YouVersion Logo
Search Icon

បទ​ចំរៀង 8

8
1ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​នៃ​ខ្ញុំ​ម្ចាស់​ទៅ​អេះ
ជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់
ដូច្នេះ កាល​ណា​ខ្ញុំ​ម្ចាស់​ប្រទះ​នឹង​ទ្រង់​នៅ​ខាង​ក្រៅ
នោះ​ខ្ញុំ​ម្ចាស់​នឹង​ថើប​ទ្រង់​ចេះ​តែ​បាន
ឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ផង
2ខ្ញុំ​នឹង​នាំ​ទ្រង់​ចូល​ទៅ​ក្នុង​ផ្ទះ​ម្ដាយ​របស់​ខ្ញុំ​ម្ចាស់
ម្តាយ​នឹង​បង្រៀន​ដល់​ខ្ញុំ​ម្ចាស់
ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូប
ជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ
3នោះ​ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់
ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់
4ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ
ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា
នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន
ឬ​ដាស់​ស្ងួន​សំឡាញ់​ខ្ញុំ​ឡើយ
ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។
5៙ តើ​នាង​ណា​នុ៎ះ ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថាន
កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សំឡាញ់​របស់​នាង​ដូច្នេះ។
៙ អញ​បាន​បណ្តាល​ឲ្យ​ឯង​មាន​សេចក្ដី​ស្រឡាញ់​នៅ
ក្រោម​ដើម​សារី
ជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សំរាល
ជា​ទី​ដែល​អ្នក​ឈឺ​នឹង​សំរាល​បាន​បង្កើត​ឯង​មក។
6៙ សូម​ប្តិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ទ័យ​ទ្រង់​ដូច​ជា​ត្រា
គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង
ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្ដី​ស្លាប់
ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង
មនុស្ស​ស្លាប់
ហើយ​ជំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើង
ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ
7ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្ដី
ស្រឡាញ់​បាន​ឡើយ
ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ
ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ​សម្បត្តិ​នៅ​ផ្ទះ​ខ្លួន​អស់
រលីង​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់
គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល‌ងាយ
ទទេៗ​វិញ។
8៙ យើង​មាន​ប្អូន​ស្រី​១ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ
តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង
នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង។
9៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ
បើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើ
តាត្រៅ​ឲ្យ​នាង។
10៙ ឯ​ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ជា​ប៉ម​ហើយ
តាំង​ពី​នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អ្នក​ដែល
បណ្តាល​ឲ្យ​មាន​សេចក្ដី​សុខ
11ស្តេច​សាឡូម៉ូន​ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ
នៅ​ត្រង់​បាល-ហាម៉ូន
ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ដទៃ​ធ្វើ
ដែល​ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​នាំ​យក​ប្រាក់
១​ពាន់​ដួង​មក​ថ្វាយ
ដើម្បី​ឲ្យ​បាន​ផល​ចំការ​នោះ
12ឯ​ចំការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខ
ខ្ញុំ​ម្ចាស់​នេះ​ហើយ
ឯ​ទ្រង់ ឱ​សាឡូម៉ូន​អើយ
ទ្រង់​នឹង​បាន​ប្រាក់​១​ពាន់​នោះ
ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចំការ​នឹង​បាន​ដល់​២​រយ​ដែរ
13ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ
ពួក​ភឿន​រង់‌ចាំ​ស្តាប់​សំឡេង​ឯង
សូម​ឲ្យ​អញ​បាន​ឮ​ផង។
14៙ ឱ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ
សូម​ឆាប់ៗ​ធ្វើ​ដូច​ជា​ប្រើសឬ​ក្តាន់​ស្ទាវ
នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in