ណាពីអេសេគាល 48
48
1តទៅនេះជាឈ្មោះកុលសម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុលសម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើតទៅទិសខាងលិច។ 2ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច។ 3ទឹកដីរបស់កុលសម្ព័ន្ធណែបថាលីនៅជាប់នឹងទឹកដីអេស៊ើរ ចាប់ពីខាងកើតទៅខាងលិច។ 4ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេនៅជាប់នឹងទឹកដីណែបថាលី ចាប់ពីខាងកើតទៅខាងលិច។ 5ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនៅជាប់នឹងទឹកដីម៉ាណាសេ ចាប់ពីខាងកើតទៅខាងលិច។ 6ទឹកដីរបស់កុលសម្ព័ន្ធរូបេននៅជាប់នឹងទឹកដីអេប្រាអ៊ីម ចាប់ពីខាងកើតទៅខាងលិច។ 7ទឹកដីរបស់កុលសម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។
8នៅជាប់នឹងទឹកដីរបស់កុលសម្ព័ន្ធយូដា ចាប់ពីខាងកើតទៅខាងលិច ត្រូវញែកដីមួយចំណែកដែលមានទទឹងពីរម៉ឺនប្រាំពាន់ហត្ថ ហើយមានបណ្ដោយស្មើនឹងចំណែកទឹកដីរបស់កុលសម្ព័ន្ធនីមួយៗ ដែលរាប់ពីខាងកើតទៅខាងលិច។ ទីសក្ការៈត្រូវនៅចំកណ្ដាលដីនោះ។ 9ដីដែលអ្នករាល់គ្នាញែកជូនអុលឡោះតាអាឡា ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។ 10ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកអ៊ីមុាំទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទីសក្ការៈរបស់អុលឡោះតាអាឡាត្រូវនៅចំកណ្ដាល។ 11ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខងារជាអ៊ីមុាំ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជនជាតិអ៊ីស្រអែលវង្វេងឆ្ងាយពីយើងអ៊ីមុាំទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។ 12ដូច្នេះ ពួកគេត្រូវទទួលដីដ៏សក្ការៈបំផុតនេះជាដីញែកជូនអុលឡោះ នៅជាប់នឹងដីរបស់ពួកលេវី។ 13ពួកលេវីនឹងទទួលដី ដែលនៅតាមបណ្ដោយព្រំប្រទល់ដីរបស់ពួកអ៊ីមុាំ គឺបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថដូចទំហំដីរបស់អ៊ីមុាំដែរ។ 14ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកជូនអុលឡោះតាអាឡា។
15ចំណែកឯដីដែលនៅសល់ មានទទឹងប្រាំពាន់ហត្ថ និងបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ត្រូវចាត់ទុកជាដីសាមញ្ញធម្មតា សម្រាប់សង់ក្រុង ផ្ទះ និងវាលស្មៅ ទីក្រុងស្ថិតនៅចំកណ្ដាល។ 16ទីក្រុងនេះមានទំហំដូចតទៅ: ខាងជើងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងត្បូងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងកើតប្រវែងបួនពាន់ប្រាំរយហត្ថ ខាងលិចប្រវែងបួនពាន់ប្រាំរយហត្ថ។ 17ទីក្រុងនេះត្រូវមានវាលស្មៅពីររយហាសិបហត្ថខាងជើង ពីររយហាសិបហត្ថខាងត្បូង ពីររយហាសិបហត្ថខាងកើត ពីររយហាសិបហត្ថខាងលិច។ 18ដីដែលនៅសល់តាមបណ្ដោយដីសក្ការៈមានប្រវែងមួយម៉ឺនហត្ថខាងកើត មួយម៉ឺនហត្ថខាងលិច។ ដីនោះទុកសម្រាប់ដាំដំណាំជាអាហាររបស់អស់អ្នកដែលធ្វើការនៅក្នុងទីក្រុង។ 19អ្នកធ្វើការក្នុងទីក្រុង ទោះបីគេមកពីកុលសម្ព័ន្ធណាក្ដី ក៏គេអាចដាំដំណាំលើដីនោះបានដែរ។ 20សរុបមកដីដែលត្រូវញែកទុកជូនអុលឡោះតាអាឡា មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។
21ដីដែលនៅសល់ ត្រូវបានជាកម្មសិទ្ធិរបស់មេដឹកនាំ គឺដីដែលនៅសងខាងដីសក្ការៈ និងដីរបស់ទីក្រុងមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងគិតចាប់ពីព្រំប្រទល់ខាងកើត និងព្រំប្រទល់ខាងលិច។ ដីសក្ការៈ និងទីសក្ការៈក្នុងម៉ាស្ជិទស្ថិតនៅចំកណ្ដាល។ 22ដីរបស់មេដឹកនាំមានដីរបស់ពួកលេវី និងដីរបស់ទីក្រុងនៅចំពាក់កណ្ដាល ដីនោះស្ថិតនៅចន្លោះដីរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន។ 23កុលសម្ព័ន្ធឯទៀតៗដែលត្រូវទទួលដីជាចំណែកមត៌កនោះ គឺកុលសម្ព័ន្ធពុនយ៉ាមីនចាប់ពីខាងកើតទៅខាងលិច។ 24ទឹកដីរបស់កុលសម្ព័ន្ធស៊ីម្មាននៅជាប់នឹងទឹកដីពុនយ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។ 25ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារនៅជាប់នឹងទឹកដីស៊ីម្មាន ចាប់ពីខាងកើតទៅខាងលិច។ 26ទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូននៅជាប់នឹងទឹកដីអ៊ីសាខារ ចាប់ពីខាងកើតទៅខាងលិច។ 27ទឹកដីរបស់កុលសម្ព័ន្ធកាដនៅជាប់នឹងទឹកដីសាប់យូឡូន ចាប់ពីខាងកើតទៅខាងលិច។ 28ទឹកដីរបស់កុលសម្ព័ន្ធកាដ ជាព្រំដែនខាងត្បូងរបស់ស្រុកលាតសន្ធឹងចាប់ពីតាម៉ាររហូតដល់មេរីបានៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូរ ដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ 29នេះហើយជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែក ដល់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដោយចាប់ឆ្នោតយកជាចំណែកមត៌ករបស់ពួកគេ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
30រីឯច្រកចូលទីក្រុងមានដូចតទៅ: កំពែងខាងជើងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ។ 31នៅកំពែងនេះមានទ្វារក្រុងបី ដាក់ឈ្មោះតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល គឺទ្វាររូបេន ទ្វារយូដា និងទ្វារលេវី។ 32កំពែងខាងកើតមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារយូសុះ ទ្វារពុនយ៉ាមីន និងទ្វារដាន់។ 33កំពែងខាងត្បូង មានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារស៊ីម្មាន ទ្វារអ៊ីសាខារ និងទ្វារសាប់យូឡូន។ 34កំពែងខាងលិចមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារកាដ ទ្វារអេស៊ើរ និងទ្វារណែបថាលី។ 35ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «អុលឡោះតាអាឡានៅទីនេះ»។
Currently Selected:
ណាពីអេសេគាល 48: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.