ទំនុកដំកើង 90
90
ប៉ែកទី៤
សេចក្ដីអធិស្ឋានរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ។
1ឱព្រះអម្ចាស់អើយ
ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ
នៅអស់ទាំងដំណតមក
2គឺមុនដែលអស់ទាំងភ្នំបានកើតឡើង
ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី
នឹងមនុស្សលោកនៅឡើយ
ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច
នោះគឺទ្រង់ហើយជាព្រះ
3ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ
ដោយបន្ទូលថា អស់ទាំងមនុស្សជាតិអើយ
ចូរត្រឡប់វិលទៅវិញចុះ
4ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល
ដែលកន្លងហួសទៅហើយ
ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ
5ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់
ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ
នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង
6គឺនៅពេលព្រឹកវារីកផ្កា ហើយលាស់ឡើង
ដល់ល្ងាចគេត្រូវច្រូតកាត់ទៅ ហើយក៏ក្រៀមស្វិតវិញ
7ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់
ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ
8ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិត
របស់យើងខ្ញុំនៅចំពោះទ្រង់
ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង
ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង
9ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ
ដោយសេចក្ដីក្រោធនៃទ្រង់
យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
10កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ
ឬបើមានកំឡាំងច្រើន
នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ
គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ
សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ
ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ
ហើយយើងខ្ញុំហើរទៅបាត់
11តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់
នឹងសេចក្ដីក្រោធរបស់ទ្រង់
តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
12ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ
នៃយើងខ្ញុំ
ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា
13ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ
តើដល់កាលណាទៅ
សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង
14ឱសូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់
នៅពេលព្រឹក
ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង
ហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត
15សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃ
ដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយ
គឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរង
សេចក្ដីអាក្រក់នោះ
16សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់
ដល់ពួកអ្នកបំរើទ្រង់
ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង
17សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ
បានសណ្ឋិតលើយើងខ្ញុំ
ហើយតាំងការនៃដៃយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនឡើង
អើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ។
Currently Selected:
ទំនុកដំកើង 90: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.