ណាពីអេសេគាល 30
30
អុលឡោះដាក់ទោសស្រុកអេស៊ីប
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ចូរនាំគ្នាសោកសង្រេង ដ្បិតថ្ងៃនោះវេទនាណាស់! 3ថ្ងៃនោះនៅជិតបង្កើយហើយ គឺជាថ្ងៃរបស់អុលឡោះតាអាឡា ថ្ងៃដែលមានពពក ថ្ងៃដែលប្រជាជាតិនានាវាយប្រហារគ្នា។ 4សង្គ្រាមនឹងមកដល់ស្រុកអេស៊ីប ទុក្ខវេទនានឹងកើតមាននៅស្រុកអេត្យូពី។ ជនជាតិអេស៊ីបនឹងត្រូវគេសម្លាប់រង្គាល សត្រូវរឹបអូសយកសម្បត្តិរបស់ស្រុកអេស៊ីប ព្រមទាំងកំទេចស្រុកនេះផង។ 5អ្នកស្រុកអេត្យូពី អ្នកស្រុកពូត អ្នកស្រុកលូឌ ពួកកូនកាត់ទាំងប៉ុន្មាន និងអ្នកស្រុកគូប ព្រមទាំងប្រជាជនរបស់យើងផ្ទាល់ ក៏នឹងត្រូវស្លាប់ដោយមុខដាវជាមួយជនជាតិអេស៊ីបដែរ»។
6 អុលឡោះតាអាឡាមានបន្ទូលថា៖ «ពួកអ្នកដែលគាំទ្រស្រុកអេស៊ីបនឹងត្រូវវិនាស ហើយអំណាចអួតអាងរបស់អេស៊ីបក៏ត្រូវរលាយសូន្យទៅដែរ។ ពួកគេនឹងស្លាប់ដោយមុខដាវ ចាប់តាំងពីក្រុងមីគដូល រហូតដល់ក្រុងស៊ីយេន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 7ស្រុករបស់ពួកគេនឹងក្លាយទៅជាទីស្មសាន ស្ងាត់ជាងវាលរហោស្ថានទៅទៀត។ ក្រុងរបស់គេក៏ត្រូវហិនហោចលើសក្រុងឯទៀតៗដែរ។ 8ពេលណាយើងដុតស្រុកអេស៊ីប និងកំទេចបក្សសម្ព័ន្ធរបស់ពួកគេអស់ហើយ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 9នៅថ្ងៃយើងដាក់ទោសស្រុកអេស៊ីប យើងនឹងចាត់មនុស្សឲ្យធ្វើដំណើរតាមសំពៅ នាំដំណឹងទៅប្រាប់អ្នកស្រុកអេត្យូពី ដែលកំពុងតែរស់នៅដោយសុខសាន្ត ធ្វើឲ្យពួកគេភ័យតក់ស្លុត ដ្បិតថ្ងៃដែលពួកគេរងទុក្ខវេទនាជិតមកដល់ហើយ!»។
10 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រើនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ឲ្យបំបាត់ពូជសាសន៍អេស៊ីបដ៏ច្រើននោះ។ 11យើងនឹងនាំស្ដេចនេប៊ូក្នេសា និងកងទ័ពបាប៊ីឡូនដ៏សាហាវបំផុត មកកំទេចស្រុកអេស៊ីប។ ពួកគេនឹងសម្លាប់រង្គាលប្រជាជន ទុកសាកសពនៅពាសពេញក្នុងស្រុក។ 12យើងនឹងធ្វើឲ្យដៃទន្លេនីលរីងស្ងួត យើងប្រគល់ស្រុកនោះទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំណាច យើងនឹងបំផ្លាញស្រុក ព្រមទាំងអ្វីៗដែលមាននៅក្នុងស្រុកនោះ ដោយដៃរបស់ជនបរទេស។ នេះជាពាក្យរបស់យើងដែលជាអុលឡោះតាអាឡា»។
13 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងកំទេចរូបបដិមា យើងនឹងបំបាត់រូបព្រះក្លែងក្លាយពីក្រុងណូប។ ពេលនោះ ស្រុកអេស៊ីបនឹងលែងមានអ្នកដឹកនាំ ហើយយើងនឹងធ្វើឲ្យមានការភ័យខ្លាចនៅស្រុកអេស៊ីប។ 14យើងនឹងបំផ្លាញក្រុងប៉ាត្រុស យើងនឹងដុតកំទេចក្រុងសូអាន ហើយដាក់ទោសក្រុងនរ។ 15យើងនឹងជះកំហឹងរបស់យើងលើក្រុងស៊ីន ជាក្រុងដែលមានកំពែងរឹងមាំរបស់ស្រុកអេស៊ីប យើងនឹងដកជីវិតប្រជាជនដ៏ច្រើននៅក្រុងនរ។ 16យើងនឹងដុតស្រុកអេស៊ីប ក្រុងស៊ីននឹងភ័យតក់ស្លុត ក្រុងនរនឹងត្រូវខ្មាំងឡោមព័ទ្ធ ហើយក្រុងណូបនឹងត្រូវខ្មាំងវាយយកបានទាំងកណ្ដាលថ្ងៃត្រង់។ 17ពួកយុវជននៅក្រុងអាវេន និងក្រុងពីបែសែត ដួលស្លាប់ដោយមុខដាវ ហើយអ្នកក្រុងទាំងនោះនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ 18ពេលយើងបំបាក់នឹមរបស់ស្រុកអេស៊ីប ហើយពេលដែលអំណាចអួតអាងរបស់ពួកគេរលាយសូន្យ នោះនៅក្រុងតាផាណែស ថ្ងៃប្រែជាងងឹត ពពកអាប់អួគ្របដណ្ដប់ពាសពេញក្រុង ហើយប្រជាជនរបស់គេនឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។ 19យើងនឹងធ្វើទោសស្រុកអេស៊ីប ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
20នៅឆ្នាំទីដប់មួយ ថ្ងៃទីប្រាំពីរ ក្នុងខែទីមួយ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅនេះ៖
21«កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃម្ខាងរបស់ហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។ 22ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រហារហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប យើងនឹងបំបាក់ដៃទាំងសងខាងរបស់ស្ដេចនេះ គឺទាំងដៃល្អទាំងដៃបាក់ ហើយយើងនឹងជំរុះដាវចេញពីដៃរបស់គេដែរ។ 23យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេឲ្យទៅប្រទេសនានា។ 24យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយប្រគល់ដាវរបស់យើងឲ្យស្ដេចនេះ យើងនឹងកាច់បំបាក់ដៃរបស់ស្ដេចស្រុកអេស៊ីប ហើយស្ដេចស្រុកអេស៊ីបនឹងស្រែកថ្ងូរនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ព្រោះតែរបួសជិតស្លាប់។ 25យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយបំបាក់កម្លាំងរបស់ស្ដេចហ្វៀរ៉អ៊ូន។ ពេលណាយើងប្រគល់ដាវរបស់យើងឲ្យស្ដេចស្រុកបាប៊ីឡូន ហើយពេលស្ដេចនេះលើកដាវតម្រង់ទៅរកស្រុកអេស៊ីប នោះគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 26យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេឲ្យទៅប្រទេសនានា នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
Currently Selected:
ណាពីអេសេគាល 30: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.