YouVersion Logo
Search Icon

ណាពី​អេសេ‌គាល 29

29
បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្រុក​អេស៊ីប
1នៅ​ឆ្នាំ​ទី​ដប់ ថ្ងៃ​ទី​ដប់‌ពីរ ខែ​ទី​ដប់ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ 2«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ហ្វៀរ៉‌អ៊ូន ស្ដេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ ព្រម​ទាំង​ប្រជា‌ជន​អេស៊ីប​ទាំង​មូល​ទៅ! 3ចូរ​ប្រកាស​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ហ្វៀរ៉‌អ៊ូន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។ 4យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។ 5យើង​នឹង​បោះ​អ្នក​ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោ‌ស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវី‌រវល់​នឹង​សាក‌សព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ឲ្យ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។ 6ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ដ្បិត​ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង ដែល​កូន​ចៅ​អ៊ីស្រ‌អែល​យក​ធ្វើ​ជា​បង្អែក។ 7នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ»។
8 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «មើល៍​យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អ្នក​កើត​សង្គ្រាម យើង​នឹង​ដក​ជីវិត​ទាំង​មនុស្ស ទាំង​សត្វ នៅ​ក្នុង​ស្រុក​អ្នក។ 9ស្រុក​អេស៊ីប​នឹង​ត្រូវ​ហិន‌ហោច ក្លាយ​ជា​គំនរ​បាក់​បែក ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា។ ដោយ​អ្នក​ពោល​ថា​ទន្លេ​នីល ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ 10យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប ឲ្យ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំ‌ប្រទល់​ស្រុក​អេត្យូ‌ពី។ 11គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។ 12ក្នុង​រយៈ​ពេល​សែ‌សិប​ឆ្នាំ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោ‌ស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិន‌ហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​ប្រទេស​នានា»។ 13អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន‌ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្ដេញ​ពួក​គេ​ទៅ​នោះ ឲ្យ​ត្រឡប់​មក​វិញ។ 14យើង​នឹង​ស្ដារ​ស្រុក​អេស៊ីប​ឡើង​វិញ យើង​នឹង​នាំ​ពួក​គេ​មក​នៅ​ស្រុក​ប៉ាត្រុស ជា​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​នគរ​មួយ​ដ៏​ទន់​ខ្សោយ។ 15ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​នគរ​មួយ​ទន់​ខ្សោយ​ជាង​នគរ​ឯ​ទៀតៗ គេ​នឹង​លែង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា គឺ​យើង​នឹង​ធ្វើ​ឲ្យ​គេ​ចុះ​អន់‌ថយ ដើម្បី​កុំ​ឲ្យ​គេ​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​នានា​ទៀត។ 16ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​លែង​មាន​បង្អែក ដែល​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ដោយ​បែរ​ទៅ​រក​ស្រុក​អេស៊ីប​មក​ជួយ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់។
ស្ដេច​នេប៊ូ‌ក្នេសា​មក​វាយ​លុក​ស្រុក​អេស៊ីប
17នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖
18«កូន​មនុស្ស​អើយ នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ប្រើ​កង‌ទ័ព​របស់​ខ្លួន​ឲ្យ​ប្រឹង‌ប្រែង​វាយ​យក​ក្រុង​ទីរ៉ុស។ ទាហាន​បាប៊ី‌ឡូន​ទាំង​អស់​ខំ​ប្រឹង​រហូត​ដល់​ជ្រុះ​សក់ និង​មាន​ស្នាម​របួស​ពេញ​ស្មា តែ​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​កង‌ទ័ព ពុំ​បាន​ទទួល​ជ័យ‌ជំនះ ពី​ការ​វាយ​លុក​ក្រុង​ទីរ៉ុស​ឡើយ។ 19ហេតុ​នេះ យើង​ប្រកាស​ក្នុង​នាម​យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ថា យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ នេប៊ូ‌ក្នេសា​នឹង​នាំ​យក​ទ្រព្យ​សម្បត្តិ​ស្រុក​អេស៊ីប​ទៅ​ស្រុក​របស់​ខ្លួន ស្ដេច​នេះ​នឹង​រឹប​អូស​យក​ទាំង​អស់ ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។ ស្ដេច​នឹង​យក​ជយ‌ភ័ណ្ឌ​ធ្វើ​ជា​បៀវត្សរ៍​ចែក​ឲ្យ​កង‌ទ័ព​របស់​ខ្លួន។ 20យើង​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​នេប៊ូ‌ក្នេសា ទុក​ជា​កំរៃ​ចំពោះ​កិច្ចការ​ដែល​គេ​បាន​ធ្វើ ដ្បិត​ពួក​ទាហាន​របស់​ស្ដេច​នេះ​បាន​ធ្វើ​ការ​ឲ្យ​យើង -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។
21នៅ​ថ្ងៃ​នោះ​យើង​នឹង​ពង្រឹង​កម្លាំង​ជន‌ជាតិ​អ៊ីស្រ‌អែល។ រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​នឹង​ឲ្យ​អ្នក​និយាយ​បាន ពួក​គេ​នឹង​ឮ​ពាក្យ​អ្នក ហើយ​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in