ណាពីអេសេគាល 36
36
អ៊ីស្រអែលនឹងកាន់កាប់ស្រុករបស់ខ្លួនវិញ
1កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីភ្នំទាំងឡាយ នៅស្រុកអ៊ីស្រអែលដូចតទៅ:
ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! 2អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។ 3ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងចុះ! ចូរពោលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានបំផ្លាញ និងត្របាក់លេបអ្នករាល់គ្នាពីគ្រប់ទិសទី អ្នករាល់គ្នាក្លាយទៅជាកម្មសិទ្ធិរបស់ប្រជាជាតិនានា ពួកគេយករឿងអ្នកទៅនិយាយលេងសើចជាមួយគ្នា។ 4ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កំទេច និងចំអកឡកឡឺយឲ្យអ្នក។ 5អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។ 6ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងស្ដីអំពីទឹកដីអ៊ីស្រអែល! ចូរប្រាប់ភ្នំតូច ភ្នំធំ និងជ្រលងដងអូរថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនិយាយដោយចិត្តស្រឡាញ់ដ៏លើសលប់ចំពោះអ្នក ហើយដោយកំហឹងដ៏ខ្លាំងដែរ ព្រោះប្រជាជាតិនានាបានធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់។ 7ហេតុនេះ យើងជាអុលឡោះតាអាឡាជាម្ចាស់ យើងលើកដៃសន្យាយ៉ាងឱឡារិកថា ប្រជាជាតិដែលនៅជុំវិញអ្នករាល់គ្នា មុខជាទទួលយកការអាម៉ាស់នោះមិនខាន! 8រីឯភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ដើមឈើរបស់អ្នករាល់គ្នានឹងបែកមែកសាខា បង្កើតផលផ្លែសម្រាប់អ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ដ្បិតពួកគេជិតត្រឡប់មកវិញហើយ។ 9យើងបែរមករកអ្នករាល់គ្នា យើងកាន់ខាងអ្នករាល់គ្នា។ មានគេភ្ជួររាស់អ្នក និងសាបព្រោះឡើងវិញ។ 10យើងនឹងធ្វើឲ្យចំនួនមនុស្សនៅលើភ្នំនេះកើនឡើង គឺកូនចៅអ៊ីស្រអែលទាំងមូល។ ក្រុងទាំងឡាយនឹងមានមនុស្សរស់នៅ ហើយកន្លែងបាក់បែកទាំងឡាយ ក៏នឹងត្រូវសង់ឡើងវិញដែរ។ 11យើងនឹងធ្វើឲ្យចំនួនមនុស្ស និងហ្វូងសត្វនៅលើភ្នំនេះកើនឡើង ហើយបង្កើតកូនពូនជាចៅ។ យើងនឹងធ្វើឲ្យប្រជាជនមានចំនួនច្រើន ដូចកាលពីមុន យើងនឹងឲ្យអ្នករាល់គ្នាបានចំរុងចំរើនលើសពីមុនទៅទៀត។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់មែន។ 12អ៊ីស្រអែលជាប្រជារាស្ត្ររបស់យើងអើយ យើងនឹងនាំអ្នករាល់គ្នាឲ្យដើរនៅលើភ្នំនេះវិញ។ អ្នករាល់គ្នានឹងយកទឹកដីនេះធ្វើជាកម្មសិទ្ធិ និងជាកេរមត៌ក ទឹកដីនេះនឹងលែងធ្វើឲ្យអ្នករាល់គ្នាបាត់បង់កូនចៅទៀតហើយ»។
13 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «គេតែងពោលថា “ស្រុកនេះបំផ្លាញជីវិតមនុស្សស្រុកនេះធ្វើឲ្យប្រជាជាតិរបស់ខ្លួនបាត់បង់កូនចៅ”។ 14ប៉ុន្តែ ពីពេលនេះទៅមុខ អ្នកលែងបំផ្លាញជីវិតមនុស្ស អ្នកលែងធ្វើឲ្យប្រជាជាតិរបស់អ្នកបាត់បង់កូនចៅទៀតហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 15យើងនឹងលែងឲ្យប្រជាជាតិនានាប្រមាថមាក់ងាយអ្នក ជាតិសាសន៍ដទៃនឹងលែងធ្វើឲ្យអ្នកអាម៉ាស់មុខ អ្នកនឹងលែងធ្វើឲ្យប្រជាជាតិរបស់អ្នកវិនាសទៀតដែរ»។
16 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 17«កូនមនុស្សអើយ ពេលកូនចៅអ៊ីស្រអែលរស់នៅលើទឹកដីរបស់ខ្លួននៅឡើយ ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយសារអំពើអាក្រក់ និងមារយាទថោកទាបរបស់ពួកគេ។ យើងចាត់ទុកមារយាទរបស់ពួកគេថា មិនបរិសុទ្ធ ដូចស្ត្រីក្នុងគ្រាមានរដូវដែរ។ 18ពួកគេធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ដោយការបង្ហូរឈាម និងការថ្វាយបង្គំព្រះក្លែងក្លាយ ហេតុនេះហើយបានជាយើងជះកំហឹងរបស់យើងទៅលើពួកគេ។ 19យើងបានកំចាត់កំចាយពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងបំបែកពួកគេឲ្យទៅរស់នៅតាមស្រុកនានា។ យើងដាក់ទោសពួកគេតាមអំពើអាក្រក់ និងតាមមារយាទថោកទាបរបស់ខ្លួន។ 20ពេលទៅដល់ស្រុករបស់ប្រជាជាតិទាំងឡាយ ពួកគេបានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា ពួកគេចាកចេញពីស្រុករបស់ទ្រង់មក”។ 21យើងចង់រក្សានាមដ៏វិសុទ្ធរបស់យើងដែលកូនចៅអ៊ីស្រអែលបានបង្អាប់បង្អោននៅក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលពួកគេស្នាក់អាស្រ័យនៅជាមួយ។
22ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រអែលថា: អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ “ពូជពង្សអ៊ីស្រអែលអើយ! យើងធ្វើដូច្នេះមិនមែនដោយយល់ដល់អ្នករាល់គ្នា គឺយល់ដល់នាមដ៏វិសុទ្ធរបស់យើង ដែលអ្នករាល់គ្នាបានបង្អាប់បង្អោន ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលអ្នករាល់គ្នាអាស្រ័យនៅជាមួយ។ 23យើងនឹងសំដែងអំណាចឲ្យប្រជាជាតិនានាស្គាល់នាមដ៏វិសុទ្ធរបស់យើង គឺនាមដែលអ្នករាល់គ្នាបានបង្អាប់បង្អោនក្នុងចំណោមប្រជាជាតិទាំងនោះ។ ពេលណាយើងសំដែងភាពវិសុទ្ធរបស់យើងក្នុងចំណោមអ្នករាល់គ្នាឲ្យប្រជាជាតិទាំងនោះឃើញ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 24យើងនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នាពីគ្រប់ស្រុកនាំត្រឡប់មកមាតុភូមិវិញ។ 25យើងនឹងប្រោះទឹកដ៏វិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាពេញចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ 26យើងនឹងប្រគល់ចិត្តគំនិតថ្មីឲ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ 27យើងនឹងដាក់រសរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមហ៊ូកុំ ហើយកាន់តាមវិន័យរបស់យើង។ 28អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាម្ចាស់របស់អ្នករាល់គ្នា។ 29យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចផុតពីអំពើសៅហ្មងគ្រប់យ៉ាង យើងនឹងឲ្យអ្នករាល់គ្នាមានស្រូវយ៉ាងច្រើនបរិបូណ៌ គឺមិនឲ្យមានទុរ្ភិក្សទៀតទេ។ 30យើងនឹងធ្វើឲ្យដើមឈើ និងស្រែចម្ការបង្កើតផលផ្លែជាច្រើន ដើម្បីកុំឲ្យអ្នករាល់គ្នារងគ្រោះដោយទុរ្ភិក្ស និងត្រូវអាម៉ាស់នៅចំពោះមុខប្រជាជាតិនានា។ 31ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទអាក្រក់ និងអំពើមិនគួរគប្បី ដែលអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តកាលពីមុន ហើយអ្នករាល់គ្នានឹងនឹកខ្មាសខ្លួនឯង ព្រោះតែអំពើបាប និងអំពើគួរស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ 32តោងដឹងថា យើងធ្វើដូច្នេះមិនមែនមកពីយល់ដល់អ្នករាល់គ្នាទេ! ពូជពង្សអ៊ីស្រអែលអើយ ចូរនឹកខ្មាស និងអៀនខ្លួនចំពោះកិរិយាមារយាទរបស់ខ្លួនទៅ!” - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
33 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «នៅថ្ងៃដែលយើងជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ រួចផុតពីអំពើបាបទាំងប៉ុន្មានរបស់ខ្លួនហើយ យើងនឹងឲ្យមានប្រជាជនរស់នៅសាជាថ្មីក្នុងក្រុងនានា ហើយគេនឹងសង់ផ្ទះនៅត្រង់កន្លែងបាក់បែកនោះឡើងវិញ។ 34ដីដែលគេបោះបង់ចោលនឹងមានដំណាំដុះសាជាថ្មី អស់អ្នកដើរកាត់តាមនោះនឹងលែងឃើញដីដែលគេបោះបង់ចោលទៀតហើយ។ 35ពួកគេនឹងពោលថា ស្រុកដែលគេបោះបង់ចោលនេះ ត្រឡប់ជាមានសោភណភាពដូចសួនឧទ្យានអេដែន ក្រុងដែលបាក់បែក ហើយស្ងាត់ជ្រងំនេះនឹងត្រូវសង់ឡើងវិញ ដោយមានកំពែងរឹងមាំ ព្រមទាំងមានប្រជាជនរស់នៅផង។ 36ប្រជាជាតិនានាដែលនៅជុំវិញអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា អ្វីៗដែលបាក់បែក យើងនឹងសង់ឡើងវិញ ហើយយើងក៏ដាំដំណាំសាជាថ្មី នៅលើដីដែលគេបោះបង់ដែរ»។ យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ។
37 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។ 38ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើគូរបាននៅក្រុងយេរូសាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
Currently Selected:
ណាពីអេសេគាល 36: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.