សេរីភាព 1
1
អុលឡោះរំដោះជនជាតិអ៊ីស្រអែលពីស្រុកអេស៊ីប
ជនជាតិអ៊ីស្រអែលជាទាសករនៅស្រុកអេស៊ីប
1នេះជាបញ្ជីរាយឈ្មោះកូនចៅអ៊ីស្រអែល ដែលបានមកនៅស្រុកអេស៊ីប ជាមួយយ៉ាកកូប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួន គឺមាន: 2រូបេន ស៊ីម្មាន លេវី យូដា 3អ៊ីសាខារ សាប់យូឡូន ពុនយ៉ាមីន 4ដាន់ ណែបថាលី កាដ និងអេស៊ើរ។ 5ពូជពង្សរបស់យ៉ាកកូបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯយូសុះ រស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។ 6ក្រោយមក យូសុះ និងបងប្អូនរបស់គាត់ព្រមទាំងកូនចៅរបស់យ៉ាកកូបមួយជំនាន់នោះបានស្លាប់អស់ទៅ។ 7ជនជាតិអ៊ីស្រអែលបង្កើតកូនចៅបន្តពូជពង្ស កើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
8មានស្តេចថ្មីមួយនាក់ឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្តេចនោះមិនបានស្គាល់យូសុះទេ។ 9ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ 10ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងបានទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ 11ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ស្តេចហ្វៀរ៉អ៊ូន។ 12ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្តាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។ 13ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការ យ៉ាងធ្ងន់ធ្ងរ។ 14គេធ្វើឲ្យជនជាតិអ៊ីស្រអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
ស្តេចហ្វៀរ៉អ៊ូនធ្វើទុក្ខទោសជនជាតិអ៊ីស្រអែល
15ស្តេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖ 16«កាលណាអ្នកបង្កើតកូនឲ្យស្ដ្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុសត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកឲ្យវារស់ចុះ»។ 17ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះ គោរពកោតខ្លាចអុលឡោះគាត់មិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ 18ស្តេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្តេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។ 19ឆ្មបទាំងពីរជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ស្ត្រីជាតិហេប្រឺ មិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសំរាលកូនរួចស្រេចទៅហើយ»។ 20អុលឡោះប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ 21ដោយឆ្មបទាំងពីរកោតខ្លាចអុលឡោះទ្រង់ប្រោសប្រទានឲ្យគ្រួសាររបស់គាត់បានចំរុងចំរើន។
22បន្ទាប់មកស្តេចហ្វៀរ៉អ៊ូនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺ ដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតឲ្យតែកូនស្រីៗប៉ុណ្ណោះ!»។
Currently Selected:
សេរីភាព 1: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.