ណាពីអេសេគាល 38
38
បន្ទូលរបស់អុលឡោះប្រឆាំងនឹងស្ដេចកុក
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖
2«កូនមនុស្សអើយ ចូរបែរមុខទៅរកស្ដេចកុកនៅស្រុកម៉ាកុក ជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាល ហើយថ្លែងប្រាប់ស្ដេចនោះក្នុងនាមយើងថា: 3អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: កុកដែលជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ! 4យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។ 5សាសន៍ពែរ្ស អេត្យូពី និងពូថ ដែលប្រដាប់ខ្លួនដោយខែល និងមួកដែកក៏មកជាមួយដែរ។ 6សាសន៍កូមើរ និងកងពលរបស់គេទាំងមូល ព្រមទាំងសាសន៍តូកាម៉ា ដែលនៅទីដាច់ស្រយាលនាទិសខាងជើង និងកងពលរបស់គេទាំងមូល គឺមានកងទ័ពរបស់ប្រជាជាតិយ៉ាងច្រើនមកជាមួយអ្នក។ 7ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។ 8នៅពេលអនាគត គឺនៅគ្រាចុងក្រោយបំផុត យើងនឹងចាត់អ្នកឲ្យចេញទៅច្បាំងយកស្រុកអ៊ីស្រអែល។ ប្រជាជននៅស្រុកនោះបានគេចផុតពីមុខដាវ ហើយចាកចេញពីចំណោមប្រជាជាតិជាច្រើន មកប្រមូលផ្ដុំគ្នានៅលើភ្នំនានានៃស្រុកអ៊ីស្រអែល ជាកន្លែងដ៏ស្ងាត់ជ្រងំយូរឆ្នាំមកហើយ។ ក្រោយពេលចាកចេញពីចំណោមជាតិសាសន៍នានាមក ពួកគេរស់នៅយ៉ាងសុខសាន្តទាំងអស់គ្នាក្នុងស្រុករបស់ខ្លួន។ 9អ្នកនឹងឡើងទៅវាយលុកស្រុកនោះដូចខ្យល់ព្យុះសង្ឃរា អ្នក និងកងពលទាំងមូលរបស់អ្នក ព្រមទាំងជាតិសាសន៍ជាច្រើនដែលនៅជាមួយអ្នក នឹងប្រៀបបីដូចជាពពកគ្របបាំងពីលើស្រុក»។
10 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «នៅគ្រានោះ អ្នកនឹងមានចិត្តអួតបំប៉ោង ហើយរៀបចំផែនការអាក្រក់។ 11អ្នកពោលថា “ខ្ញុំនឹងឡើងទៅវាយយកស្រុកដែលគ្មាននរណាការពារ ខ្ញុំនឹងវាយប្រហារអ្នកស្រុកដែលរស់នៅដោយឥតភ័យបារម្ភ ហើយក្រុងរបស់គេគ្មានកំពែង គ្មានទ្វារ ឬរនុកឡើយ។ 12ខ្ញុំនឹងរឹបអូសយកជយភ័ណ្ឌរបស់ពួកគេ ខ្ញុំនឹងចាប់យកស្រុកដែលពីមុនជាគំនរបាក់បែក តែឥឡូវនេះ មានប្រជាជនរស់នៅ គឺប្រជាជនដែលចាកចេញពីចំណោមប្រជាជាតិនានា ពួកគេមានហ្វូងសត្វ និងទ្រព្យសម្បត្តិ ហើយរស់នៅចំកណ្ដាលផែនដី”។ 13ជនជាតិសេបា ជនជាតិដេដាន់ អ្នកជំនួញពីស្រុកតើស៊ីស និងមេដឹកនាំរបស់ពួកគេនឹងពោលមកអ្នកថា “តើស្តេចមកចាប់យកជយភ័ណ្ឌឬ? តើស្តេចលើកកងទ័ពមកយ៉ាងច្រើនដូច្នេះ ដើម្បីប្លន់ស្រុកនេះ រឹបអូសយកមាសប្រាក់ ហ្វូងសត្វ និងទ្រព្យសម្បត្តិដែលជាជយភ័ណ្ឌដ៏ច្រើនឬ?”»។
14កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង ប្រាប់ស្ដេចកុកដូចតទៅ៖ «អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: នៅថ្ងៃដែលអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង កំពុងរស់នៅយ៉ាងសុខសាន្តនោះ អ្នកក៏បានទទួលដំណឹង 15ហើយចាកចេញពីស្រុករបស់ខ្លួន ដែលស្ថិតនៅទីដាច់ស្រយាលនាទិសខាងជើង អ្នកនឹងនាំកងទ័ពដ៏ច្រើនឥតគណនាជិះសេះមក 16ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
17 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកណាពីរបស់ជនជាតិអ៊ីស្រអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។ 18ក៏ប៉ុន្តែ នៅថ្ងៃនោះ គឺថ្ងៃដែលកុកមកវាយលុកទឹកដីអ៊ីស្រអែល យើងក្ដៅចិត្តជាខ្លាំង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 19ដោយចិត្តប្រច័ណ្ឌ និងដោយចិត្តឆេះឆួលយើងក៏ប្រកាសថា នៅថ្ងៃនោះមុខជាមានរញ្ជួយផែនដីយ៉ាងខ្លាំងនៅស្រុកអ៊ីស្រអែល។ 20ត្រីនៅក្នុងសមុទ្រ បក្សាបក្សីដែលហើរនៅលើមេឃ សត្វព្រៃ សត្វលូនវារ និងមនុស្សទាំងអស់ដែលរស់នៅលើផែនដី នឹងភ័យញាប់ញ័រនៅចំពោះយើង។ ភ្នំទាំងឡាយនឹងត្រូវរលាយ រីឯផ្ទាំងថ្ម ព្រមទាំងកំពែងទាំងប៉ុន្មានក៏នឹងត្រូវរលំដែរ។ 21យើងនឹងធ្វើឲ្យមានការកាប់សម្លាប់គ្នា ក្នុងជួរទ័ពរបស់ស្ដេចកុក នៅលើភ្នំទាំងប៉ុន្មានរបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ពេលនោះ ម្នាក់ៗនឹងលើកដាវកាប់បងប្អូនរបស់ខ្លួន។ 22យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។ 23យើងនឹងសំដែងឲ្យប្រជាជាតិទាំងឡាយឃើញថា យើងជាអុលឡោះជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម និងជាម្ចាស់ដ៏វិសុទ្ធ។ ដូច្នេះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
Currently Selected:
ណាពីអេសេគាល 38: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.