ណាពីអេម៉ុស 5
5
ទំនួញស្រណោះអ៊ីស្រអែល
1កូនចៅអ៊ីស្រអែលអើយ
ចូរនាំគ្នាស្ដាប់ពាក្យនេះ!
ចូរស្ដាប់ទំនួញដែលខ្ញុំច្រៀងអំពីអ្នករាល់គ្នា!
2អ៊ីស្រអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ
នាងមិនអាចក្រោកឡើងវិញបានទៀតទេ។
នាងដេកដួលនៅលើទឹកដីរបស់ខ្លួន
គ្មាននរណាលើកនាងឡើយ
3ដ្បិតអុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖
«ក្រុងរបស់អ៊ីស្រអែលដែលចាត់ទាហាន
មួយពាន់នាក់ឲ្យទៅច្បាំង
ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។
ក្រុងដែលចាត់ទាហានមួយរយនាក់
ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ
តែដប់នាក់ប៉ុណ្ណោះ!»។
4 អុលឡោះតាអាឡាមានបន្ទូលមកកាន់
កូនចៅអ៊ីស្រអែលថា៖
«ចូរស្វែងរកយើង
នោះអ្នករាល់គ្នានឹងមានជីវិត។
5កុំទៅបេតអែល កុំទៅគីលកាល
កុំទៅបៀរសេបាឡើយ
ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ
ជាឈ្លើយទាំងអស់គ្នា
រីឯបេតអែល
នឹងត្រូវគេបំផ្លាញ»។
6កូនចៅយូសុះអើយ
ចូរស្វែងរកអុលឡោះតាអាឡា
នោះអ្នករាល់គ្នានឹងមានជីវិត!
ចូរប្រយ័ត្ន ក្រែងទ្រង់ឆាបឆេះអ្នករាល់គ្នា
ហើយគ្មាននរណានៅបេតអែល
អាចនឹងពន្លត់បានឡើយ។
7អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌
ប្រែទៅជាពិសពុល
ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
8ទ្រង់បង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល
ទ្រង់ធ្វើឲ្យភាពអន្ធការ
ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ
ទ្រង់ធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត
ទ្រង់ហៅទឹកសមុទ្រមកស្រោចស្រពផែនដី
នាមរបស់ទ្រង់ គឺអុលឡោះតាអាឡា។
9ទ្រង់ធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់
ចំពោះអ្នកខ្លាំងពូកែ
ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
10ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌
ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
11អ្នករាល់គ្នាជិះជាន់ជនទុគ៌ត
ហើយរឹបអូសយកស្រូវរបស់គេ
ហេតុនេះហើយបានជាអ្នករាល់គ្នានឹង
មិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃ
ដែលអ្នករាល់គ្នាបានសង់នោះទេ។
អ្នករាល់គ្នាក៏ពុំអាចផឹក
ស្រាទំពាំងបាយជូរដ៏ឆ្ងាញ់
ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។
12«យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត
អំពើទុច្ចរិតជាច្រើន
ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ
អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត
អ្នករាល់គ្នាទទួលសំណូក
ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
13បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក
ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា
សុខចិត្តនៅស្ងៀម»។
14ចូរខិតខំស្វែងរកអំពើល្អ
កុំស្វែងរកអំពើអាក្រក់ឡើយ
នោះអ្នករាល់គ្នានឹងមានជីវិត
ហើយអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
នឹងនៅជាមួយអ្នករាល់គ្នា
ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។
15ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ
ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រហែលជា
អាណិតអាសូរដល់ពូជពង្សយូសុះ
ដែលនៅសេសសល់។
16ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
មានបន្ទូលថា៖
«មនុស្សម្នានឹងសោកសង្រេង
នៅតាមទីសាធារណៈទាំងអស់
គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា
គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ
ហើយហៅអ្នកដែលចេះយំរៀបរាប់
ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។
17ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា
មនុស្សម្នានឹងសោកសង្រេង
នៅតាមចម្ការទំពាំងបាយជូរទាំងអស់»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ថ្ងៃរបស់អុលឡោះ
18អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់អុលឡោះតាអាឡា
អ្នកនោះមុខជាវេទនាពុំខាន!
តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់អុលឡោះតាអាឡា?
ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ
គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
19ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់
គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ
ពេលរត់ទៅដល់ផ្ទះវិញ
គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
20ថ្ងៃរបស់អុលឡោះតាអាឡាជាថ្ងៃងងឹត
មិនមែនជាថ្ងៃមានពន្លឺទេ
ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
21«យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា
ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ
ដែលអ្នករាល់គ្នាប្រារព្ធដែរ។
22ពេលអ្នករាល់គ្នាយកគូរបានដុត
និងជំនូនម្សៅ មកឲ្យយើង
យើងមិនពេញចិត្តទេ
យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ
ដែលអ្នករាល់គ្នាយកមកធ្វើ
គូរបានមេត្រីភាពដែរ។
23ចូរឈប់ច្រៀងទំនុកតម្កើង
ដ៏ស្រកៀរត្រចៀកនេះទៅ!
យើងក៏មិនចង់ស្ដាប់សំឡេងពិណ
របស់អ្នករាល់គ្នាដែរ។
24ផ្ទុយទៅវិញ ចូរគោរពហ៊ូកុំទុកដូចជា
ប្រភពនៃជីវិតរបស់អ្នករាល់គ្នា
ហើយឲ្យយុត្តិធម៌ហូរចេញមក
ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។
25កូនចៅអ៊ីស្រអែលអើយ
ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន
តើអ្នករាល់គ្នាមានយកគូរបាន
និងជំនូនផ្សេងៗមកឲ្យយើងឬទេ?
26ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំ
ស៊ីគុតជាស្តេចរបស់អ្នក
និងគីយូនជាព្រះរបស់អ្នករាល់គ្នា
ព្រមទាំងរូបផ្កាយរបស់ព្រះនោះ
ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង
27យើងនឹងកៀរអ្នករាល់គ្នាទៅឆ្ងាយជាង
ក្រុងដាម៉ាស់ទៅទៀត»។
នេះជាបន្ទូលរបស់ម្ចាស់ដែលមាននាមថា
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
Currently Selected:
ណាពីអេម៉ុស 5: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.