ណាពីហូសេ 4
4
អុលឡោះចោទប្រកាន់ប្រជារាស្ត្ររបស់ទ្រង់
1ជនជាតិអ៊ីស្រអែលអើយ ចូរស្ដាប់
បន្ទូលរបស់អុលឡោះតាអាឡា!
អុលឡោះតាអាឡាកំពុងតែប្ដឹងនឹងអ្នកស្រុកនេះ
ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព
ហើយក៏គ្មាននរណាស្គាល់អុលឡោះដែរ។
2ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា
ការបោកប្រាស់គ្នា សម្លាប់គ្នា
អំពើចោរកម្ម និងការផិតក្បត់
ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម
ជាបន្តបន្ទាប់គ្នា។
3ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត
អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង
សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ
សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ
ជាមួយពួកគេដែរ។
បន្ទូលប្រឆាំងនឹងអ៊ីមុាំ
4ប៉ុន្តែ មិនត្រូវឲ្យនរណាជំទាស់ ឬស្ដីបន្ទោសនរណាម្នាក់ទៀតឡើយ ដ្បិតប្រជាជនរបស់អ្នកប្រៀបដូចជាមនុស្សដែលជំទាស់នឹងអ៊ីមុាំ។
5នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល
នៅពេលយប់ ណាពីជំពប់ដួលជាមួយអ្នក
ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក
ត្រូវវិនាសដែរ។
6ប្រជាជនរបស់យើងវិនាស
ព្រោះពួកគេមិនស្គាល់យើង។
ដោយអ្នកមិនទទួលស្គាល់យើង
យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ
ជាអ៊ីមុាំបម្រើយើងទៀតដែរ។
ដោយអ្នកបានបំភ្លេចហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក
យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
7ពួកអ៊ីមុាំទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត
អំពើបាបប្រឆាំងនឹងយើង
យើងនឹងដូរកិត្តិយសរបស់ពួកគេ
ឲ្យទៅជាភាពអាម៉ាស់។
8អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារ
ជំនូនលោះបាបនៃប្រជាជនរបស់យើង
ហើយសប្បាយចិត្ត
ដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
9អ៊ីមុាំក៏ដូចជាប្រជាជនដែរ
យើងនឹងដាក់ទោសពួកគេ
តាមអំពើដែលខ្លួនប្រព្រឹត្ត
គឺពួកគេប្រព្រឹត្តយ៉ាងណា
យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
10ពួកគេបរិភោគ តែមិនចេះឆ្អែត
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
តែមិនបានចំរុងចំរើនទេ
ដ្បិតពួកគេបោះបង់ចោលយើង
ដែលជាអុលឡោះតាអាឡា ទៅប្រព្រឹត្ត
11អំពើពេស្យាចារ។
ចិត្តប្រាថ្នាចង់បានស្រាចាស់ និងស្រាថ្មី
បាននាំពួកគេឲ្យវង្វេង។
12ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ
ឲ្យទស្សន៍ទាយ
ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!
គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
ដោយងាកចេញពីអុលឡោះជាម្ចាស់របស់ខ្លួន។
13ពួកគេតែងតែធ្វើគូរបាននៅតាមកំពូលភ្នំ
ហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់
នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ
និងក្រោមដើមម៉ៃសាក់
ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ!
ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើពេស្យាចារ
កូនប្រសាស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើផិតក្បត់។
14យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា
ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ
ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់
អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ
ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន
ទៅជាមួយស្រីពេស្យា
និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យានៃវិហារព្រះក្លែងក្លាយ។
ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ
រមែងបោះជំហានទៅរកសេចក្ដីវិនាស។
15អ៊ីស្រអែលអើយ ប្រសិនបើអ្នកប្រព្រឹត្ត
អំពើពេស្យាចារដូច្នេះ
មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ
កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន
ឬក៏ស្បថក្នុងនាម
អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បដែរ។
16អ៊ីស្រអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាអុលឡោះតាអាឡាត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ? 17បើអេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ទុកឲ្យគេចូលរួមទៅ! 18ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ 19ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែគូរបានរបស់ខ្លួន។
Currently Selected:
ណាពីហូសេ 4: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.