YouVersion Logo
Search Icon

រ៉ូម 6

6
1ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចំរើន​ឡើង​ឬ​អី 2ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន 3តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​សុគត​នៃ​ទ្រង់​ដែរ 4ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា​ដែរ 5ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ 6ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ 7ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ 8បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ 9ដោយ​ដឹង​ថា ដែល​ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត 10ដ្បិត​ដែល​ទ្រង់​សុគត នោះ​គឺ​បាន​សុគត​ខាង​ឯ​បាប​១​ដង​ជា​សំរេច ហើយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ នោះ​ទ្រង់​រស់​ខាង​ឯ​ព្រះ​វិញ 11ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​ឯ​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។
12ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ 13ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង 14ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ។
15ដូច្នេះ ធ្វើ​ដូច​ម្តេច តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ‌គុណ មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ​ឬ​អី ទេ មិន​គួរ​ឡើយ 16តើ​អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បំរើ នឹង​ស្តាប់​តាម​ចៅហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បំរើ​របស់​ចៅហ្វាយ​នោះ​ឯង​ដែល​អ្នក​ស្តាប់​តាម ទោះ​ជា​របស់​ផង​អំពើ​បាប ឲ្យ​បាន​សេចក្ដី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្ដី​ស្តាប់​បង្គាប់ ឲ្យ​បាន​សុចរិត​ក្តី 17ឯ​អ្នក​រាល់​គ្នា ពី​ដើម​ជា​បាវ​បំរើ​របស់​អំពើ​បាប​មែន ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ឥឡូវ​នេះ បាន​ស្តាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត តាម​ក្បួន​នៃ​លទ្ធិ ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា 18ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ 19ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដី​កំសោយ​របស់​សាច់​ឈាម​នៃ​អ្នក​រាល់​គ្នា ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្ដី​ស្មោក‌គ្រោក នឹង​សេចក្ដី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្ដី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ 20ពី​ព្រោះ​កាល​ពី​ដើម ដែល​នៅ​ជា​បាវ​បំរើ​របស់​អំពើ​បាប នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​អំណាច​នៃ​សេចក្ដី​សុចរិត​ទេ 21កាល​ណោះ​តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អៀន‌ខ្មាស​វិញ ដ្បិត​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់ 22តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង 23ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

Currently Selected:

រ៉ូម 6: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in