ប្រជា‌ជន​ទាំង​មូល​បាក់​ទឹក​ចិត្ត។ គាត់​មិន​រក​សេចក្ដី​សុខ​ជូន​ប្រជា‌រាស្ត្រ​ទេ គឺ​នាំ​ទុក្ខ​វេទនា​មក​ឲ្យ​ពួក​គេ​វិញ»។ 5ស្តេច​សេដេ‌គា​តប​ថា៖ «គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ស្រាប់​ហើយ ខ្ញុំ​ជា​ស្ដេច​មែន តែ​ខ្ញុំ​ពុំ​អាច​ឃាត់​អស់​លោក​បាន​ទេ»។ 6គេ​ចាប់​យេរេមា​ទៅ​ទម្លាក់​ក្នុង​អណ្ដូង​របស់​សម្ដេច​ម៉ាល់គា ជា​បុត្រ​របស់​ស្ដេច។ អណ្ដូង​នោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច។ គេ​យក​ខ្សែ‌ពួរ​មក​ចង​យេរេមា សំរូត​ចុះ​ទៅ​ក្នុង​អណ្ដូង​ដែល​គ្មាន​ទឹក​ទេ គឺ​មាន​តែ​ភក់ ហើយ​យេរេមា​ជាប់​ផុង​នៅ​ក្នុង​ភក់​នោះ។
7លោក​អេបេដ-‌មេលេក​ជា​ជន‌ជាតិ​អេត្យូ‌ពី និង​ជា​មហា‌តលិក​នៅ​ក្នុង​វាំង បាន​ឮ​ដំណឹង​ថា គេ​ដាក់​យេរេមា​នៅ​ក្នុង​អណ្ដូង។ ពេល​ស្ដេច​នៅ​កាត់​ក្ដី​នៅ​មាត់​ទ្វារ​ពុន‌យ៉ាមីន 8លោក​អេបេដ-‌មេលេក​ចេញ​ពី​វាំង ហើយ​ជម្រាប​ស្ដេច​ដូច​ត​ទៅ៖ 9«សូម​ជម្រាប​ស្តេច អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ណាពី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​គាត់​ទម្លាក់​ក្នុង​អណ្ដូង គាត់​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំ‌ខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។ 10ស្តេច​សេដេ‌គា​បញ្ជា​ទៅ​លោ ក​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាម‌សិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ណាពី​យេរេមា​ចេញ​ពី​អណ្ដូង​មក កុំ​ឲ្យ​គាត់​ស្លាប់​ទាន់»។ 11លោក​អេបេដ-‌មេលេក​ក៏​នាំ​ទាហាន​ទៅ​ជា​មួយ​ឆ្ពោះ​ទៅ​វាំង​ស្ដេច ហើយ​ទៅ​ខាង​ក្រោម​ឃ្លាំង​រាជ្យ​ទ្រព្យ។ គាត់​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​មក​ចង​នឹង​ខ្សែ‌ពួរ សំរូត​ចុះ​ទៅ​ឲ្យ​យេរេមា នៅ​ក្នុង​អណ្ដូង។ 12លោក​អេបេដ-មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី ស្រែក​ប្រាប់​យេរេមា​ថា៖ «សូម​អ្នក​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែ‌ពួរ​ចង​ពី​លើ​ទៅ!»។ យេរេមា​ក៏​ធ្វើ​តាម។ 13ពួក​គេ​ទាញ​ខ្សែ‌ពួរ លើក​យេរេមា​ឡើង​ពី​អណ្ដូង​មក ហើយ​យេរេមា​ក៏​ស្ថិត​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច​នោះ។
ស្តេច​សេដេ‌គា​ពិភាក្សា​ជា​មួយ​ណាពី​យេរេមា
14ស្តេច​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ណាពី​យេរេមា​មក​ជួប នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។ 15យេរេមា​ជម្រាប​ស្តេច​សេដេ‌គា​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជម្រាប​សេចក្ដី​ពិត​ជូន​ស្តេច ស្តេច​ពិត​ជា​ប្រហារ​ជីវិត​ខ្ញុំ​មិន​ខាន។ ប្រសិន​បើ​ខ្ញុំ​ជូន​យោបល់ ក៏​ស្តេច​មិន​ស្ដាប់​ខ្ញុំ​ដែរ»។ 16ស្តេច​សេដេ‌គា​បាន​ស្បថ​ជា​សម្ងាត់ មក​យេរេមា​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​អ្នក ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក​ឡើយ»។ 17យេរេមា​ក៏​ជម្រាប​ស្ដេច​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល និង​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: