ណាពីអេសេគាល 39
39
បរាជ័យរបស់ស្ដេចកុក
1«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចកុកថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ! 2យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រអែល។ 3យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជំរុះព្រួញពីដៃស្ដាំរបស់អ្នក។ 4អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។ 5អ្នកនឹងដួលស្លាប់នៅតាមទីវាល ដូចយើងបានថ្លែងទុកស្រាប់ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 6យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និងនៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា ហើយពួកគេនឹងទទួលស្គាល់ថាយើងជាអុលឡោះតាអាឡា។ 7យើងនឹងធ្វើឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតឡើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
8មើល៍ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុក កំពុងតែសម្រេចជារូបរាងហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 9ពេលនោះ ប្រជាជនរបស់ក្រុងនានានៃស្រុកអ៊ីស្រអែលនឹងនាំគ្នាចេញទៅដុតកំទេចគ្រឿងអាវុធ និងខែលតូចធំ ព្រមទាំងស្ន និងលំពែង។ ពួកគេប្រើគ្រឿងសស្រ្ដាវុធទាំងនោះសម្រាប់ដុតអស់រយៈពេលប្រាំពីរឆ្នាំ 10គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្រ្ដាវុធទាំងនោះ ដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែល បានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
11នៅថ្ងៃនោះ យើងនឹងប្រគល់កន្លែងមួយក្នុងស្រុកអ៊ីស្រអែល សម្រាប់បញ្ចុះសពស្ដេចកុក គឺនៅជ្រលងភ្នំ អ្នកដំណើរដែលស្ថិតនៅខាងកើតសមុទ្រ។ គេនឹងបញ្ចុះសពស្ដេចកុក និងពលទ័ពដ៏ច្រើនរបស់ខ្លួននៅទីនោះ ហើយឃាំងផ្លូវអ្នកដំណើរមិនឲ្យឆ្លងកាត់តាមនោះទៀត។ គេនឹងដាក់ឈ្មោះជ្រលងភ្នំនោះថា “ជ្រលងភ្នំកងពលស្ដេចកុក”។ 12កូនចៅអ៊ីស្រអែលនឹងចំណាយពេលប្រាំពីរខែ សម្រាប់បញ្ចុះសពពួកគេ ដើម្បីជម្រះស្រុកឲ្យបានបរិសុទ្ធ។ 13ប្រជាជនទាំងមូលនៅក្នុងស្រុកនឹងបញ្ចុះសពពួកគេ ហើយនៅថ្ងៃយើងសំដែងសិរីរុងរឿង ប្រជាជនទាំងនោះនឹងខ្ពស់មុខ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 14គេនឹងយកមនុស្សមួយចំនួនទុកដោយឡែក សម្រាប់ចំណាយពេលទាំងស្រុងធ្វើដំណើរឆ្លងកាត់ស្រុក។ អ្នកទាំងនោះប្រមូលសាកសពដែលនៅសល់ក្នុងស្រុកយកទៅបញ្ចុះ ដោយមានអ្នកដំណើរជួយផង។ ពួកគេចំណាយពេលប្រាំពីរខែ ប្រមូលសាកសព ដើម្បីជម្រះទឹកដីឲ្យបានបរិសុទ្ធ។ 15ពេលអ្នកទាំងនោះធ្វើដំណើរឆ្លងកាត់ស្រុក បើមាននរណាម្នាក់ឃើញឆ្អឹងខ្មោច គេដាក់ថ្មចំណាំនៅក្បែរនោះ ទុកឲ្យពួកអ្នកជីករណ្ដៅមកប្រមូលទៅកប់នៅ “ជ្រលងភ្នំកងពលស្ដេចកុក”។ 16“កងពល” ក៏ជាឈ្មោះរបស់ក្រុងមួយដែរ។ នេះជារបៀបដែលគេជម្រះស្រុក។ 17ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីគូរបានរបស់យើង គឺពិធីគូរបានយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 18អ្នករាល់គ្នានឹងស៊ីសាច់របស់ទាហានដ៏អង់អាច ហើយផឹកឈាមរបស់មេដឹកនាំទាំងឡាយនៅលើផែនដី ដែលយើងធ្វើគូរបានជំនួសចៀមឈ្មោល កូនចៀម ពពែឈ្មោល និងគោបាបំប៉ននៅស្រុកបាសាន។ 19ក្នុងពេលយើងធ្វើគូរបាន សម្រាប់អ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគសាច់ដ៏ល្អៗរហូតដល់ឆ្អែតឆ្អន់ អ្នករាល់គ្នាផឹកឈាមរហូតដល់ស្រវឹង។ 20ក្នុងពិធីជប់លៀងរបស់យើង អ្នករាល់គ្នានឹងស៊ីសាច់សេះ ស៊ីសាច់ទាហាន ទ័ពសេះ ទាហានដ៏អង់អាច និងអ្នកចំបាំងទាំងប៉ុន្មាន”- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
21យើងនឹងសំដែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។ 22ចាប់ពីថ្ងៃនោះតទៅអនាគត កូនចៅអ៊ីស្រអែលនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។ 23ប្រជាជាតិទាំងឡាយនឹងទទួលស្គាល់ថា កូនចៅអ៊ីស្រអែលត្រូវខ្មាំងកៀរទៅជាឈ្លើយដូច្នេះ ព្រោះតែពួកគេបានប្រព្រឹត្តអំពើបាប និងក្បត់ចិត្តយើង។ ហេតុនេះហើយបានជាយើងលែងរវីរវល់នឹងពួកគេ យើងបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ដើម្បីឲ្យអ្នកទាំងនោះប្រហារជីវិតពួកគេទាំងអស់ ដោយមុខដាវ។ 24យើងបានប្រព្រឹត្តចំពោះពួកគេ តាមអំពើសៅហ្មង និងអំពើទុច្ចរិតរបស់ពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ»។
25 អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងនឹងស្ដារស្រុកយូដាឡើងវិញ យើងនឹងមានចិត្តអាណិតអាសូរដល់កូនចៅអ៊ីស្រអែលទាំងមូល ហើយយើងមិនទុកឲ្យនាមដ៏វិសុទ្ធរបស់យើងនៅអាប់អោនដូច្នេះឡើយ។ 26ពេលនោះ ពួកគេនឹងលែងនឹកឃើញភាពអាម៉ាស់ និងការមិនស្មោះត្រង់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តចំពោះយើង ហើយពួកគេនឹងរស់នៅក្នុងស្រុកដោយសុខសាន្ត ឥតមាននរណាធ្វើទុក្ខពួកគេឡើយ។ 27យើងនឹងសំដែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និងប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។ 28ពេលនោះ មនុស្សម្នានឹងដឹងថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងបានបំបរបង់ពួកគេ ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយយើងក៏បានប្រមូលផ្ដុំពួកគេ ឲ្យមកនៅលើទឹកដីរបស់ខ្លួនវិញដែរ គឺយើងមិនបោះបង់ចោលនរណាម្នាក់ក្នុងស្រុកដទៃឡើយ។ 29យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូររសរបស់យើងលើកូនចៅអ៊ីស្រអែល» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
Currently Selected:
ណាពីអេសេគាល 39: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.