YouVersion Logo
Search Icon

រ៉ូម 11

11
1ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឬ​អី ទេ មិន​មែន​ទេ ដ្បិត​ខ្លួន​ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល​ដែរ គឺ​ជា​ពូជ​លោក​អ័ប្រា‌ហាំ កើត​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន 2ព្រះ‌ទ្រង់​មិន​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​រឿង​ពី​លោក​អេលីយ៉ា ដែល​គម្ពីរ​ថា​ដូច​ម្តេច​ទេ​ឬ​អី គឺ​ដែល​លោក​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ថា 3«ឱ​ព្រះ‌អម្ចាស់​អើយ គេ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ហើយ​រំលំ​អាសនា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មាន​សល់​តែ​ទូលបង្គំ​១ ហើយ​គេ​រក​សំឡាប់​ទូលបង្គំ​ទៀត» 4ប៉ុន្តែ ព្រះ‌ទ្រង់​ឆ្លើយ​នឹង​លោក​យ៉ាង​ដូច​ម្តេច គឺ​ឆ្លើយ​ថា «អញ​បាន​ទុក​មនុស្ស​៧​ពាន់​នាក់​សំរាប់​អញ ដែល​មិន​បាន​លុត​ជង្គង់​នៅ​មុខ​ព្រះ‌បាល​សោះ» 5ដូច្នេះ សព្វ​ថ្ងៃ​នេះ ក៏​មាន​សំណល់​សល់​ដែល​ទ្រង់​បាន​រើស​តាំង ដោយ​ព្រះ‌គុណ​ដែរ 6ហើយ​បើ​សិន​ជា​ដោយ‌សារ​ព្រះ‌គុណ​ពិត នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ទេ ពុំ​នោះ ព្រះ‌គុណ​មិន​មែន​ជា​ព្រះ‌គុណ​ទៀត តែ​បើ​ដោយ​អាង​ការ​ប្រព្រឹត្ត​មែន នោះ​មិន​មែន​ដោយ​ព្រះ‌គុណ​ទៀត ពុំ​នោះ ការ​ប្រព្រឹត្ត​មិន​មែន​ការ​ប្រព្រឹត្ត​ទៀត​ទេ 7ដូច្នេះ តើ​ដូច​ម្តេច គឺ​ថា សេចក្ដី​ដែល​សាសន៍​អ៊ីស្រាអែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្ដី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹង‌រូស 8ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​រលីវ ភ្នែក​ដែល​មើល​មិន​ឃើញ នឹង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ» 9ហ្លួង​ដាវីឌ​ក៏​មាន​បន្ទូល​ថា «ឲ្យ​តុ​គេ​ត្រឡប់​ទៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​គេ​ចុះ គឺ​ជា​ហេតុ​ឲ្យ​វិនាស រវាត​ចិត្ត ហើយ​ជា​សំណង​ដល់​គេ​ដែរ 10ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មិន​ឲ្យ​ឃើញ​ឡើយ ហើយ​ឲ្យ​ខ្នង​គេ​ត្រូវ​បង្កោង​ជានិច្ច​ផង»។
11ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់ ឲ្យ​គ្រាន់​តែ​ដួល​ប៉ុណ្ណោះ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ដោយ‌សារ​ការ​ដួល​របស់​គេ បាន​ជា​មាន​សេចក្ដី​សង្គ្រោះ ផ្សាយ​ទៅ​ដល់​ពួក​សាសន៍​ដទៃ​វិញ ដើម្បី​បណ្តាល​ឲ្យ​គេ​ច្រណែន 12ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​លោកីយ ហើយ​សេចក្ដី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្ដី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ 13ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ដទៃ ហើយ​ពី​ព្រោះ​ខ្ញុំ​ជា​សាវក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​ដំកើង​ដល់​ការ‌ងារ​ខ្ញុំ 14ដើម្បី​នឹង​បណ្តាល​សាច់‌ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្ដី​ច្រណែន ហើយ​នឹង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន 15ដ្បិត​បើ​សិន​ជា​ការ​បោះ​បង់​ចោល​គេ​នោះ ជា​សេចក្ដី​មេត្រី​ដល់​លោកីយ​ដូច្នេះ នោះ​តើ​ការ​ទទួល​គេ​នឹង​បាន​ជា​អ្វី បើ​មិន​មែន​ជា​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។