ប្រសិន​បើ​ស្តេច​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្តេច​នឹង​បាន​រួច​ជីវិត ហើយ​ក្រុង​នេះ​នឹង​មិន​ត្រូវ​គេ​ដុត​កំទេច​ចោល​ឡើយ រីឯ​ស្តេច ព្រម​ទាំង​រាជ‌វង្ស​ក៏​នឹង​រស់​រាន​មាន​ជីវិត​ដែរ។ 18ប៉ុន្តែ ប្រសិន​បើ​ស្តេច​មិន​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទេ ក្រុង​នេះ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ ពួក​គេ​នឹង​ដុត​បំផ្លាញ​ទីក្រុង​ស្តេច និង​រាជ‌វង្ស ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​បាន​ឡើយ»។ 19ស្តេច​សេដេ‌គា​មាន​ប្រសាសន៍​មក​កាន់​យេរេមា​ថា៖ «ខ្ញុំ​នឹក​បារម្ភ​អំពី​ជន‌ជាតិ​យូដា​ដែល​បាន​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ ខ្ញុំ​ខ្លាច​ក្រែង​ខ្មាំង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា ហើយ​ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ»។ 20យេរេមា​ជម្រាប​ស្ដេច​ថា៖ «គេ​នឹង​មិន​ប្រគល់​ស្តេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា​ឡើយ។ សូម​ស្តេច​ធ្វើ​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​ខ្ញុំ​ជម្រាប​ជូន​ស្តេច នោះ​ស្តេច​នឹង​បាន​សុខ‌សាន្ត ហើយ​រួច​ជីវិត​មិន​ខាន។ 21ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ស្តេច​មិន​ព្រម​ចេញ​ទៅ​ចុះ​ចូល​ទេ អុលឡោះ‌តាអាឡា​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ដូច​ត​ទៅ: 22ស្ត្រី​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន នាង​ទាំង​នោះ​នឹង​ពោល​ថា
ពួក​ជំនិត​របស់​ស្តេច​បាន​បញ្ឆោត
និង​មាន​ប្រៀប​លើ​ស្តេច
ពេល​ស្តេច​មាន​អាសន្ន
ពួក​គេ​នាំ​គ្នា​បោះ​បង់​ចោល​ស្តេច​អស់។
23គេ​ចាប់​ពួក​ស្រី​ស្នំ និង​បុត្រា​បុត្រី​របស់​ស្តេច យក​ទៅ​ឲ្យ​ពួក​ខាល់ដេ។ ចំណែក​ឯ​ស្តេច​វិញ ស្តេច​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ គឺ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​ចាប់​ស្តេច ព្រម​ទាំង​ដុត​កំទេច​ក្រុង​នេះ​ផង»។
24ស្តេច​សេដេ‌គា​មានប្រសាសន៍​ទៅ​កាន់​យេរេមា​ថា៖ «កុំ​ឲ្យ​នរណា​ដឹង​អំពី​បន្ទូល​ទាំង​នេះ​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​ស្លាប់។ 25ប្រសិន​បើ​ពួក​មន្ត្រី​ដឹង​ថា ខ្ញុំ​បាន​សន្ទនា​ជា​មួយ​អ្នក ហើយ​បើ​ពួក​គេ​មក​និយាយ​ជា​មួយ​អ្នក​ថា “ចូរ​រៀប​រាប់​ប្រាប់​ពួក​យើង​មើល តើ​អ្នក​បាន​និយាយ​អ្វី​ជា​មួយ​ស្ដេច ហើយ​ស្ដេច​និយាយ​មក​អ្នក​វិញ​ដូច​ម្ដេច​ដែរ កុំ​លាក់​ជា​មួយ​ពួក​យើង​បើ​លាក់​អ្នក​នឹង​ត្រូវ​ស្លាប់”។ 26អ្នក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណា‌ថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។
27មន្ត្រី​ទាំង​អស់​នាំ​គ្នា​មក​ជួប​យេរេមា ហើយ​សួរ​ចម្លើយ​គាត់។ គាត់​ឆ្លើយ​ទៅ​ពួក​គេ​វិញ តាម​ពាក្យ​ដែល​ស្ដេច​បាន​បង្គាប់។ ពួក​គេ​ក៏​លែង​ដេញ​ដោល​សួរ​គាត់ ហើយ​ការ​ទាំង​នោះ​ក៏​នៅ​ជា​ការ​អាថ៌‌កំបាំង។
28យេរេមា​ស្នាក់​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច រហូត​ដល់​ថ្ងៃ​ដែល​កង‌ទ័ព​បាប៊ី‌ឡូន​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in