វិវរណៈ 8
8
1កាលកូនចៀមបកត្រាទី៧ នោះនៅស្ថានសួគ៌បានស្ងាត់ច្រៀប ប្រហែលជាកន្លះម៉ោង 2រួចខ្ញុំឃើញទេវតាទាំង៧ ដែលឈរនៅចំពោះព្រះ ក៏មានត្រែ៧បានប្រគល់ទៅឲ្យ 3មានទេវតា១ទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយមានគ្រឿងក្រអូបជាច្រើនបានប្រគល់ឲ្យទេវតានោះ ដើម្បីនឹងថ្វាយជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ នៅលើអាសនាមាសដែលនៅមុខបល្ល័ង្ក 4នោះផ្សែងនៃគ្រឿងក្រអូបក៏ផ្សាយឡើង ជាមួយនឹងសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញអំពីដៃនៃទេវតានៅចំពោះព្រះ 5រួចទេវតាក៏យកពាន ទៅដាក់ពេញដោយភ្លើងពីលើអាសនា បោះទៅលើផែនដី នោះកើតមានសំឡេង ផ្គរលាន់ ផ្លេកបន្ទោរ នឹងកក្រើកដី 6រួចទេវតាទាំង៧ដែលកាន់ត្រែ៧នោះ ក៏រៀបនឹងផ្លុំឡើង។
7ទេវតាទី១ក៏ផ្លុំឡើង នោះកើតមានព្រឹល ហើយភ្លើងលាយដោយឈាម បោះទៅលើផែនដី រួចផែនដី១ភាគក្នុង៣បានឆេះអស់ទៅ ព្រមទាំងដើមឈើ១ភាគក្នុង៣ដែរ នឹងស្មៅទាំងអស់ផង។
8ទេវតាទី២ក៏ផ្លុំឡើង នោះមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះជាភ្លើង បានបោះទំលាក់នៅក្នុងសមុទ្រ រួចសមុទ្រ១ភាគក្នុង៣ក៏ត្រឡប់ទៅជាឈាម 9ហើយអស់ទាំងសត្វនៅក្នុងសមុទ្រ ដែលមានជីវិតរស់ ក៏ស្លាប់អស់១ភាគក្នុង៣ ហើយអស់ទាំងនាវា ក៏ត្រូវបំផ្លាញ១ភាគក្នុង៣ដែរ។
10ទេវតាទី៣ក៏ផ្លុំឡើង នោះមានផ្កាយ១យ៉ាងធំធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ក៏ធ្លាក់ទៅលើអស់ទាំងទន្លេ១ភាគក្នុង៣ ហើយនឹងលើអស់ទាំងរន្ធទឹក 11ផ្កាយនោះឈ្មោះហៅថា «ស្លែង» ហើយទឹក១ភាគក្នុង៣បានត្រឡប់ទៅជាពុល មានមនុស្សជាច្រើនស្លាប់ ដោយសារទឹកនោះ ដ្បិតបានត្រឡប់ជាល្វីងអស់ហើយ។
12ទេវតាទី៤ក៏ផ្លុំឡើង នោះព្រះអាទិត្យ ព្រះចន្ទ នឹងផ្កាយទាំងប៉ុន្មាន បានត្រូវងងឹតទៅ១ភាគក្នុង៣ នៅពេលថ្ងៃគ្មានពន្លឺ១ភាគក្នុង៣ ពេលយប់ក៏ដូច្នោះដែរ។
13រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត។
Currently Selected:
វិវរណៈ 8: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.