16បើ​ម្សៅ​១​ក្តាប់​មុន​ដំបូង​ជា​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ 17ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នក​ឯង​ដែល​ជា​ដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅ​ជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯ​ទៀត 18នោះ​កុំ​ឲ្យ​អួត​នឹង​មែក​នោះ​ឡើយ តែ​បើ​អ្នក​អួត​នឹង​គេ នោះ​ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ដែល​ចិញ្ចឹម​ឫស​ទេ គឺ​ឫស​ទេ​តើ ដែល​ចិញ្ចឹម​អ្នក​វិញ 19ដូច្នេះ អ្នក​នឹង​ប្រកែក​ថា មែក​ទាំង​នោះ​ត្រូវ​កាច់​ចេញ ដើម្បី​នឹង​បំបៅ​ខ្ញុំ​វិញ 20ត្រូវ​ហើយ គេ​ត្រូវ​កាច់​ចេញ ដោយ​ព្រោះ​មិន​ជឿ ហើយ​ដែល​អ្នក​ជាប់​នៅ គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ ដូច្នេះ កុំ​ឲ្យ​ឆ្មើង‌ឆ្មៃ​ឡើយ ចូរ​ភ័យ​ខ្លាច​វិញ 21ពី​ព្រោះ បើ​ព្រះ‌ទ្រង់​មិន​បាន​សំចៃ​ទុក​នូវ​មែក​កំណើត នោះ​ក្រែង​មិន​សំចៃ​ទុក​អ្នក​ដែរ 22ដូច្នេះ ចូរ​មើល​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ប្រិត​ប្រៀប​នៃ​ព្រះ គឺ​ទ្រង់​ប្រិត​នឹង​ពួក​អ្នក​ដែល​ដួល តែ​សប្បុរស​នឹង​អ្នក​វិញ បើ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សប្បុរស​នោះ ពុំ​នោះ អ្នក​នឹង​ត្រូវ​កាត់​ចេញ​ដែរ 23ហើយ​មែក​កំណើត​ទាំង​នោះ​ដែរ បើ​គេ​លះ​សេចក្ដី​មិន​ជឿ​ចោល​ចេញ នោះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ភ្ជាប់​ជាតិ​វិញ​បាន 24ពី​ព្រោះ បើ​សិន​ជា​អ្នក​ត្រូវ​កាត់​ចេញ​ពី​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​បាន​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក​ខុស​ពី​ធម្មតា នោះ​តើ​មែក​កំណើត​ទាំង​នោះ នឹង​បាន​បំបៅ​ជាប់​នឹង​គល់​កំណើត​របស់​វា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។
25បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ខាង​ឯ​សេចក្ដី​អាថ៌‌កំបាំង​នេះ​ទេ ក្រែង​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ថា​ខ្លួន​មាន​ប្រាជ្ញា គឺ​ចង់​ឲ្យ​ដឹង​ថា សាសន៍​អ៊ីស្រាអែល​កើត​មាន​សេចក្ដី​រឹង​របឹង​ប៉ុន្មាន​ភាគ​នេះ​ទៅ​ហើយ ទាល់​តែ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​បាន​ចូល​ជឿ​គ្រប់​ចំនួន 26នោះ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា នឹង​បាន​សង្គ្រោះ​ជា​ក្រោយ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មាន​ព្រះ​ដ៏​ប្រោស​ឲ្យ​រួច ទ្រង់​នឹង​ចេញ​ពី​ស៊ីយ៉ូន​មក ទ្រង់​នឹង​បង្វែរ​សេចក្ដី​ទមិល​ល្មើស​ពី​យ៉ាកុប​ទៅ 27នោះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដែល​អញ​តាំង​នឹង​គេ ក្នុង​កាល​ដែល​អញ​បាន​ដោះ​បាប​គេ​ចេញ​ហើយ» 28ខាង​ឯ​ដំណឹង​ល្អ គេ​ជា​ខ្មាំង​សត្រូវ ដើម្បី​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​ត្រង់​សេចក្ដី​រើស​តាំង នោះ​គេ​ជា​ស្ងួន‌ភ្ងា​វិញ ដោយ​ព្រោះ​ពួក​ឰយុកោ 29ដ្បិត​ព្រះ‌ទ្រង់​មិន​ដែល​ស្តាយ​អំណោយ​ទាន​ទ្រង់ ឬ​ការ​ដែល​ទ្រង់​ហៅ​មនុស្ស​ណា​នោះ​ឡើយ 30ពី​ព្រោះ​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​បង្គាប់​ព្រះ តែ​ឥឡូវ​នេះ ទ្រង់​បាន​ផ្តល់​សេចក្ដី​មេត្តា‌ករុណា ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ពួក​នោះ​មិន​ស្តាប់​បង្គាប់​វិញ 31ដូច្នេះ ដែល​គេ​មិន​ស្តាប់​បង្គាប់​នៅ​ជាន់​នេះ នោះ​គឺ​ដើម្បី​ឲ្យ​គេ​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា ដោយ‌សារ​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ 32ដ្បិត​ព្រះ‌ទ្រង់​បាន​បង្ខាំង​ទាំង​អស់​គ្នា​ទុក​ក្នុង​សេចក្ដី​មិន​ស្តាប់​បង្គាប់ ដើម្បី​ឲ្យ​បាន​សំដែង​នូវ​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​គ្នា 33អើ​ហ្ន៎ ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះ‌ដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន 34តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន 35តើ​អ្នក​ណា​បាន​ថ្វាយ​ដល់​ទ្រង់​ជា​មុន នោះ​នឹង​បាន​ប្រគល់​មក​អ្នក​នោះ​វិញ 36ដ្បិត​របស់​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ​នៅ​អស់​‌កល្ប​ជានិច្ច អាម៉ែន។

Currently Selected:

រ៉ូម 11: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in