ណាពីអេម៉ុស 8
8
និមិត្តហេតុអស្ចារ្យអំពីកំប្រោងផ្លែឈើ
1 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ:
ខ្ញុំឃើញកំប្រោងមួយ
មានពេញដោយផ្លែឈើទុំ។
2ទ្រង់មានបន្ទូលមកខ្ញុំថា៖
«អេម៉ុសអើយ តើអ្នកឃើញអ្វី?»
ខ្ញុំជម្រាបទ្រង់ថា៖ «ខ្ញុំឃើញកំប្រោង
មួយ មានពេញដោយផ្លែឈើទុំ»
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖
«ចុងបញ្ចប់របស់អ៊ីស្រអែល
ជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយ
យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
3នៅថ្ងៃនោះ សំរែកថ្ងូរនឹងមកជំនួស
ចំរៀងសប្បាយនៅក្នុងម៉ាស្ជិទ។
មានសាកសពពាសពេញ
ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
4អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ
ហើយធ្វើឲ្យជនទុគ៌តត្រូវវិនាស
ចូរស្ដាប់ពាក្យខ្ញុំ!
5អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មី
និងថ្ងៃឈប់សម្រាកឆាប់ចប់
ដើម្បីបើកជង្រុកលក់ស្រូវ
ដោយយកតៅតូចជាងធម្មតាមកវាល់
ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ
ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
6អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌ត
យកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។
សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។
7 អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់
ដោយយកទឹកដី ដែលជាមោទនភាព
របស់ជនជាតិអ៊ីស្រអែលធ្វើជាសាក្សីថា:
យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ
ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
8ហេតុនេះហើយបានជាមានរញ្ជួយផែនដី
អ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។
ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញ
ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង
រួចស្រកទៅវិញដែរ។
9នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិច
នៅពេលថ្ងៃត្រង់
ហើយឲ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
10យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ
របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ
ហើយឲ្យបទចំរៀងរបស់អ្នករាល់គ្នា
ក្លាយទៅជាបទទំនួញ។
យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ
ព្រមទាំងកោរសក់ផង។
យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ
ដូចគេកាន់ទុក្ខកូនតែមួយ
ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
11 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖
«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ
ការអត់ឃ្លានកើតនៅក្នុងស្រុក
តែមិនមែនការអត់ឃ្លានខាងអាហារ
ឬការស្រេកទឹកនោះទេ
ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់
បន្ទូលរបស់អុលឡោះតាអាឡា។
12ពួកគេនឹងដើរចុះឡើង ពីសមុទ្រមួយ
ទៅសមុទ្រមួយ
ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត
ដើម្បីស្វែងរកបន្ទូលរបស់អុលឡោះតាអាឡា
តែរកមិនឃើញឡើយ។
13នៅថ្ងៃនោះ ស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗ
នឹងអស់កម្លាំងដួល ដោយស្រេកទឹក។
14អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយ
នៅក្រុងសាម៉ារីថា:
“ខ្ញុំសូមស្បថ ដោយយកជីវិត
របស់ព្រះនៅក្រុងដាន់ជាសាក្សី”
“ខ្ញុំសូមស្បថ ដោយយក
ព្រះនៅបៀរសេបាជាសាក្សី”
អ្នកនោះមុខជាដួលស្លាប់
ក្រោកឡើងវិញមិនរួចឡើយ។»
Currently Selected:
ណាពីអេម៉ុស 8: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.