YouVersion Logo
Search Icon

ទំនុកដំកើង 84

84
ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​ភ្លេង​គីធីត។
1ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ
អស់​ទាំង​ទី​ដែល​ទ្រង់​ស្ថិត​នៅ
នោះ​គួរ​ស្រឡាញ់​ណាស់​ហ្ន៎
2ព្រលឹង​ទូលបង្គំ​រឭក
អើ ក៏​កន្លេង​ចិត្ត ដោយ​នឹក​ដល់​ទីលាន​នៃ​ព្រះ‌យេហូវ៉ា
ចិត្ត នឹង​សាច់​ឈាម​ទូលបង្គំ
ស្រែក​អាល័យ​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ
3ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ជា​មហា‌ក្សត្រ
ហើយ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទោះ​ទាំង​ចាប​ក៏​រក​ទី​នៅ​បាន
ហើយ​សត្វ​ត្រចៀក‌កាំ ក៏​បាន​សំបុក​សំរាប់​ខ្លួន
ជា​កន្លែង​ដែល​ដាក់​កូន​បាន​ដែរ
គឺ​ជា​អាសនា​នៃ​ទ្រង់
4មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​អាស្រ័យ​នៅ
ក្នុង​ដំណាក់​ទ្រង់
គេ​នឹង​ចេះ​តែ​សរសើរ​ដល់​ទ្រង់​ជានិច្ច។ –បង្អង់
5៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កំឡាំង
របស់​ខ្លួន
ជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀបចំ​ក្នុង​ចិត្ត​ហើយ
6កាល​ណា​អ្នក​នោះ​ដើរ​កាត់​ច្រក​នៃ​សេចក្ដី​យំ​សោក
ក៏​ធ្វើ​ឲ្យ​ច្រក​នោះ​ត្រឡប់​ទៅ​ជា​ទី​មាន​ក្បាល​ទឹក​ហូរ
អើ ទឹក​ភ្លៀង​ក៏​គ្រប​ដោយ​ពរ​ដែរ
7ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កំឡាំង​ខ្លាំង​ឡើង​បណ្តើរ
គ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន
8ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
សូម​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ
ឱ​ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ បង្អង់
9៙ ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ទត​មក
សូម​មើល​ចំ​មុខ​របស់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ
10ដ្បិត​១​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ទ្រង់
នោះ​វិសេស​ជាង​១​ពាន់​ថ្ងៃ​ណា​ទៀត
ទូលបង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ
នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូលបង្គំ
ជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់
11ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះ‌អាទិត្យ
ហើយ​ជា​ខែល
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស
ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី
ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ
12ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ
មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in