វិវរណៈ 9
9
1ទេវតាទី៥ក៏ផ្លុំឡើង នោះខ្ញុំឃើញផ្កាយ១ធ្លាក់ចុះពីលើមេឃមកលើផែនដី មានគេឲ្យកូនសោទីជំរៅនៃជង្ហុកធំដល់ផ្កាយនោះ 2ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ នឹងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក 3ក៏មានកណ្តូបជាច្រើនចេញពីផ្សែងមកលើផែនដី វាបានទទួលអំណាច ដូចអំណាចខ្យាដំរីដែលនៅផែនដី 4ហើយមានគេបង្គាប់ដល់វាថា កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ 5ដែលវាបានទទួលអំណាចនោះ មិនមែននឹងសំឡាប់មនុស្សទេ គឺឲ្យបានគ្រាន់តែធ្វើទុក្ខក្នុងរវាង៥ខែវិញប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះសោត ក៏បែបដូចជាខ្យាដំរីធ្វើទុក្ខ ក្នុងកាលដែលវាទិចមនុស្សដែរ 6នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្ដីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ 7កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស 8ឯសក់វា នោះដូចជាសក់របស់ស្រីៗ ហើយធ្មេញវាដូចជាធ្មេញរបស់សត្វសិង្ហ 9វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង 10វាក៏មានកន្ទុយ ហើយនឹងទ្រនិចដូចជាខ្យាដំរី ឯអំណាចវា ក៏នៅក្នុងកន្ទុយនោះ សំរាប់នឹងធ្វើទុក្ខដល់មនុស្ស អស់រវាង៥ខែ 11វាមានស្តេចត្រួតលើវាដែរ គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះហៅថា «អាបាដូន» តែតាមភាសាក្រេកហៅថា «អាប៉ុលីយ៉ូន» វិញ 12សេចក្ដីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្ដីវេទនា២យ៉ាង មកតាមក្រោយទៀត។
13ទេវតាទី៦ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនាមាស ដែលនៅចំពោះព្រះ 14ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ 15នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ នឹងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល 16ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ 17ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ នឹងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី នឹងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក 18មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្ដីវេទនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង នឹងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង 19ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់ នឹងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ 20រីឯសំណល់មនុស្សដែលមិនបានស្លាប់ ដោយសារសេចក្ដីវេទនាទាំងនោះ ក៏នៅតែមិនព្រមប្រែចិត្ត ចេញពីការដែលស្នាដៃគេធ្វើ ដើម្បីនឹងលះចោលការគោរពដល់អារក្ស នឹងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើក្តី ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះឡើយ 21ក៏មិនបានប្រែចិត្តចោលការកាប់សំឡាប់ មន្តអាគម កំផិត នឹងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ។
Currently Selected:
វិវរណៈ 9: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.