បទចំរៀង 5
5
1ឱប្អូន ជាប្រពន្ធអើយ
អញបានចូលមកក្នុងសួនច្បារអញហើយ
អញបានបេះជ័រល្វីងទេស នឹងគ្រឿងក្រអូបរបស់អញ
អញបានបរិភោគសំណុំ នឹងទឹកឃ្មុំរបស់អញ
អញបានផឹកស្រាទំពាំងបាយជូរ នឹងទឹកដោះគោហើយ
ឱសំឡាញ់រាល់គ្នាអើយ ចូរពិសាចុះ
ឱមាសសំឡាញ់អើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
2៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ
នោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថា
ឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញ
ជាអ្នកបរិសុទ្ធរបស់អញអើយ
ចូរបើកទ្វារឲ្យអញផង
ដ្បិតក្បាលអញទទឹកជោកដោយសន្សើម
សរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់
3អញបានដោះអាវអញចេញហើយ ធ្វើដូចម្តេចឲ្យអញ
ពាក់វិញបាន
អញបានលាងជើងហើយ ធ្វើដូចម្តេចឲ្យអញប្រឡាក់
ទៀតបាន
4ស្ងួនសំឡាញ់ខ្ញុំក៏បញ្ចូលព្រះហស្តតាមប្រហោងទ្វារ
ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់
5ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសំឡាញ់ខ្ញុំ
គ្រឿងក្រអូបបានស្រក់ចេញពីដៃខ្ញុំ
ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំទៅលើគន្លឹះទ្វារ
6ខ្ញុំបានបើកឲ្យស្ងួនសំឡាញ់ខ្ញុំ
តែស្ងួនសំឡាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ
ក្នុងកាលដែលទ្រង់មានបន្ទូលហៅ នោះខ្ញុំមានចិត្តរំជួល
ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ
ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ
7ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង ក៏ប្រទះនឹងខ្ញុំ
គេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួស
ពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ
8ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសំឡាញ់ខ្ញុំ
នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា
ខ្ញុំឈឺដោយរោគស្រឡាញ់។
9៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ
តើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់
ណាទៀតយ៉ាងណា
បានជានាងចាប់ឲ្យយើងស្បថដូច្នេះ
តើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់
ណាទៀតយ៉ាងណាទៅ។
10៙ ស្ងួនសំឡាញ់របស់ខ្ញុំសម្បុរស មានថ្ពាល់ក្រហម
ទ្រង់ជាឯកអង្គក្នុងពួក១ម៉ឺននាក់
11ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ
ព្រះកេសាទ្រង់រំកាញ់ ហើយខ្មៅដូចសារិកា
12ព្រះនេត្រទ្រង់ដូចជាព្រាបនៅមាត់ផ្លូវទឹក
ដែលលាងដោយទឹកដោះ ហើយដាំក្នុងគ្រោង
យ៉ាងសមល្អ
13ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូប
ដូចជាដំណាំស្មៅមានក្លិនផ្អែម
ព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
14ព្រះហស្តទ្រង់ដូចជាចិញ្ចៀនមាសដាំដោយត្បូងបេរីល
ព្រះកាយទ្រង់ដូចជារចនាភ្លុកស្រោបដោយនិលរតន៍
15ព្រះបាទទ្រង់ដូចជាសសរថ្មកែវ
ដំកល់នៅលើជើងមាសនព្វគុណ
ឯភាពទ្រង់មានលំអដូចជាភ្នំល្បាណូន
វិសេសដូចជាដើមតាត្រៅ
16ព្រះឱស្ឋទ្រង់ក៏ផ្អែមក្រអូប
អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
នេះហើយជាស្ងួនសំឡាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។
Currently Selected:
បទចំរៀង 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.