សេផានា 1
1
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលាៗ ជាកូនអ័ម៉ារាៗជាកូនហេសេគា នៅក្នុងរាជ្យនៃយ៉ូសៀស ព្រះរាជបុត្រាអាំម៉ូន ជាស្តេចយូដា។
2ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ 3អញនឹងរំលីងទាំងមនុស្សនឹងសត្វ ក៏នឹងរំលីងទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ ព្រមទាំងរបស់អ្វីដែលនាំឲ្យរវាតចិត្ត ជាមួយនឹងពួកមនុស្សអាក្រក់ផង គឺអញនឹងកាត់ផ្តិលមនុស្សពីលើផែនដីចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 4អញនឹងលូកដៃទៅលើស្រុកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់ផ្តិលសំណល់របស់ព្រះបាល ពីទីនេះចេញ ព្រមទាំងឈ្មោះពួកអ្នកធ្វើការងារចំពោះរូបព្រះជាមួយនឹងពួកសង្ឃផង 5នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង 6ហើយពួកអ្នកដែលបានរាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា នឹងពួកអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬស៊ើបសួរតាមទ្រង់សោះ។
7ចូរឲ្យនៅស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាត់ចែងយញ្ញបូជា ទ្រង់បានរើសពួកអ្នកដែលត្រូវអញ្ជើញមកហើយ 8នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា នោះអញនឹងធ្វើទោសដល់ទាំងពួកចៅហ្វាយ នឹងពួកកូនស្តេច ហើយពួកអ្នកដែលតែងខ្លួន ដោយសំលៀកបំពាក់របស់សាសន៍ដទៃផង 9នៅថ្ងៃនោះ អញនឹងធ្វើទោសដល់ពួកអ្នកដែលលោតរំលងមេទ្វារ ហើយបំពេញផ្ទះរបស់ចៅហ្វាយគេ ដោយសេចក្ដីច្រឡោតនឹងសេចក្ដីឆបោក 10ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ នឹងឮសូរសំរែកពីទ្វារត្រី នឹងសូរទ្រហោយំពីឃុំទី២ ហើយសូរគ្រាំគ្រេងពីភ្នំទាំងប៉ុន្មាន 11ម្នាល ពួកអ្នកនៅម៉ាកថេសអើយ ចូរទ្រហោយំចុះ ពីព្រោះពួកធ្វើជំនួញទាំងប៉ុន្មានត្រូវបំផ្លាញ អស់អ្នកដែលផ្ទុកដោយប្រាក់បានត្រូវវិនាសហើយ 12នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកករបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង 13ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបជាន់ ហើយផ្ទះគេនឹងត្រូវចោលស្ងាត់ទទេ អើ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងដាំចំការទំពាំងបាយជូរ តែមិនបានផឹកអ្វីពីនោះឡើយ។
14ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ គឺឮសូរថ្ងៃនៃព្រះយេហូវ៉ាហើយ វេលានោះ ពួកមនុស្សខ្លាំងពូកែ នឹងស្រែកឡើងយ៉ាងជូរចត់ 15ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ គឺជាថ្ងៃដ៏វេទនា ហើយមានទុក្ខ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់ 16ជាថ្ងៃឮសូរត្រែ នឹងសំរែកដ៏ពន្លឹក ទាស់នឹងក្រុងដែលមានគ្រឿងការពារ ហើយទាស់នឹងកំផែងយ៉ាងខ្ពស់ 17អញនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាកឲ្យគេបានដើរដូចជាមនុស្សខ្វាក់ ដោយព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ឈាមគេនឹងត្រូវចាក់ចេញដូចជាធូលី ហើយសាច់របស់គេ ដូចជាលាមក 18ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច។
Currently Selected:
សេផានា 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.