ណាពីអេម៉ុស 7
7
និមិត្តហេតុអស្ចារ្យអំពីការវិនាសរបស់អ៊ីស្រអែល
1 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅជូនស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។ 2កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំជម្រាបថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមអត់ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រអែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ 3អុលឡោះតាអាឡាដូរចិត្ត ហើយមានបន្ទូលថា៖ «ហេតុការណ៍នេះនឹងមិនកើតមានទេ!»។
4 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: ទ្រង់បានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកអ៊ីស្រអែលហួតហែង។ 5ខ្ញុំជម្រាបថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រអែលតូចណាស់ធ្វើម្ដេចនឹងឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ 6អុលឡោះតាអាឡាដូរចិត្ត ហើយមានបន្ទូលថា៖ «ហេតុការណ៍នេះ ក៏នឹងមិនកើតមានដែរ»។
7ទ្រង់បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺអុលឡោះជាម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ទ្រង់កាន់ខ្សែកូនតឹងមួយ។ 8អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំជម្រាបថា «ខ្ញុំឃើញខ្សែកូនតឹង»។ អុលឡោះជាម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។
9កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ
នឹងត្រូវខ្ទេចខ្ទី
ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រអែល
ក៏នឹងត្រូវវិនាសដែរ។
យើងនឹងប្រហារក្រុមគ្រួសារ
របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
ណាពីអេម៉ុសត្រូវគេដេញចេញពីទីសក្ការៈបេតអែល
10ពេលនោះ លោកអម៉ាស៊ា ជាអ៊ីមុាំនៅបេតអែល ចាត់គេឲ្យទៅជម្រាបស្តេចយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រអែលថា៖ «អេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រអែល ឲ្យបះបោរប្រឆាំងនឹងស្តេច។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ 11ដ្បិតគាត់ពោលថា “ស្តេចយេរ៉ូបោមនឹងត្រូវស្លាប់ ដោយមុខដាវ ហើយជនជាតិអ៊ីស្រអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។ 12លោកអម៉ាស៊ាពោលមកកាន់ណាពីអេម៉ុសថា៖ «នែ៎! អ្នកទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ 13កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាម៉ាស្ជិទស្តេច»។ 14ណាពីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាណាពី ឬជាសមាជិកនៃក្រុមណាពីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ 15ប៉ុន្តែ អុលឡោះតាអាឡាយកខ្ញុំពីក្រោយហ្វូងគោ ហើយទ្រង់មានបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងក្នុងនាមយើង”។ 16រីឯអ្នកវិញ អ្នកហាមខ្ញុំមិនឲ្យថ្លែងបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រអែល ហើយមិនឲ្យខ្ញុំស្ដីបន្ទោសពូជពង្សអ៊ីសាហាក់។ សូមអ្នកស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាដូចតទៅ: 17ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
Currently Selected:
ណាពីអេម៉ុស 7: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.