YouVersion Logo
Search Icon

សេរី‌ភាព 1

1
អុលឡោះរំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពី​ស្រុក​អេស៊ីប
ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប
1នេះ​ជា​បញ្ជី​រាយ​ឈ្មោះ​កូន​ចៅ​អ៊ីស្រ‌អែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប ជា​មួយ​យ៉ាកកូប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន គឺ​មាន: 2រូបេន ស៊ីម្មាន លេវី យូដា 3អ៊ីសាខារ សាប់‌យូឡូន ពុន‌យ៉ាមីន 4ដាន់ ណែប‌ថាលី កាដ និង​អេស៊ើរ។ 5ពូជ‌ពង្ស​របស់​យ៉ាកកូប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​យូសុះ រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។ 6ក្រោយ​មក យូសុះ និង​បង​ប្អូន​របស់​គាត់​ព្រម​ទាំង​កូន​ចៅ​របស់​យ៉ាកកូប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។ 7ជន‌ជាតិ​អ៊ីស្រ‌អែល​បង្កើត​កូន​ចៅ​បន្ត​ពូជ‌ពង្ស កើន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីប។
8មាន​ស្តេច​ថ្មី​មួយ​នាក់​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្តេច​នោះ​មិន​បាន​ស្គាល់​យូសុះ​ទេ។ 9ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។ 10ដូច្នេះ យើង​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​បាន​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ 11ជន‌ជាតិ​អេស៊ីប​បាន​តែង​តាំង​មេ​ត្រួត‌ត្រា​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ជន‌ជាតិ​អ៊ីស្រ‌អែល​សង់​ក្រុង​ពីថំ និងក្រុង​រ៉ាមសេស សម្រាប់​ដាក់​ភោគ​ទ្រព្យ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។ 12ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់​សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រ‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស​ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។ 13ពេល​នោះ ជន‌ជាតិ​អេស៊ីប​ចាត់​ទុក​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​ទាសករ ហើយ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ យ៉ាង​ធ្ងន់​ធ្ងរ។ 14គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​វេទនា​ខ្លោច​ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ​ងារ​ដ៏​ធ្ងន់​ធ្ងរ​គ្រប់​យ៉ាង។
ស្តេច​ហ្វៀរ៉អ៊ូន​ធ្វើ​ទុក្ខ​ទោស​ជន‌ជាតិ​អ៊ីស្រ‌អែល
15ស្តេច​ស្រុក​អេស៊ីប​បញ្ជា​ទៅ​ឆ្មប​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ម្នាក់​ឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេប្រឺ​ថា៖ 16«កាល​ណា​អ្នក​បង្កើត​កូន​ឲ្យ​ស្ដ្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស​ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​ឲ្យ​វា​រស់​ចុះ»។ 17ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ គោរព​កោត​ខ្លាច​អុលឡោះ​គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​ដែរ។ 18ស្តេច​ស្រុក​អេស៊ីប​ក៏​កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្តេច​ក៏​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?»។ 19ឆ្មប​ទាំង​ពីរ​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹង​ប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សំរាល​កូន​រួច​ស្រេច​ទៅ​ហើយ»។ 20អុលឡោះ​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន‌ជាតិ​អ៊ីស្រ‌អែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។ 21ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​អុលឡោះទ្រង់​ប្រោស​ប្រទាន​ឲ្យ​គ្រួសារ​របស់​គាត់​បាន​ចំរុង​ចំរើន។
22បន្ទាប់​មក​ស្តេច​ហ្វៀរ៉អ៊ូន​បាន​បញ្ជា​ដល់​ប្រជា‌ជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​ឲ្យ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in